ការចាក់វ៉ាក់សាំងលាយឡំគ្នា ដើម្បីបង្ការការឆ្លងវីរុស COVID-19 កំពុងក្លាយជាដំណោះស្រាយដែលមានសក្តានុពល នៅពេលវីរុសបំប្លែងខ្លួនថ្មីប្រកបដោយគ្រោះថ្នាក់ កំពុងគំរាមកំហែងដល់យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងវិបត្តិសុខភាពនៅទូទាំងសកលលោក។
អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃទី 12 កក្កដា បានលើកឡើងថា បណ្ដាប្រទេសពុំគួរប្រញាប់ចាក់វ៉ាក់សាំងលាយឡំគ្នានោះទេ ដោយសារតែទិន្នន័យនៃការសិក្សាស្រាវជ្រាវស្ដីពីប្រសិទ្ធភាព និងផលប៉ះពាល់ដល់សុខភាព នៅមានកំណត់។ ប៉ុន្តែ បញ្ហាយឺតយ៉ាវនៃប្រភពផ្គត់ផ្គង់វ៉ាក់សាំង រួមនឹងការឆ្លងរាលដាលខ្លាំងរបស់វីរុសបំប្លែងខ្លួនថ្មីនៅក្នុងមួយរយៈពេលចុងក្រោយនេះ ធ្វើឱ្យបណ្ដាប្រទេសត្រូវគិតគូរអំពីការប្ដូរយុទ្ធសាស្ត្រក្នុងការចាក់វ៉ាក់សាំង។
មកដល់បច្ចុប្បន្ន មានប្រទេសជាច្រើនកំពុងពិចារណាទៅលើការចាក់វ៉ាក់សាំងលាយឡំគ្នា សម្រាប់ដូសទីពីរ ឬដូសបន្ថែមដើម្បីធានាលើការការពារពលរដ្ឋរបស់ខ្លួន។ នៅ កម្ពុជា កាលពីថ្ងៃទី 01 សីហា ប្រមុខរដ្ឋាភិបាល បានមានប្រសាសន៍ថា អ្នកដែលបានចាក់វ៉ាក់សាំង Sinopharm ឬ Sinovac រួចរាល់ នឹងត្រូវបានចាក់វ៉ាក់សាំង AstraZeneca 1 ម្ជុលបន្ថែមទៀត ខណៈដែលអ្នកចាក់ AstraZeneca រួចរាល់ នឹងត្រូវចាក់រំលឹកមួយម្ជុលទៀត ដោយប្រើវ៉ាក់សាំង Sinovac វិញម្ដង។
ប្រទេសថៃ ឯណោះវិញ កាលពីថ្ងៃទី 12 កក្កដា ក៏បានឱ្យដឹងថា ប្រទេសនេះចាក់ AstraZeneca ចំនួន 2 ដូស ចំពោះអ្នកដែលបានចាក់ Sinovac ចំនួន 1 ដូសរួចហើយ។
វេជ្ជបណ្ឌិត Vinod RMT Balasubramaniam សាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Monash ប្រទេសម៉ាឡេស៊ី បានឱ្យដឹងថា៖ «ការចាក់វ៉ាក់សាំងលាយឆ្លាស់គ្នានេះ ត្រូវបានយកចិត្តទុកដាក់កាន់តែច្រើនឡើង។ ទិន្នន័យដែលត្រូវបានប្រកាសចុងក្រោយនេះ បានបង្ហាញអំពីប្រសិទ្ធភាព និងសមត្ថភាពនៃការការពារខ្ពស់ នៅចំពោះមុខវ៉ារ្យ៉ង់នានារបស់ COVID-19»។
វិទ្យាស្ថានសេរ៉ូមរបស់ ដាណឺម៉ាក កាលពីថ្ងៃទី 02 សីហា ក៏បានបង្ហើបឱ្យដឹងថា ការចាក់ Pfizer ឬ Moderna បន្ទាប់ពីបានចាក់ AstraZeneca បង្កើតបានជាស្រទាប់ការពារដែលល្អជាង សម្រាប់មនុស្ស។ ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញថា រយៈពេល 14 ថ្ងៃ បន្ទាប់ពីបានចាក់លាយឆ្លាស់គ្នា ហានិភ័យនៃការឆ្លង COVID-19 បានថយចុះ 88% ប្រើធៀបនឹងអ្នកដែលមិនទាន់បានចាក់។
