វីរុសបំប្លែងថ្មី Delta របស់ COVID-19 កំពុងតែក្លាយជាវ៉ារ្យ៉ង់ចម្បងនៅប្រទេសថៃ ដោយមានអ្នកជំងឺ COVID-19 ជាង 90% វិជ្ជមាននឹងវ៉ារ្យ៉ង់នេះ។
ប្រធានានាយកដ្ឋានវិទ្យាសាស្ត្រសុខាភិបាល វេជ្ជបណ្ឌិត Supphakit Siriluck ថ្ងៃទី 10 សីហា បានឱ្យដឹងថា ក្នុងចំណោមសំណាកចំនួន 1,632 ដែលត្រូវបានស្រង់ស្ថិតិកាលពីសប្ដាហ៍មុន មាន 1,499 សំណាក (ប្រហែល 91.9%) ផ្ទុកវីរុសបំប្លែងថ្មី Delta (វ៉ារ្យ៉ង់ដែលរកឃើញដំបូងនៅប្រទេសឥណ្ឌា), 129 សំណាក (7.9%) ផ្ទុក Alpha (រកឃើញដំបូងនៅ អង់គ្លេស), និង 4 សំណាក (0.2%) ផ្ទុក Beta (រកឃើញដំបូងនៅ អាហ្វ្រិកខាងត្បូង)។ ក្រៅពីវ៉ារ្យ៉ង់ចំនួន 3 ខាងលើនេះ មិនទាន់មានវ៉ារ្យ៉ង់ណាផ្សេងទៀតត្រូវបានរកឃើញនៅប្រទេសថៃនៅឡើយ។
ក្នុងចំណោមសំណាកចំនួន 1,632 ខាងលើ មាន 1,157 សំណាកត្រូវបានយកពីទីក្រុងបាងកក ក្នុងនោះ មាន 95.4% ផ្ទុកវ៉ារ្យ៉ង់ Delta ខណៈក្រៅពីនេះគឺវ៉ារ្យ៉ង់ Alpha។ សំណាកចំនួន 475 ដែលយកពីបណ្ដាខេត្តគឺ មាន 83.2% មានផ្ទុក Delta និង 16% ផ្ទុក Alpha។
វេជ្ជបណ្ឌិត Supphakit និយាយថា និន្នាការនៃការឆ្លង COVID-19 នៅប្រទេសថៃ បង្ហាញថា វ៉ារ្យ៉ង់ Delta កំពុងក្លាយជាវីរុសបំប្លែងថ្មីចម្បងជាងគេ ដោយឆ្លងយ៉ាងឆាប់រហ័សជាងគេ ខណៈ Alpha អាចនឹងលែងមានតទៅទៀត។ ចំណែក Beta វិញ នឹងនៅតែមាននៅភាគខាងត្បូងប្រទេសនេះ។ វ៉ារ្យ៉ង់ Beta ឆ្លងរាលដាលយឺតជាងវ៉ារ្យ៉ង់ Delta ដូច្នេះ ងាយស្រួលក្នុងការគ្រប់គ្រង។
ក្នុងរយៈពេល 24 ម៉ោង ប្រទេសថៃ បានរកឃើញអ្នកជំងឺថ្មីចំនួនជិត 20,000 នាក់ និង 235 នាក់បានស្លាប់ដោយសារ COVID-19។ បច្ចុប្បន្ន ប្រទេសថៃ បានរកឃើញអ្នកជំងឺ COVID-19 សរុបចំនួនជាង 795.900 នាក់ ក្នុងនោះមានអ្នកស្លាប់ជិត 6,600 នាក់៕