ការសិក្សាស្រាវជ្រាវថ្មីរបស់ប្រទេស អង់គ្លេស បានបង្ហាញថា អ្នកដែលបានទទួលការចាក់វ៉ាក់សាំងគ្រប់ចំនួនពីរដូស មានហានិភ័យឆ្លងវីរុស COVID-19 ទាបជាង 3 ដងឯណោះ បើធៀបជាមួយនឹងក្រុមមនុស្សដែលមិនទាន់បានចាក់។
ការសិក្សាស្រាវជ្រាវរបស់កម្មវិធីតាមដាន COVID-19 ដែលមានឈ្មោះថា REACT-1 ដឹកនាំដោយមហាវិទ្យាល័យអធិរាជទីក្រុងឡុងដ៍ (Imperial College London) និងក្រុមហ៊ុន Ipsos MORI នេះ គឺយោងទៅតាមលទ្ធផលនៃការធ្វើតេស្តរបស់មនុស្សជាង 98,000 នាក់ ចាប់ពីថ្ងៃទី 24 មិថុនា ដល់ 12 កក្កដា។ លទ្ធផលបានបង្ហាញថា អ្នកដែលមិនទាន់បានចាក់វ៉ាក់សាំង COVID-19 មានហានិភ័យឆ្លងវីរុស ក្នុងអត្រា 1.21% គឺខ្ពស់ជាង 3 ដង ធៀបនឹងអ្នកបានចាក់រួចរាល់ ដែលមានអត្រាឆ្លងត្រឹមតែ 0.4%។
ការស្រាវជ្រាវក៏បានឱ្យដឹងថា បើសិនអ្នកបានចាក់វ៉ាក់សាំងរួចរាល់ ឆ្លង COVID-19 ពួកគេក៏មានហានិភ័យចម្លងវីរុសទៅអ្នកដទៃ ទាបជាងផងដែរ ដោយសារតែបរិមាណវីរុសក្នុងរាងកាយមានចំនួនតិច។
សាស្ត្រាចារ្យ Paul Elliott មកពីសាលាសុខាភិបាលសាធារណៈ របស់មហាវិទ្យាល័យ Imperial College London និយាយថា៖ «ការរកឃើញបង្ហាញថា វ៉ាក់សាំងចំនួន 2 ដូស បានផ្ដល់ស្រទាប់ការពារបានល្អ នៅចំពោះមុខហានិភ័យនៃការឆ្លងវីរុស»។
នៅក្នុងចំណោមសំណាកជាង 98,000 ករណី ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញ 527 សំណាក មានផ្ទុកវីរុស ដែលនេះគឺប្រហាក់ប្រហែលនឹងអត្រា 0.63%។ តួលេខនេះ កើន 4 ដង បើធៀបនឹងអត្រា 0.15% នៅក្នុងរបាយការណ៍ដែលបានប្រកាសកាលពីថ្ងៃទី 17 មិថុនា ស្រាវជ្រាវចាប់ពីថ្ងៃទី 20 ឧសភា ដល់ថ្ងៃទី 07 មិថុនា។ ចំណែកអត្រាឆ្លងខ្ពស់បំផុតដែលត្រូវបានកត់ត្រានៅទីក្រុងឡុងដ៍ គឺ 0.94%៕