ការស្រាវជ្រាវមួយរបស់ប្រទេស កូរ៉េខាងត្បូង កាលពីខែកក្កដា បានឱ្យដឹងថា ការចាក់ Pfizer ចំនួន 2 ដូស ក្រោយពីចាក់ AstraZeneca 1 ដូស ជួយបង្កើនកម្លាំងការពាររាងកាយខ្ពស់ជាង 6 ដង ធៀបនឹងការចាក់តែ AstraZeneca 2 ដូស។
សាកលវិទ្យាល័យ Oxford របស់ប្រទេសអង់គ្លេស កាលពីដើមឆ្នាំនេះ ក៏បានបញ្ជាក់ថា ការចាក់លាយ Pfizer ជាមួយនឹង AstraZeneca ក៏មានប្រយោជន៍ច្រើនដល់អង្គបដិប្រាណ។
ចំណែកលទ្ធផលនៃការសិក្សាស្រាវជ្រាវមួយរបស់មូលនិធិវិនិយោគផ្ទាល់ នៃប្រទេស រុស្ស៊ី (RDIF) ដែលបានប្រកាសកាលពីថ្ងៃទី 30 កក្កដា 2021 ក៏បានឱ្យដឹងថា ការសាកល្បងចាក់វ៉ាក់សាំង Sputnik V និង AstraZeneca លាយឆ្លាស់គ្នា បានបង្ហាញថា ពុំមានផលប៉ះពាល់ធ្ងន់ធ្ងរ និងមិនបានរកឃើញករណីឆ្លងនោះទេ នៅក្នុងចំណោមអ្នកស្ម័គ្រចិត្ត។
ក្រុមមន្ត្រីសុខាភិបាលរបស់ អាល្លឺម៉ង់ កាលពីថ្ងៃទី 2 សីហា បានប្រាប់ថា ប្រទេសនេះ មានគម្រោងប្រើប្រាស់ Pfizer និង Moderna ដើម្បីចាក់ដូសបន្ថែម សម្រាប់ពលរដ្ឋវ័យចំណាស់ និងមានប្រព័ន្ធការពាររាងកាយខ្សោយ ចាប់ពីខែកញ្ញា ដោយមិនខ្វល់ថា មុននេះ ពលរដ្ឋបានចាក់វ៉ាក់សាំងប្រភេទណានោះទេ។
មកដល់បច្ចុប្បន្ន មនុស្សជាង 200 លាននាក់ បានឆ្លង COVID-19 និងជាង 4 លាននាក់បានស្លាប់ដោយសារវីរុសនេះ រាប់ចាប់ពីវាបានបង្ហាញខ្លួនដំបូងនៅទីក្រុង Wuhan ប្រទេសចិន កាលពីចុងឆ្នាំ 2019។ វ៉ាក់សាំងចំនួន 4.36 ពាន់លានដូស ត្រូវបានចាក់នៅទូទាំងសកលលោក ដោយជាមធ្យម ចាក់បាន 40.31លានដូសក្នុង 1 ថ្ងៃ។ ប្រជាជនចំនួន 29.6% របស់ពិភពលោក បានចាក់យ៉ាងតិច 1 ដូស និង 15.2% បានចាក់រួចរាល់។ ដោយឡែក នៅក្នុងបណ្ដាប្រទេសអ្នកមាន ពលរដ្ឋរបស់ពួកគេ ប្រមាណ ពី 60-80% បានចាក់យ៉ាងតិច 1 ដូស ខណៈដែលនៅក្នុងបណ្ដាប្រទេសក្រីក្រ អត្រានេះប្រហាក់ប្រហែលនឹង 1.1% ប៉ុណ្ណោះ។ នេះបើតាម Our World in Data។
ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកវិទ្យាសាស្ត្របានព្រមានថា សូម្បីតែវ៉ាក់សាំងដែលមានប្រសិទ្ធភាពបំផុត ក៏មិនល្អគ្រប់ដប់នោះដែរ នៅពេលដែលអត្រានៃការឆ្លងបានកើនឡើងខ្ពស់ខ្លាំង បើទោះមិនមានហានិភ័យខ្ពស់ដល់ថ្នាក់ចូលពេទ្យ ឬស្លាប់។ ដូច្នេះ វិធានការរក្សាគម្លាតសង្គម ការរឹងបន្តឹងការជួបជុំ នៅតែត្រូវបានគេចាត់ទុកថាជារឿងសំខាន់នៅក្នុងការប្រយុទ្ធប្រឆាំងនឹង COVID-19 ពិសេសគឺនៅពេលត្រូវប្រឈមមុខនឹង វ៉ារ្យ៉ង់ Delta៕