អង្គការសុខភាពពិភពលោក (WHO) បានបើកសម្ពោធមជ្ឈមណ្ឌលស៊ើបការណ៍ស្ដីពីរោគរាតត្បាតនៅរដ្ឋធានី ប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ក្នុងបំណងជួយព្យាករបានឆាប់រហ័សអំពីមហារោគរាតត្បាតនាពេលអនាគត។
ប្រធានអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus និងនាយករដ្ឋមន្ត្រីអាល្លឺម៉ង់ Angela Merkel បានចូលរួមពិធីសម្ពោធមជ្ឈមណ្ឌលស៊ើបការណ៍រោគរាតត្បាត នៅរដ្ឋធានី ប៊ែរឡាំង កាលពីថ្ងៃទី 1 កញ្ញា។
មជ្ឈមណ្ឌលខាងលើនេះគឺជាកន្លែងប្រមូលផ្ដុំអ្នកវិទ្យាសាស្ត្រ និងជាទីសម្រាប់ធ្វើការគូសវាសគោលនយោបាយសកល ត្រូវបានបង្កើតឡើងដើម្បីវិភាគទិន្នន័យបានលឿន ក្នុងបំណងព្យាករ ទប់ស្កាត់ រកឃើញ ត្រៀម និងទប់ទល់នឹងរាល់ហានិភ័យនៃការផ្ទុះឆ្លងរាលដាលវីរុស នៅទូទាំងពិភពលោក។
លោក Tedros និយាយថា «វីរុសឆ្លងរាលដាលលឿន ប៉ុន្តែ ទិន្នន័យអាចបញ្ជូនបានលឿនជាងវីរុស។ ជាមួយនឹងព័ត៌មានសមស្រប បណ្ដាប្រទេស និងសហគមន៍ នឹងអាចទប់ទល់នឹងហានិភ័យថ្មីដែលទើបបានកើតឡើង និងសង្គ្រោះមនុស្សបានទាន់ពេល»។
មេដឹកនាំមជ្ឈមណ្ឌលនេះគឺលោក Chikwe Ihekweazu ប្រធានមជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងរបស់ប្រទេស នីហ្សេរីយ៉ា។ ក្នុងរយៈពេល 3 ឆ្នាំដំបូង មជ្ឈមណ្ឌលស៊ើបការណ៍នេះនឹងត្រូវបានរដ្ឋាភិបាលអាល្លឺម៉ង់ ឧបត្ថម្ភមួយផ្នែកដែលមានតម្លៃប្រមាណ 100 លានដុល្លារអាមេរិក។ ទីស្នាក់ការនៃមជ្ឈមណ្ឌលនេះ បច្ចុប្បន្នស្ថិតនៅក្នុងរដ្ឋធានីប៊ែរឡាំង។
នាយករដ្ឋមន្ត្រី Merkel សង្ឃឹមថា មជ្ឈមណ្ឌលថ្មីនេះនឹងជួយពិភពលោក «ត្រៀមខ្លួនបានល្អជាងមុន សម្រាប់ទប់ទល់នឹងជំងឺរាតត្បាតនាពេលអនាគត»៕