(ភ្នំពេញ)៖ វ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុន Sinovac ចំនួន 3 លានដូសបន្ថែមទៀត ដែល កម្ពុជា បានបញ្ជាទិញពីប្រទេសចិន នឹងដឹកមកដល់ កម្ពុជា នៅព្រឹកថ្ងៃទី 12 សីហា 2021។ នេះបើតាម លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល។
បច្ចុប្បន្ន កម្ពុជា បាន និងកំពុងប្រើប្រាស់វ៉ាក់សាំងបង្ការ COVID-19 4 ប្រភេទ និងមានចំនួនប្រមាណ 20 លានដូស ក្នុងនោះរួមមាន វ៉ាក់សាំង Sinopharm (ចិន), Sinovac (ចិន), AstraZeneca (អង់គ្លេស) និងវ៉ាក់សាំង Johnson & Johnson (សហរដ្ឋអាមេរិក)។ វ៉ាក់សាំងទាំងនេះ មួយចំនួនជាជំនួយទ្វេភាគី មួយចំនួនជាជំនួយតាមរយៈយន្តការ COVAX និងមួយផ្នែកទៀតគឺជាការបញ្ជាទិញរបស់ កម្ពុជា។
ការចាក់វ៉ាក់សាំងនៅកម្ពុជា គិតត្រឹមព្រឹកព្រលឹមថ្ងៃទី 12 ខែសីហា ឆ្នាំ 2021 នេះ រួមមាន៖ អាយុ 18 ឆ្នាំឡើងទៅ (ពលរដ្ឋគោលដៅ 10 លាននាក់) ចាក់បាន 81.16% ចំណែកពលរដ្ឋ អាយុ 12-17 ឆ្នាំ (ពលរដ្ឋគោលដៅ ជិត 2 លាននាក់) ចាក់បាន 20.52%។ ជាសរុប ការចាក់វ៉ាក់សាំងជូនពលរដ្ឋគោលដៅ 16 លាននាក់ នៅទូទាំងប្រទេស សម្រេចបាន 53.25%។
ជាងនេះ បច្ចុប្បន្ន កម្ពុជា ក៏បានចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី 3 ជូនក្រុមការងារនៅជួរមុខ និងក្រុមពលរដ្ឋអាទិភាពតាមក្រសួងស្ថាប័ននានាផងដែរ៕