តាមរយៈវ៉ាក់សាំង ចំនួន 415,000 ដូស នេះ អង់គ្លេស បានក្លាយជាប្រទេសទីបីហើយ ដែលផ្ដល់ជំនួយជាវ៉ាក់សាំងប្រឆាំង COVID-19 លក្ខណៈទ្វេភាគីមកដល់ កម្ពុជា បន្ទាប់ពី ចិន និង ជប៉ុន។
វ៉ាក់សាំងដែលទើបដឹកមកដល់ កម្ពុជា នៅថ្ងៃនេះ កំពុងស្ថិតក្នុងពិធីប្រគល់និងទទួលវ៉ាក់សាំង ដែលកំពុងប្រព្រឹត្តទៅនៅពេល ក្រោមអធិបតីភាពរបស់ប្រមុខរដ្ឋាភិបាល កម្ពុជា សម្ដេច ហ៊ុន សែន។ កន្លងមក សម្តេចតេជោ ប្រមុខរដ្ឋាភិបាល ធ្លាប់មានប្រសាសន៍ថា រាល់ជំនួយវ៉ាក់សាំងទ្វេភាគី សម្តេចនឹងចេញទទួលដោយផ្ទាល់។
គិតមកដល់បច្ចុប្បន្ន កម្ពុជា ទទួលបានជំនួយជាវ៉ាក់សាំងបង្ការវីរុស COVID-19 សរុបចំនួន 5,999,100 ដូស ក្នុងនោះមានជំនួយលក្ខណៈទ្វេភាគីចំនួន 4,615,000 ដូស និងជំនួយពីយន្តការ COVAX របស់អង្គការសុខភាពពិភពលោក ចំនួន 1,384,100 ដូស។