ការចាក់វ៉ាក់សាំងសរុបទូទាំងប្រទេស ធៀបនឹងប្រជាជនសរុប 16 លាននាក់ បច្ចុប្បន្ន សម្រេចបាន 48.16% ហើយ ខណៈដែលក្រុមហ៊ុនជាច្រើន បាន និងកំពុងចុះបញ្ជិកា ដើម្បីនាំចូលវ៉ាក់សាំងបង្ការវីរុស COVID-19។
កំណើនអត្រានៃការចាក់វ៉ាក់សាំងបង្ការវីរុស COVID-19 នៅ កម្ពុជា គិតត្រឹមព្រឹកព្រលឹមថ្ងៃទី 05 ខែសីហា ឆ្នាំ 2021 រួមមាន៖ ពលរដ្ឋពេញវ័យជាគោលដៅ 10 លាននាក់ សម្រេចបាន 75.42% , កុមារ និងក្មេងជំទង់ វ័យចាប់ពី 12 ដល់ 17 ឆ្នាំ ជាគោលដៅជិត 2 លាននាក់ សម្រេចបាន 8.29%។ ចំណែកការចាក់វ៉ាក់សាំងសរុបទូទាំងប្រទេស ធៀបនឹងប្រជាជនសរុប 16 លាននាក់ បច្ចុប្បន្ន សម្រេចបាន 48.16%។
យោងតាមទំព័រ Worldometers អត្រានៃការឆ្លង COVID-19 នៅ កម្ពុជា បច្ចុប្បន្នស្មើនឹង 4,692 នាក់/1 លាននាក់។ រីឯអត្រានៃការស្លាប់ដោយសារ COVID-19 វិញ ស្មើនឹង 88 នាក់/1 លាននាក់។ អត្រានៃការធ្វើតេស្តរកវីរុស COVID-19 សម្រេចបាន 107,431លើក/1 លាននាក់។
ទាក់ទងនឹងបញ្ហាវ៉ាក់សាំងបង្ការ COVID-19 នេះដែរ លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់សារព័ត៌មានអន្តរជាតិ កាលពីថ្ងៃពុធកន្លងទៅនេះថា ក្រុមហ៊ុនប្រមាណជា 10 បានចុះបញ្ជី ដើម្បីនាំចូលវ៉ាក់សាំង COVID-19 មក កម្ពុជា។ លោកឧកញ៉ា រូបនេះ បន្ថែមថា បណ្ដាក្រុមហ៊ុនឯកជននៅ កម្ពុជា នឹងនាំចូលវ៉ាក់សាំងច្រើនប្រភេទ ក្នុងពេលឆាប់ៗនេះ ហើយវ៉ាក់សាំងទាំងនោះ នឹងអាចចាក់បានទៅលើកុមារចាប់ពីអាយុ 12 ឆ្នាំ ឡើងទៅ។
ការចុះបញ្ជិកាដើម្បីនាំចូលវ៉ាក់សាំងពីសំណាក់ក្រុមហ៊ុនឯកជនខាងលើនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីក្រសួងសុខាភិបាល កាលពីថ្ងៃទី 27 ខែកក្កដា កន្លងទៅ បានអនុញ្ញាតឱ្យគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ ដែលទទួលបានការអនុញ្ញាតពីក្រសួងសុខាភិបាល ធ្វើការស្នើសុំនាំចូលវ៉ាក់សាំង COVID-19 ទាំងឡាយណា ដែលបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក (WHO)។
វ៉ាក់សាំងដែលនាំចូលដោយក្រុមហ៊ុនឯកជន អាចចែកចាយ និងចាក់តាមទីតាំងផ្ដល់សេវាសុខាភិបាលឯកជនស្របច្បាប់ក្នុងក្របខណ្ឌទូទាំងប្រទេស។ ប៉ុន្តែ ដំណើរការខាងលើនេះ ត្រូវតែធានាឱ្យបាននូវសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់៕