ក្រសួងសុខាភិបាលវៀតណាម កាលពីថ្ងៃទី 8 កញ្ញា បានប្រកាសថា បាន និងកំពុងសហការជាមួយក្រុមហ៊ុន បារាំង ក្នុងការពិសោធលើមនុស្សដំណាក់កាលទីបី និងទទួលបច្ចេកវិទ្យាផលិតអង្គបដិប្រាណប្រភេទ polyclonal ដែលមានឈ្មោះថា XAV-19 សម្រាប់ព្យាបាលជំងឺ COVID-19។
ធាតុរាវសម្រាប់បញ្ចូលក្នុងសរសៃឈាមរបស់ XAV-19 គឺជាអង្គបដិប្រាណសម្រាប់ព្យាបាលអ្នកជំងឺ COVID-19 កម្រិតមធ្យម។ ថ្នាំនេះត្រូវបានក្រុមហ៊ុន បារាំង Xenothera អភិវឌ្ឍ ដោយយោងទៅលើបច្ចេកវិទ្យាផលិតអង្គបដិប្រាណរបស់ក្រុមហ៊ុននេះផ្ទាល់ ដែលរួមផ្សំរវាងវិស័យជាតិពន្ធុវិទ្យា និងប្រព័ន្ធស៊ាំវិទ្យា។ លទ្ធផលនៃការពិសោធលើមនុស្សដំណាក់កាលទីមួយ និងទីពីរ បង្ហាញថា «ថ្នាំមានសុវត្ថិភាព ប្រសិទ្ធភាពល្អ ក្នុងការទប់ស្កាត់មិនឱ្យជំងឺវិវឌ្ឍទៅជាធ្ងន់ធ្ងរ និងមានប្រសិទ្ធភាពក្នុងការបន្សាបវីរុស និងកាត់បន្ថយរលាក» នេះបើតាមក្រសួងសុខាភិបាល។
ថ្នាំ XAV-19 ក៏មានប្រសិទ្ធភាពក្នុងការទប់ទល់នឹងវីរុសបំប្លែងថ្មីនានារបស់ COVID-19 ដែលត្រូវបានរកឃើញកន្លងមក។ ថ្នាំនេះក៏អាចបង្កើតភាពស៊ាំភ្លាមៗ និងរារាំងវីរុសជ្រៀតចូលក្នុងកោសិកា។
XAV-19 កំពុងត្រូវបានពិសោធលើមនុស្សដំណាក់កាលទីបី នៅប្រទេសបារាំង និងប្រទេសមួយចំនួននៅអឺរ៉ុប។ ថ្នាំនេះក៏នឹងត្រូវបានផ្គត់ផ្គង់នៅប្រទេសបារាំង បន្ទាប់ពីទទួលបានការអនុម័តឱ្យប្រើប្រាស់បន្ទាន់។
អ្នកស្រី Odile Duvaux ប្រធានក្រុមហ៊ុន Xenothera ឱ្យដឹងថា ក្រុមហ៊ុននេះបានត្រៀមខ្លួនសហការពិសោធលើមនុស្សដំណាក់កាលទីបីនៅ វៀតណាម និងផ្ទេរបច្ចេកវិទ្យាក្នុងការផលិត។ ចំណែកអនុរដ្ឋមន្ត្រីសុខភិបាល វៀតណាម Tran Van Thuan អះអាងថា វៀតណាម ក៏បានត្រៀមខ្លួនជាស្រេច ក្នុងកិច្ចសហការនេះផងដែរ៕