នៅយប់ថ្ងៃទី 06 ខែសីហា នេះ វ៉ាក់សាំងបង្ការ COVID-19 ប្រភេទ AstraZeneca ចំនួន 668,000 ដូស ដែលជាជំនួយទ្វេភាគីរបស់ រាជរដ្ឋាភិបាលជប៉ុន ជំហានទីពីរ នឹងដឹកមកដល់កម្ពុជា។ នេះបើតាមលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល។
វ៉ាក់សាំងបង្ការ COVID-19 ប្រភេទ AstraZeneca ចំនួន 668,000 ដូសនេះ ស្ថិតក្នុងចំណោមជំនួញទ្វេភាគីជាវ៉ាក់សាំងចំនួន 1000,000 ដូស ដែល ជប៉ុន បានសន្យាផ្ដល់ឱ្យ កម្ពុជា នាពេលកន្លង។ មុននេះ ជំនួយជាវ៉ាក់សាំង AstraZeneca របស់ ជប៉ុន ជំហានទីមួយ ចំនួន 332,000 ដូស ត្រូវបាន ជប៉ុន ប្រគល់ឱ្យ កម្ពុជា រួចហើយ កាលពីថ្ងៃទី 23 កក្កដា ឆ្នាំ 2021។
គិតមកដល់បច្ចុប្បន្ន រាជរដ្ឋាភិបាលជប៉ុន បានផ្ដល់ជំនួយដល់ កម្ពុជា សរុបជាទឹកប្រាក់ ប្រមាណ 50 លានដុល្លារអាមេរិក ដើម្បីទប់ទល់នឹងបញ្ហា COVID-19។ ជប៉ុន ក៏បានផ្ដល់ប្រាក់កម្ចីប្រមាណ 227 លានដុល្លារអាមេរិក មកឱ្យ កម្ពុជា សម្រាប់ប្រើប្រាស់ក្នុងកម្មវិធីឧបត្ថម្ភប្រាក់ដល់ប្រជាជនដែលរងផលប៉ះពាល់ដោយសារ COVID-19 និងការស្ដារប្រព័ន្ធសុខាភិបាល។
គិតត្រឹមថ្ងៃទី 05 ខែសីហា ឆ្នាំ 2021 កំណើនអត្រានៃការចាក់វ៉ាក់សាំងបង្ការ COVID-19 នៅ កម្ពុជា មានដូចខាងក្រោម៖
ជាសរុប កម្ពុជា បានចាក់វ៉ាក់សាំងបង្ការ COVID-19 ជូនពលរដ្ឋទូទាំងប្រទេស បានចំនួន 7,810,469 នាក់ ក្នុងនោះមាន៖
-ប្រជាជនពេញវ័យជាគោលដៅចំនួន 10 លាននាក់ ចាក់វ៉ាក់សាំងបាន 76.13%។
-ពលរដ្ឋជាកុមារ-យុវវ័យអាយុចាប់ពី 12 ឆ្នាំ ដល់ក្រោម 18 ឆ្នាំ ជាគោលដៅ ចំនួន 1,966,931នាក់ ចាក់បាន 10.06%។
-ពលរដ្ឋទូទាំងប្រទេស (16 លាននាក់) ចាក់បាន 48.82%។