ក្រុមអ្នកវិទ្យាសាស្ត្រកំពុងប្រឹងប្រែងក្នុងការអភិវឌ្ឍវ៉ាក់សាំង COVID-19 ដែលអាចទប់ស្កាត់រាល់វ៉ារ្យ៉ងបំប្លែងថ្មីដ៏គ្រោះថ្នាក់នៃវីរុស COVID-19 ហើយពួកគេកំពុងតែឈានជិតដល់គោលដៅនៃការផលិតបានវ៉ាក់សាំងប្រភេទនេះ។
ការធ្វើតេស្តលើមនុស្ស ចំពោះវ៉ាក់សាំង COVID-19 សកល («universal» COVID-19 vaccine)
សារព័ត៌មាន Fortune បានចេញផ្សាយថា សម្ព័ន្ធសម្រាប់ការច្នៃប្រឌិតលើការត្រៀមបង្ការរោគរាតត្បាត CEPI (Coalition for Epidemic Preparedness Innovations) ថ្មីៗនេះ បានយល់ព្រមផ្ដល់ប្រាក់ឧបត្ថម្ភ 20.6 លានដុល្លារ ដល់ក្រុមហ៊ុនបច្ចេកវិទ្យាជីវសាស្ត្រ Gritstone ដែលមានទីស្នាក់ការកណ្ដាលនៅក្នុងទីក្រុង Emeryville រដ្ឋ California (សហរដ្ឋអាមេរិក) ដើម្បីជួយឱ្យពួកគេពិសោធវ៉ាក់សាំងបង្ការ COVID-19 ថ្មីមួយប្រភេទដែលហៅថា វ៉ាក់សាំងបង្ការ COVID-19 សកល (universal COVID-19 vaccine)។
CEPI គឺជាស្ថាប័នសហប្រតិបត្តិរវាងបណ្ដាប្រទេសក្នុងពិភពលោក និងបណ្ដាអង្គការក្រៅរដ្ឋាភិបាល ក្នុងបំណងបង្កើតបានយន្តការទប់ទល់រហ័សនឹងរោគរាតត្បាត។ COVID-19 គឺជាការពិសោធជាក់ស្ដែងដំបូងរបស់អង្គការដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ 2016 នេះ។
លោក Richard Hatchett នាយកប្រតិបត្តិរបស់ CEPI ឱ្យដឹងថា៖ «បណ្ដាវ៉ារ្យ៉ង់របស់ COVID-19 ធ្វើឱ្យវ៉ាក់សាំងមួយចំនួនរបស់យើង មានប្រសិទ្ធភាពតិចតូច ដូច្នេះ ប្រការសំខាន់គឺយើងមិនត្រូវបណ្ដែតបណ្ដោយ។ យើងត្រូវបន្តវិនិយោគទៅលើការស្រាវជ្រាវ និងអភិវឌ្ឍវ៉ាក់សាំង បើសិនជាចង់ដើរឱ្យបានមុនវីរុសកាចសាហាវនេះ»។
ខ្ទង់ប្រាក់ឧបត្ថម្ភថ្មីបំផុតនេះ នឹងជួយឱ្យក្រុមហ៊ុន Gritstone ធ្វើការពិសោធដំបូងនៅលើមនុស្ស នៅក្នុងទ្វីបអាហ្វ្រិក ដោយប្រើប្រាស់វ៉ាក់សាំងបង្ការ COVID-19 ដែលក្រុមហ៊ុននេះបានអភិវឌ្ឍ។ នៅក្នុងប្រកាសមួយកាលពីថ្ងៃទី 18 សីហា Gritstone ឱ្យដឹងថា ការពិសោធលើមនុស្សនេះនឹងចាប់ផ្ដើមនៅមុនដំណាច់ឆ្នាំ 2021។
យោងតាមផ្នែកខ្លះនៃកិច្ចព្រមព្រៀងថ្មីរវាង CEPI និងក្រុមហ៊ុន Gritstone បានចែងថា បើសិនពួកគេទទួលបានជោគជ័យក្នុងការអភិវឌ្ឍវ៉ាក់សាំង COVID-19 មួយប្រភេទដែលអាចទប់ស្កាត់រាល់វីរុសបំប្លែងថ្មីរបស់ COVID-19 នោះវ៉ាក់សាំងនេះនឹងត្រូវបានផ្គត់ផ្គង់ដល់ពិភពលោកទាំងមូល តាមរយៈយន្តការ COVAX ដែលជាស្ថាប័នផ្គត់ផ្គង់វ៉ាក់សាំងសកល របស់ CEPI, GAVI និង WHO។ ប្រការនេះមានន័យថា បណ្ដាប្រទេសកំពុងអភិវឌ្ឍ មានឱកាសក្នុងការទទួលយកវ៉ាក់សាំងនេះផងដែរ។
