ក្រសួងសុខាភិបាល វៀតណាម នាព្រឹកនេះ (04 សីហា) បានឱ្យដឹងថា បានរកឃើញអ្នកវិជ្ជមាននឹង COVID-19 ចំនួន 4,271 នាក់បន្ថែមទៀត ក្នុងនោះមាន 1,044 នាក់ គឺជាករណីឆ្លងក្នុងសហគមន៍ នៅក្នុងថ្ងៃទី 03 ខែកក្កដា។
ទីក្រុងហូជីមិញ (សៃហ្គន) មានអ្នកវិជ្ជមានថ្មីច្រើនជាងគេ (2,365 នាក់) ខណៈខេត្តប៊ិញហ្សឿងជាប់លំដាប់លេខ 2 ដោយមានអ្នកឆ្លងថ្មី 1,032 នាក់។ ដូច្នេះ តួលេខនៃករណីឆ្លងថ្មី កើន 704 នាក់ បើធៀបនឹងម្សិលមិញ។
អ្នកវិជ្ជមានសរុបនៅទីក្រុងហូជីមិញ បានកើនឡើងដល់ 105,095 នាក់ ក្នុងគ្រាដែលខេត្តប៊ិញហ្សឿន ដែលនៅជាប់នឹងទីក្រុងហូជីមិញ មានចំនួន 20,445 នាក់។ ដោយឡែក រដ្ឋធានីហាណូយ វិញ មានអ្នកវិជ្ជមានសរុប ត្រឹមតែ 1,975 នាក់ប៉ុណ្ណោះ។
តួលេខសរុបនៃអ្នកវិជ្ជមាននឹង COVID-19 នៅ វៀតណាម គិតមកដល់បច្ចុប្បន្ន មានចំនួន 174,461 នាក់ ក្នុងនោះអ្នកបានជាសះស្បើយ មានចំនួន 50,831 នាក់, អ្នកស្លាប់ចំនួន 2,071 នាក់ និងអ្នកកំពុងព្យាបាល មានចំនួន 121,555 នាក់៕