សាកលវិទ្យាល័យពាណិជ្ជកម្ម Jang Chol Gu នៅរដ្ឋធានី ព្យុងយ៉ាង ប្រទេស កូរ៉េខាងជើង បាន និងកំពុងអនុវត្តវិធានការយ៉ាងតឹងរ៉ឹង ដើម្បីប្រយុទ្ធប្រឆាំងនឹង COVID-19។
ទីភ្នាក់ងារសារព័ត៌មានបារាំង AFP បានធ្វើបទយកការណ៍ខ្លីមួយ ស្ដីពីយុទ្ធនាការទប់ស្កាត់ COVID-19 នៅក្នុងសាកលវិទ្យាល័យពាណិជ្ជកម្ម Jang Chol Gu។
សាកលវិទ្យាល័យ Jang Chol Gu នារដ្ឋធានីព្យុងយ៉ាង បាន និងកំពុងតែអនុវត្តគ្រប់វិធានការ ដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរាលដាលរបស់វីរុស COVID-19។
ចំនួនអ្នកឆ្លង COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ជាង 200 លាននាក់ ក្នុងនោះមានអ្នកស្លាប់ជាង 4 លាននាក់។ An Jong Choi ជាអ្នកត្រួតពិនិត្យលើការបាញ់ថ្នាំសម្លាប់វីរុសនៅក្នុងសាលាសាកលវិទ្យាល័យ Jang Chol Gu បាននិយាយថា៖ «ក្នុងគ្រានេះ ខ្ញុំគិតថា ការគំរាមកំហែងធំបំផុត នោះគឺការមើលស្រាលបញ្ហា ការមិនយកចិត្តទុកដាក់ ភាពធូររលុងនៅក្នុងយុទ្ធនាការប្រឆាំងរោគរាតត្បាត»។
និស្សិតដែលសិក្សានៅសាកលវិទ្យាល័យនេះ សុទ្ធតែគាំទ្រ និងអនុវត្តតាមវិធានការទប់ស្កាត់ COVID-19 របស់សាលា។ និស្សិតម្នាក់ឈ្មោះ Cha Jin Myong បានប្រាប់ AFP ថា៖ «យើងគ្រប់គ្នាសុទ្ធតែត្រូវយល់ច្បាស់អំពីសារប្រយោជន៍នៃការវាស់កំដៅរាងកាយ ការលាងសម្អាតដៃ និងការចូលរួមធ្វើយុទ្ធនាការទប់ស្កាត់វីរុស»។
គិតមកដល់បច្ចុប្បន្ន ប្រទេសកូរ៉េខាងជើង មិនទាន់មានករណីវិជ្ជមាននឹង COVID-19 ណាមួយ ដែលត្រូវបានរកឃើញនៅឡើយ៕