នៅក្នុងពាក់កណ្ដាលខែឧសភា ជីវភាពសុខសាន្តរបស់ប្រជាជននៅកោះ តៃវ៉ាន់ ស្រាប់តែត្រូវក្រឡាប់ចក្រ ដោយសារតែរលកនៃការឆ្លងរាលដាល COVID-19 ដ៏ធ្ងន់ធ្ងរ ប៉ុន្តែ បច្ចុប្បន្ន កោះនេះបែរជាគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង។
កោះតៃវ៉ាន់ ធ្លាប់ត្រូវបានគេចាត់ទុកថាជា ដែនដីគំរូក្នុងការប្រយុទ្ធប្រឆាំងនឹង COVID-19 របស់ពិភពលោក។ ក្នុងគ្រាដែលតំបន់ផ្សេងៗ ជួបនឹងបញ្ហា COVID-19 សកម្មភាពសេដ្ឋកិច្ចរបស់កោះនេះ នៅតែដំណើរការក្នុងរយៈពេលភាគច្រើននៃវិបត្តិសុខភាព។ សាលារៀន នៅតែបើកទ្វារ រោងភាពយន្ត ភោជនីយដ្ឋានពេញដោយមនុស្ស សេដ្ឋកិច្ចរីកចម្រើនខ្លាំង។
ភាពសុខសាន្តខាងលើក៏ត្រូវបានបញ្ចប់កាលពីពាក់កណ្ដាលខែឧសភា ព្រោះតែការរាតត្បាតយ៉ាងធ្ងន់ធ្ងរពីវីរុស COVID-19។ ក្នុងរយៈពេលតែកន្លះខែ តួលេខអ្នកឆ្លងវីរុសនៅ តៃវ៉ាន់ បានកើនពីជាង 1,500 ឡើងដល់ជិត 9,000 នាក់។ តួលេខអ្នកឆ្លងសរុប និងអ្នកស្លាប់សរុប កើនជាបន្តបន្ទាប់គឺ ជាង 15,700 នាក់ និងជាង 790 នាក់ ច្រើនជាងឆ្ងាយធៀបនឹងតួលេខនៃការស្លាប់ 12 នាក់ ក្នុងអំឡុងមុនពេលការឆ្លងរាលដាលផ្ទុះឡើង។
ប៉ុន្តែ ស្ថានភាពនោះ ត្រូវបានកែលម្អឡើងវិញហើយ នាប៉ុន្មានថ្ងៃចុងក្រោយនេះ។ កាលពីថ្ងៃទី 17 ឧសភា ចំនួនអ្នកឆ្លងថ្មីនៅ តៃវ៉ាន់ គឺ 535 នាក់ ខណៈដែលមធ្យមភាគក្នុងអំឡុង 7 ថ្ងៃ នៃសប្ដាហ៍មុន មានមិនដល់ 20 ករណី។ ថ្ងៃទី 26 កក្កដា តៃវ៉ាន់ បានរាយការណ៍ថា អ្នកឆ្លងក្នុងសហគមន៍ មានតែ 10 នាក់ប៉ុណ្ណោះ។
យោងតាមការអធិប្បាយរបស់ Wayne Soon មកពីសារព័ត៌មាន Diplomat វីធីសាស្ត្រសំខាន់ដំបូងដែលជួយឱ្យ តៃវ៉ាន់ គ្រប់គ្រងបាននូវការឆ្លងរាលដាល នោះគឺ ការបង្កើនការអនុវត្តយុទ្ធសាស្ត្រដែលកោះនេះ បានធ្វើតាំងពីមុនមក រួមមាន ការពាក់ម៉ាស ការធ្វើចត្តាឡីស័ក និងការតាមរកអ្នកពាក់ព័ន្ធ។ តាំងពីខែមេសា ឆ្នាំ 2020 តៃវ៉ាន់ បានចាប់ផ្ដើមបង្គាប់ឱ្យពាក់ម៉ាសនៅលើមធ្យោបាយធ្វើដំណើរសាធារណៈ។ ក្រោយមក អាជ្ញាធរក៏ពង្រីកវិសាលភាពនៃការកំណត់ និងចេញបទបញ្ជាឱ្យពាក់ម៉ាស នៅពេលចេញពីផ្ទះ។
តៃវ៉ាន់ ក៏បន្ថែមមជ្ឈមណ្ឌលចត្តាឡីស័ក សម្រាប់អ្នកជំងឺ COVID-19 ក្នុងនោះមានទាំងសណ្ឋាគារ និងទីតាំងដែលគ្រប់គ្រងដោយរដ្ឋ។ ប្រការនេះ បានជួយកាត់បន្ថយការឆ្លងរាលដាលក្នុងគ្រួសារ និងសហគមន៍។
Wayne Soon វាយតម្លៃថា កត្តាសំខាន់ទីពីរ ដែលនាំមកនូវជោគជ័យឱ្យ តៃវ៉ាន់ នោះគឺ អាជ្ញាធរចេះស្ដាប់យោបល់ និងការប្ដូរផ្លាស់គោលនយោបាយ។ ដំបូងឡើយ ពួកគេរារែកក្នុងការហាមបរិយោគអាហារក្នុងភោជនីយដ្ឋាន ព្រោះតែវិធីសាស្ត្ររក្សាគម្លាតសង្គម និងការដំឡើងកញ្ចក់ការពារ ត្រូវបានគេវាយតម្លៃថាអាចទប់ស្កាត់ការឆ្លងរាលដាល។ ប៉ុន្តែ នៅចំពោះមុខការអំពាវនាវឱ្យមានការហាមធ្វើសកម្មភាពក្នុងផ្ទះ ក្នុងបន្ទប់បិទជិត អាជ្ញាធរមូលដ្ឋានជាច្រើន ក៏យល់ព្រមធ្វើតាម។
