អ្នកជំនាញរបស់អង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា អង្គការនេះអាចដាក់ឈ្មោះវីរុសបំប្លែងថ្មីរបស់ COVID-19 ទៅតាមឈ្មោះនៃកញ្ចុំផ្កាយនៅលើមេឃ ក្នុងករណីបានប្រើប្រាស់អស់អក្ខរក្រមនៃអក្សរក្រិក។
Maria Van Kerkhove ប្រធានក្រុមបច្ចេកទេសក្នុងការទប់ទល់នឹង COVID-19 របស់ WHO កាលពីថ្ងៃទី 08 សីហា បាននិយាយថា អង្គការនេះកំពុងពិចារណាក្នុងការប្រើប្រាស់ឈ្មោះនៃបណ្ដាកញ្ចុំផ្កាយ ដូចជា Orion, Leo, Gemini និង Aries ជាដើម ដើម្បីដាក់ឈ្មោះឱ្យវ៉ារ្យ៉ង់ថ្មីរបស់ COVID-19 បើសិនជាអក្ខរក្រមនៃអក្សរក្រិក ត្រូវបានប្រើប្រាស់អស់។
លោកស្រី Kerkhove បន្ថែមថា៖ «WHO កំពុងសិក្សាស្រាវជ្រាវលើសំណើនានា ដើម្បីធានាថា ពុំមានអ្នកណាម្នាក់ពិបាកទ្រាំជាមួយនឹងឈ្មោះទាំងនេះ»។
អង្គការ WHO បានដាក់ឈ្មោះឱ្យបណ្ដាវ៉ារ្យ៉ង់ថ្មីរបស់ COVID-19 ទៅតាមអក្ខរក្រមនៃអក្សរក្រិក ចាប់តាំងពីខែឧសភា ឆ្នាំ 2021។ មកដល់បច្ចុប្បន្ន វីរុសបំប្លែងថ្មីរបស់ COVID-19 ចំនួន 11 ប្រភេទ ត្រូវបានដាក់ឈ្មោះទៅតាមវិធីនេះ ក្នុងនោះមាន Alpha, Beta, Delta និងថ្មីៗនេះគឺ Lambda។ល។
មុននោះ បណ្ដាវ៉ារ្យ៉ង់ថ្មី តែងត្រូវបានដាក់ឈ្មោះទៅតាមទីតាំងដែលវាត្រូវបានរកឃើញជាលើកដំបូង។ មូលហេតុដែលវិធីដាក់ឈ្មោះនេះ ត្រូវបានគេប្ដូរ នោះគឺមកពីវាអាចនាំឱ្យមាន «ការរើសអើងចំពោះប្រទេសមួយ ឬទីតាំងមួយ» នេះបើតាមលោកស្រី Kerkhove។
Kerkhove បានព្រមានថា វត្តមានរបស់បណ្ដាវ៉ារ្យ៉ង់ថ្មីៗនៃវីរុស COVID-19 ដែលមានសមត្ថភាពគេចពីវ៉ាក់សាំង គឺជា «ការគំរាមកំហែងពិត»។ នេះគឺជាមូលហេតុសំខាន់ដែលប្រទេសនានា មិនត្រូវរំពឹងលើវ៉ាក់សាំងតែម្យ៉ាងនោះទេ ប៉ុន្តែ ត្រូវធ្វើគ្រប់យ៉ាងដើម្បីកាត់បន្ថយការឆ្លងរាលដាល»។
មន្ត្រីរូបនេះក៏បានព្រមានថា វ៉ារ្យ៉ង់ថ្មីមួយប្រភេទដែលប្រកបដោយគ្រោះថ្នាក់ អាចបង្ហាញខ្លួននៅតំបន់ដែល COVID-19 ឆ្លងរាលដាលខ្លាំង ឬតំបន់ដែលមានអត្រានៃការចាក់វ៉ាក់សាំងខ្ពស់ ប៉ុន្តែ COVID-19 នៅតែរាតត្បាត។
ការព្រមានរបស់ Kerkhove នេះ ត្រូវបានលើកឡើងបន្ទាប់ពីស្ថាប័នសុខាភិបាលសាធារណៈរបស់ អង់គ្លេស បានប្រកាសលទ្ធផលនៃការវិភាគបឋមមួយ បង្ហាញថា បរិមាណវីរុស COVID-19 នៅលើអ្នកវិជ្ជមាននឹងវ៉ារ្យ៉ង់ Delta គឺខ្ពស់ដូចគ្នា បើទោះជាអ្នកជំងឺបានចាក់វ៉ាក់សាំងរួចរាល់ ឬមិនទាន់បានចាក់ក៏ដោយ៕