គិលានុបដ្ឋាកម្នាក់នៅប្រទេស អាល្លឺម៉ង់ ត្រូវបានគេសង្ស័យថាជាអ្នកបានបន្លំវ៉ាក់សាំង COVID-19 រាប់ពាន់ដប ដោយដាក់ទឹកអំបិល ជំនួស។
បុគ្គលិកសុខាភិបាលម្នាក់ ដែលធ្វើការឱ្យកាកបាទក្រហម របស់ អាល្លឺម៉ង់ ត្រូវបានគេសង្ស័យថា បានចាក់ទឹកអំបិល saline (Sodium Chloride) ឱ្យប្រជាជន ជំនួសឱ្យការចាក់វ៉ាក់សាំងបង្ការ COVID-19 នៅក្នុងមជ្ឈមណ្ឌលចាក់វ៉ាក់សាំងមួយ ក្នុងខេត្ត Friesland កាលពីដើមឆ្នាំ 2021។
Sven Ambrosy ដែលជាសមាជិកក្រុមប្រឹក្សាមូលដ្ឋាន កាលពីថ្ងៃទី 10 សីហា បានឱ្យដឹងថា មនុស្សប្រហែល 8,600 នាក់ ទំនងជាបានរងផលប៉ះពាល់ដោយសារអំពើបន្លំនេះ។ ក្រុមមន្ត្រីសុខាភិបាល កំពុងតែអំពាវនាវឱ្យពលរដ្ឋដែលរងផលប៉ះពាល់ទាំងនេះ ទៅចាក់វ៉ាក់សាំងជាថ្មី។ Sven Ambrosy និយាយថា៖ «ខ្ញុំពិតជាភ្ញាក់ផ្អើលណាស់ នៅពេលបានដឹងហេតុការណ៍នេះ»។
ធាតុរាវជាទឹកអំបិល saline (Sodium Chloride) ថ្វីបើមិនបង្កគ្រោះថ្នាក់ដល់សុខភាព ប៉ុន្តែ អ្នកដែលបានចាក់វ៉ាក់សាំងកាលពីខែមីនា និងខែមេសា ជាពេលដែលវ៉ាក់សាំងត្រូវគេបន្លំ ភាគច្រើនជាពលរដ្ឋវ័យចំណាស់ ជាក្រុមមនុស្សដែលងាយឆ្លងជំងឺ និងងាយបាត់បង់ជីវិតដោយសារ COVID-19។
មកដល់ពេលនេះ អាជ្ញាធរមិនទាន់ប្រកាសឱ្យដឹងអំពីអត្តសញ្ញាណរបស់ជនសង្ស័យដែលជាគិលានុបដ្ឋាយិកា ខាងលើនេះនៅឡើយ។ មន្ត្រីពាក់ព័ន្ធក៏មិនបានបង្ហើបឱ្យដឹងអំពីចេតនារបស់ជនសង្ស័យ ប៉ុន្តែ បុគ្គលិកពេទ្យរូបនេះ ធ្លាប់បានលើកឡើងនៅលើបណ្ដាញសង្គមអំពីការសង្ស័យ ឬការមិនទុកចិត្តរបស់ខ្លួន ចំពោះវ៉ាក់សាំងបង្ការ COVID-19។
បច្ចុប្បន្ន មិនទាន់ច្បាស់ថា ស្ត្រីជាប់សង្ស័យនេះ ត្រូវបានចាប់ខ្លួន ឬត្រូវបានចោទប្រកាន់ហើយ ឬនៅ។ ករណីនេះ ត្រូវបានប្រគល់ឱ្យអង្គភាពពិសេស ដែលជំនាញខាងស៊ើបអង្កេតករណីពាក់ព័ន្ធនឹងចេតនានយោបាយ។ ប៉ូលិសក្នុងតំបន់ ក៏មិនទាន់មានការអធិប្បាយអ្វីចំពោះព័ត៌មាននេះនៅឡើយនោះដែរ៕