ក្រសួងសុខាភិបាល នាព្រឹកនេះ (07 សីហា 2021) បានចេញសេចក្ដីជូនដំណឹងមួយ ស្ដីពីការចាក់វ៉ាក់សាំងបង្ការ COVID-19 ដូសទី 3 ឬហៅថា ដូសជំរុញ ជូនដល់អ្នកដែលបានចាក់វ៉ាក់សាំង Sinopharm ឬ Sinovac ដោយប្រើប្រាស់វ៉ាក់សាំង AstraZeneca។
ក្រុមគោលដៅដែលស្ថិតក្នុងអាទិភាពនៃការចាក់វ៉ាក់សាំងដូសជំរុញនេះ រួមមាន ក្រុមគ្រូពេទ្យជួរមុខ មន្ត្រីរាជការ ទាហាន គ្រួសារទាហាន នគរបាល និងអតីតយុទ្ធជនផងដែរ។
ការចាក់វ៉ាក់សាំងដូសទី 3 ឬ ដូសជំរុញ ដែលនឹងប្រព្រឹតទៅចាប់ពីថ្ងៃទី 08 សីហា 2021 នេះ ត្រូវបានក្រសួងបញ្ជាក់ថា គឺដើម្បីទប់ស្កាត់ការឆ្លងរាលដាលទ្រង់ទ្រាយធំរបស់ COVID-19 ប្រភេទ Delta។ ព័ត៌មានបន្ថែម សូមអានសេចក្ដីជូនដំណឹងខាងក្រោម។
គិតត្រឹមយប់ថ្ងៃទី 06 ខែសីហា ឆ្នាំ 2021 ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់ វ៉ាក់សាំងបង្ការ COVID-19 ជូនមន្ត្រីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេស សរុបចំនួន 7,927,745 នាក់៕