ក្នុងកាលៈទេសៈដែលតួលេខនៃស្ត្រីមានផ្ទៃពោះស្លាប់ដោយសារ COVID-19 ចេះតែកើនឡើង ក្រសួងសុខាភិបាលប្រទេស ម៉ាឡេស៊ី បានអំពាវនាវដល់ក្រុមគោលដៅនេះ ទៅទទួលការចាក់វ៉ាក់សាំង ដើម្បីការពារអាយុជីវិតផ្ទាល់ខ្លួន និងកូនក្នុងផ្ទៃ។
វេជ្ជបណ្ឌិត Noor Hisham Abdullah ដែលជាមន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាល បានឱ្យដឹងថា ស្ត្រីមានផ្ទៃពោះប្រមាណជា 40% បានចុះឈ្មោះចាក់វ៉ាក់សាំងតាមរយៈកម្មវិធីទូរស័ព្ទ MySejahtera។ លោក Noor សង្កត់ធ្ងន់ថា អត្រានេះ នៅតែទាប ដូច្នេះ ស្ត្រីមានផ្ទៃពោះជាច្រើននៅតែមានហានិភ័យឆ្លង COVID-19។
លោក Noor ក៏បានស្នើឱ្យស្ត្រីមានផ្ទៃពោះ ទៅចាក់វ៉ាក់សាំងឱ្យបានរួចរាល់ មុនពេលឈាមចូលដល់ដំណាក់កាលចុងក្រោយនៃវដ្ដរបស់គភ៌។
ចាប់តាំងពីការផ្ទុះឆ្លងរាលដាលរបស់ COVID-19 ប្រទេសម៉ាឡេស៊ី មានស្ត្រីពពោះចំនួន 70 នាក់ បានស្លាប់ដោយសារឆ្លងវីរុសនេះ។ ក្នុងនោះមាន 17 នាក់ បានស្លាប់នៅក្នុងខែមិថុនា ហើយក្នុងនោះក៏មាន 15 ករណីមិនទាន់បានចាក់វ៉ាក់សាំង និង 2 ករណីទើបតែបានចាក់ដូសទីមួយ។
ទិន្នន័យរបស់ក្រសួងសុខាភិបាលនៃប្រទេសម៉ាឡេស៊ី បានឱ្យដឹងថា ចាប់ពីខែមីនា ឆ្នាំ 2020 ដល់ខែមិថុនា ឆ្នាំ 2021 ស្ត្រីមានផ្ទៃពោះចំនួន 3,396 នាក់ បានឆ្លង COVID-19។
យោងតាមអង្គការសុខភាពពិភពលោក ស្ត្រីមានផ្ទៃពោះ មានហានិភ័យឆ្លង COVID-19 ធ្ងន់ធ្ងរ និងត្រូវការចូលមន្ទីរពេទ្យ ព្យាបាលទៅតាមស្ដង់ដាពិសេស ហើយអត្រានៃការប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើម ក៏ខ្ពស់ជាង ធៀបនឹងស្ត្រីមិនមានផ្ទៃពោះ។
នៅ សហរដ្ឋអាមេរិក ក្រុមមន្ត្រីសុខាភិបាល ក៏បានអំពាវនាវ និងជំរុញឱ្យស្ត្រីមានផ្ទៃពោះ ទៅទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 ដោយបញ្ជាក់ថា ទិន្នន័យនៃការស្រាវជ្រាវនានាបង្ហាញថា វ៉ាក់សាំង COVID-19 មិនធ្វើឱ្យហានិភ័យនៃបញ្ហារលូតកូន កើនឡើងនោះទេ។
Rochelle Walensky ប្រធានមជ្ឈមណ្ឌលគ្រប់គ្រង និងទប់ស្កាត់ជំងឺឆ្លង (CDC) របស់ សហរដ្ឋអាមេរិក កាលពីថ្ងៃទី 11 សីហា បានឱ្យដឹងថា ស្ថាប័ននេះ «លើកទឹកចិត្តដល់ស្ត្រីដែលកំពុងមានផ្ទៃពោះ ស្ត្រីកំពុងគិតដល់ការមានផ្ទៃពោះ និងស្ត្រីកំពុងបំបៅដោះកូនទាំងអស់ អញ្ជើញទៅចាក់វ៉ាក់សាំង ដើម្បីការពារខ្លួនពីវីរុស COVID-19»៕