ការសិក្សាស្រាវជ្រាវមួយដែលផ្សាយនៅលើទំព័រ Medrxiv បានព្រមានថា COVID-19 ប្រភេទបំប្លែងថ្មីដែលមានឈ្មោះថា Mu អាចកាត់បន្ថយប្រសិទ្ធភាពរបស់វ៉ាក់សាំង និងអាចធ្វើឱ្យអ្នកជំងឺ ប្រឈមនឹងហានិភ័យត្រូវចូលពេទ្យខ្ពស់។
ក្រោយការតាមដានរយៈពេល 8 ខែ ចុងក្រោយ វ៉ារ្យ៉ង់មួយប្រភេទរបស់ COVID-19 ដែលរកឃើញដំបូងនៅ កូឡុំប៊ី កាលពីខែមករា ត្រូវបាន WHO បញ្ចូលឈ្មោះទៅក្នុងបញ្ជីនៃក្រុមវីរុសបំប្លែងខ្លួនថ្មីដែលគួរឱ្យយកចិត្តទុកដាក់។
វ៉ារ្យ៉ង់ថ្មីនេះ ត្រូវបានអង្គការសុខភាពពិភពលោក ដាក់ឈ្មោះថា Mu និងចាត់វាទៅក្នុងក្រុមវីរុសបំប្លែងថ្មីដែលមានគ្រោះថ្នាក់ប្រហាក់ប្រហែលគ្នានឹង Lambda, Kappa, Iota និង Eta។ នៅលំដាប់ខ្ពស់ជាងនេះមួយថ្នាក់ គឺមានបណ្ដាវ៉ារ្យ៉ង់ដែលគួរឱ្យព្រួយបារម្ភ រួមមាន Alpha, Beta, Gamma និង Delta។
វ៉ារ្យ៉ង់ Mu បានបង្ហាញវត្តមាននៅក្នុងប្រទេសជាង 40 រួចមកហើយ។ Mu ត្រូវបានរកឃើញច្រើននៅក្នុងបណ្ដាប្រទេសនៅទ្វីបអាមេរិកខាងត្បូង រួមមាន ប៉េរូ, អ៊ុយរ៉ាហ្គាយ, បូឡាវី និង ប៉ារ៉ាហ្គាយ។ ក្រៅពីនេះ វាក៏ត្រូវបានរកឃើញនៅ អេស្ប៉ាញ, បារាំង និង សហរដ្ឋអាមេរិក។ ថ្មីៗនេះ Mu ក៏បង្ហាញវត្តមាននៅ ជប៉ុន ផងដែរ។
មូលហេតុដែលនាំឱ្យ WHO ចាត់ Mu ទៅក្នុងបញ្ជីនៃក្រុមវ៉ារ្យ៉ង់ ដែលគួរឱ្យយកចិត្តទុកដាក់គឺដោយសារវាបានឆ្លងផុតស្ដង់ដាកំណត់របស់ WHO៖
1-មានការប្រែប្រួលហ្សែនដែលត្រូវបានគេព្យាករ ឬដឹងថា នឹងប៉ះពាល់ដល់ចំនុចពិសេសរបស់វីរុស ដូចជា លទ្ធភាពនៃការឆ្លងរាលដាល, កម្រិតនៃភាពធ្ងន់ធ្ងររបស់ជំងឺ និងអាចគេចពីប្រព័ន្ធការពាររាងកាយ។ល។
2-បង្កើតជាការឆ្លងរាលដាលខ្លាំងក្នុងសហគមន៍ នៅក្នុងប្រទេសជាច្រើន ជាមួយនឹងអត្រាឆ្លងកាន់តែច្រើនឡើងទៅតាមពេលវេលា។
3-អាចប៉ះពាល់ដល់ផ្នែករោគឆ្លងយ៉ាងច្បាស់ផ្សេងទៀត ដែលអាចបញ្ជាក់អំពីហានិភ័យថ្មីចំពោះសុខភាពសាធារណៈនៅទូទាំងសកលលោក។
តើ Mu ទប់ទល់នឹងវ៉ាក់សាំង បាន ឬទេ?
ការពិសោធរបស់ក្រុមអ្នកវិទ្យាសាស្ត្រអ៊ីតាលី បានបង្ហាញថា «Mu នៅតែត្រូវបានគ្រប់គ្រងដោយវ៉ាក់សាំង Pfizer»។ ប៉ុន្តែ អ្នកវិទ្យាសាស្ត្រ បញ្ជាក់ថា អង្គបដិប្រាណដែលវ៉ាក់សាំងបង្កើតឡើងចំពោះ Mu គឺមានកម្រិតទាបជាង បើធៀបនឹងវីរុស COVID-19 ប្រភេទដំបូង។
តើ Mu ងាយស្រួលឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ ឬទេ?
មកដល់បច្ចុប្បន្ន នៅមានការសិក្សាស្រាវជ្រាវតិចតួចនៅឡើយ អំពីវ៉ារ្យ៉ង់ Mu។ ដូច្នេះ អ្នកវិទ្យាសាស្ត្រពិបាកវាយតម្លៃលើសមត្ថភាពនៃការឆ្លងរាលដាលរបស់វា។
បើទោះជា Mu មិនទាន់មានលក្ខណៈដូចទៅនឹងវ៉ារ្យ៉ងដែលគួរឱ្យខ្លាច ដូចជា Delta ប៉ុន្តែ អ្នកស្រាវជ្រាវឱ្យដឹងថា WHO គួរតែតាមដានវាឱ្យបានម៉ត់ចត់៕