បច្ចុប្បន្ន អាជ្ញាធរតំបន់មួយចំនួន នៅតែរក្សាបម្រាមខាងលើ ព្រោះតែខ្លាចរងការរិះគន់ និងខ្លាចការផ្ទុះឆ្លងរាលដាលជាថ្មី បើទោះជាថ្មីៗនេះ តៃវ៉ាន់ បានដកវិធានការនេះរួចហើយ នៅពេលតួលេខនៃការឆ្លង បានថយចុះ។
កាលពីដើមខែមិថុនា ចំនួនពលរដ្ឋដែលបានទទួលការចាក់វ៉ាក់សាំង COVID-19 មានមិនដល់ 2% ផង នៅក្នុងចំណោមពលរដ្ឋសរុបជាង 23 លាននាក់ ដោយសារតែប្រភពផ្គត់ផ្គង់មានកំណត់ ហើយអាជ្ញាធរ តៃវ៉ាន់ នៅតែបែរខ្នងដាក់វ៉ាក់សាំងរបស់ ចិនដីគោក ដែលបានស្នើផ្ដល់ជំនួយ។
ប៉ុន្តែ ចុងក្រោយ បក្សប្រជាធិបតេយ្យជឿនលឿន ដែលកំពុងកាន់អំណាច ក៏បានគាំទ្រឱ្យទិញវ៉ាក់សាំងរបស់ Pfizer-BioNTech ពីប្រទេស អាល្លឺម៉ង់ តាមរយៈក្រុមហ៊ុនមួយនៅ ចិនដីគោក។
បណ្ដាញសារព័ត៌មាន ក៏ត្រូវបានគេមើលឃើញថា បានចូលរួមចំណែកក្នុងការទប់ស្កាត់ COVID-19 ដោយពួកគេប្រណាំងប្រជែងក្នុងការផ្ដល់ព័ត៌មានថ្មីៗបំផុតទាក់ទងនឹងបញ្ហា COVID-19 បើទោះជាវិធីផ្ដល់ព័តមានរបស់សារព័ត៌មានមួយចំនួនតូច បាននាំឱ្យប្រជាជនមានការព្រួយបារម្ភចំពោះការចាក់វ៉ាក់សាំង។
Wayne Soon បន្ថែមថា តៃវ៉ាន់ ក៏ទទួលបានផលប្រយោជន៍ពីទង្វើល្អរបស់ខ្លួន ដែលបានធ្វើកាលពីដំណាក់កាលដំបូងនៃវិបត្តិ COVID-19។ កាលពីឆ្នាំទៅ តៃវ៉ាន់ បានផ្ដល់ជំនួយជាម៉ាស ជាង 51 លានបន្ទះ ដល់ដៃគូជាច្រើនក្នុងពិភពលោក។
ជាលទ្ធផល បណ្ដាប្រទេសដែលទទួលបានជំនួយពី តៃវ៉ាន់ ក៏បានជួយជាវ៉ាក់សាំងដល់កោះនេះ។ ក្នុងរយៈពេល 2 ខែកន្លងទៅ ជប៉ុន បានផ្ដល់ជំនួយជាវ៉ាក់សាំង AstraZeneca ជាង 3.3 លានដូស ខណៈដែល សហរដ្ឋអាមេរិក ក៏បានផ្ដល់វ៉ាក់សាំង Moderna ចំនួន 2.5 លានដូស ដល់កោះនេះ។ ប្រទេស លីទុយអានី ស្លូវ៉ាគី និងសាធារណរដ្ឋឆែក ក៏បានសន្យាផ្ដល់វ៉ាក់សាំងរាប់ម៉ឺនដូស ដល់ តៃវ៉ាន់ផងដែរ។
ក្រោយទទួលបានជំនួយជាវ៉ាក់សាំង ពីកម្មវិធី COVAX របស់អង្គការសុខភាពពិភពលោក និង សហរដ្ឋអាមេរិក បច្ចុប្បន្ន តៃវ៉ាន់ បានចាក់យ៉ាងតិច 1 ដូស ដល់ប្រជាជនចំនួន 28% ច្រើនជាងឆ្ងាយ ធៀបនឹង 1% កាលពីមុនការផ្ទះឆ្លង។
ជោគជ័យរបស់ តៃវ៉ាន់ ទំនងជាមិនអាចគង់នៅបានយូរអង្វែងនោះទេ ដោយសារតែ COVID-19 ប្រភេទ Delta។ ក៏ប៉ុន្តែ បទពិសោធន៍របស់កោះនេះ ត្រូវបានគេវាយតម្លៃថា នឹងមានសមត្ថភាពគ្រប់គ្រាន់ អាចជួយឱ្យពួកគេគ្រប់គ្រងស្ថានការណ៍បានល្អ ទៅលើរលកនៃការឆ្លងរាលដាលនាពេលខាងមុខ៕