Gritstone មិនមែនជាក្រុមហ៊ុនតែមួយដែលកំពុងអភិវឌ្ឍ «វ៉ាក់សាំង COVID-19 សកល» ដែលប្រើប្រាស់បច្ចេកវិទ្យាជីវសាស្ត្រនោះទេ។ ក្រុមហ៊ុនជាច្រើនផ្សេងទៀត ក៏កំពុងញាប់ដៃ ញាប់ជើងក្នុងការស្រាវជ្រាវរកវ៉ាក់សាំងប្រភេទនេះ ក្នុងនោះមានដូចជា ក្រុមហ៊ុន myNEO របស់ បែលហ្ស៊ិក ក៏ដូចជាក្រុមជំនាញដាច់ដោយឡែក មកពីវិទ្យាស្ថានស្រាវជ្រាវយោធា Water Reed (សហរដ្ឋអាមេរិក), សាកលវិទ្យា Duke និងសាកលវិទ្យាល័យ Carolina ខាងជើង (សហរដ្ឋអាមេរិក) ផងដែរ។
ភាពខុសគ្នារវាងបច្ចេកវិទ្យារបស់ Gritstone និងបណ្ដាក្រុមហ៊ុនផលិតវ៉ាក់សាំងក្នុងពិភពលោក
បច្ចេកវិទ្យា messenger ribonucleic acid (mRNA) របស់ Gritstone គឺដូចទៅនឹងបច្ចេកវិទ្យាដែលត្រូវបានក្រុមហ៊ុន Pfizer/BioNTech និង Moderna ប្រើប្រាស់ក្នុងការអភិវឌ្ឍវ៉ាក់សាំងបង្ការ COVID-19 របស់ពួកគេ។ ប៉ុន្តែ មានភាពខុសគ្នាមួយចំនួនដ៏សំខាន់៖ បណ្ដាវ៉ាក់សាំង mRNA ដែលមានបច្ចុប្បន្ន ជំរុញឱ្យកោសិការបស់រាងកាយ ផលិតតែ ប្រូតេអ៊ីន មួយមុខប៉ុណ្ណោះ (ប្រូតេអ៊ីនបន្លាដែលវីរុស COVID-19 ប្រើប្រាស់ដើម្បីវាយប្រហារទៅលើកោសិកា)។ ប្រការនេះ បានធ្វើឱ្យវ៉ាក់សាំងដែលមានបច្ចុប្បន្ន ងាយរងរបួសនៅចំពោះមុខការវិវឌ្ឍរបស់ប្រូតេអ៊ីនបន្លា ដូចដែលបានឃើញនៅក្នុងបណ្ដាវ៉ារ្យ៉ង់ថ្មីរបស់វីរុស COVID-19 ក្នុងនោះមាន Delta ជាដើម។
ទន្ទឹមនឹងប្រូតេអ៊ីនបន្លាខាងលើ វ៉ាក់សាំងរបស់ Gritstone នឹងណែនាំឱ្យកោសិកា ផលិតបណ្ដាប្រូតេអ៊ីនផ្សេងៗដែលមានទំនាក់ទំនងជាមួយវីរុស ដើម្បីជួយការពារវ៉ាក់សាំងពីប្រូតេអ៊ីនបន្លាដែលបានវិវឌ្ឍ។
ចំនុចខុសប្លែកពិសេសជាងនេះ នោះគឺ Gritstone កំពុងស្រាវជ្រាវលើការប្រើប្រាស់ធាតុមួយដែលត្រូវបានហៅថា វ៉ាក់សាំង «mRNA ស្វ័យបង្កើន» (SAM)។ ក្នុងគ្រាដែលវ៉ាក់សាំង mRNA បច្ចុប្បន្ន គ្រាន់តែអាចជំរុញឱ្យកោសិកាផលិតប្រូតេអ៊ីនវីរុសក្នុងចំនួនកំណត់ វ៉ាក់សាំង SAM របស់ Gritstone នឹង «បញ្ឆោត» ឱ្យកោសិកាផលិតកំណែចម្លងជាច្រើននៃប្រូតេអ៊ីនជាក់លាក់ណាមួយ។ ប្រការនេះមានន័យថា វ៉ាក់សាំងតិចតួចប៉ុណ្ណោះ អាចបង្កើតបានអង្គបដិប្រាណដ៏ខ្លាំងក្លាជាងបច្ចុប្បន្ន ហើយអាចកាត់បន្ថយតម្រូវការនៃការចាក់វ៉ាក់សាំងដូសទីពីរ និងដូសរំលឹក។
បញ្ហាប្រឈមរបស់ក្រុមហ៊ុន Gritstone
ក្រុមអ្នកវិទ្យាសាស្ត្រមួយចំនួន មានការព្រួយបារម្ភចំពោះវិធីដែល Gritstone កំពុងប្រើប្រាស់ដើម្បីផលិតវ៉ាក់សាំង។ វ៉ាក់សាំងរបស់ Gritstone អាចបង្ខំឱ្យកោសិកាបញ្ចេញអង្គបដិប្រាណច្រើនហួសក្នុងពេលតែមួយ ប្រការនេះអាចកាត់បន្ថយកម្លាំងនៃយន្តការ mRNA ក៏ដូចជាដំណើរការនៃការផលិតប្រូតេអ៊ី របស់កោសិកា នាំឱ្យវ៉ាក់សាំងមានប្រសិទ្ធភាពទាប ហើយប្រព័ន្ធភាពស៊ាំរបស់រាងកាយ មានលក្ខណៈស្ដើងជាងមុន។
យ៉ាងណាក៏ដោយ ឡារ៉ែន (Lareine) សង្ឃឹមថា វ៉ាក់សាំង SAM របស់ Gritstone នឹងទទួលបានជោគជ័យឆាប់ៗ ដើម្បីជួយលុបបំបាត់វីរុស COVID-19 ឱ្យអស់ពីផែនដី៕