ប្រទេសចិន បានចាក់វ៉ាក់សាំងបង្ការ COVID-19 ជាង 2 ពាន់លានដូស ដោយប្រើប្រាស់ផលិតផលក្នុងស្រុក ក្នុងនោះមានជាង 969 លាននាក់បានទទួលការចាក់រួចរាល់។
លោក Mi Feng អ្នកនាំពាក្យរបស់គណៈកម្មការសុខាភិបាលជាតិចិន (NHC) បានឱ្យដឹងថា គិតត្រឹមថ្ងៃទី 6 កញ្ញា ប្រទេសចិន បានចាក់វ៉ាក់សាំង COVID-19 ជាង 2.11 ពាន់លានដូស។ ប្រទេសនេះកំពុងប្រើប្រាស់វ៉ាក់សាំងចំនួន 7 ប្រភេទ ដើម្បីចាក់ឱ្យពលរដ្ឋ។
អ្នកនាំពាក្យខាងលើឱ្យដឹងថា ពលរដ្ឋជាង 969.9 លាននាក់បានទទួលការចាក់វ៉ាក់សាំងរួចរាល់។ ក្នុងចំណោមវ៉ាក់សាំងបង្ការ COVID-19 ទាំង 7 ប្រភេទដែល ចិន ពុងប្រើប្រាស់ មាន 5 ប្រភេទចាក់ 2 ម្ជុលគឺរួចរាល់, 1 ប្រភេទចាក់តែ 1 ម្ជុល និង 1 ប្រភេទចាក់ 3 ម្ជុល។
កាលពីខែកក្កដា និងខែសីហា ចិនបានចាក់វ៉ាក់សាំងប្រហែល 13 លានដូសជារៀងរាល់ថ្ងៃ ទាបជាងមធ្យមភាគ 19 លានដូសក្នុងមួយថ្ងៃកាលពីខែមិថុនា។ ប្រទេសនេះគ្រោងនឹងចាក់វ៉ាក់សាំងបង្ការ COVID-19 ដល់ពលរដ្ឋ 1.1 ពាន់លាននាក់រួចរាល់ នៅចុងខែតុលាខាងមុខ។
ក្រុមអ្នកជំនាញផ្នែកសុខាភិបាលយល់ថា ប្រទេសចិនត្រូវការចាក់វ៉ាក់សាំងដល់ពលរដ្ឋឱ្យបានច្រើនជាង 80% ដើម្បីទទួលបានភាពស៊ាំក្នុងសង្គម ដែលនេះប្រហាក់ប្រហែលនឹង 1.12 ពាន់លាននាក់ នៅក្នុងចំណោមប្រជាជនចិន សរុបជាង 1.4 ពាន់លាននាក់។
ប្រទេសចិន បានផ្គត់ផ្គង់វ៉ាក់សាំង COVID-19 ប្រមាណ 1 ពាន់លានដូសដល់ពិភពលោក។ ប្រធានាធិបតី ស៊ី ជីនពីង កាលពីខែមុនបានអះអាងថា ប្រទេសនេះនឹងព្យាយាមបញ្ជូនវ៉ាក់សាំងឱ្យបាន 2 ពាន់លានដូសដល់បណ្ដាប្រទេស នៅក្នុងឆ្នាំ 2021៕