គិតត្រឹមថ្ងៃទី 01 ខែសីហា ឆ្នាំ 2021 កម្ពុជា បានរកឃើញអ្នកផ្ទុកវីរុស COVID-19 ប្រភេទ Delta សរុបចំនួន 223 ករណី ក្នុងនោះមាន 5 ករណី នៅ ភ្នំពេញ។
ទាក់ទិននឹងរលកនៃការឆ្លងរាលដាលរបស់ COVID-19 ពិសេសគឺប្រភេទ Delta ប្រមុខរដ្ឋាភិបាល កម្ពុជា សម្ដេច ហ៊ុន សែន កាលពីថ្ងៃទី 01 ខែសីហា បានសម្រេចឱ្យចាក់វ៉ាក់សាំងបង្ការ COVID-19 ដូសទី 3 ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការទប់ស្កាត់ការឆ្លងវីរុសនេះ។ វ៉ាក់សាំង AstraZeneca ដែលអភិវឌ្ឍដោយ អង់គ្លេស នឹងត្រូវបានប្រើប្រាស់សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងរបស់ ចិន ប្រភេទ Sinopharm ឬ Sinovac។
ចំណែកអ្នកដែលបានទទួលការចាក់វ៉ាក់សាំង AstraZeneca រួចហើយ នឹងអាចត្រូវបានចាក់ដូសទី 3 ដោយប្រើប្រាស់វ៉ាក់សាំង Sinopharm ឬ Sinovac វិញម្តង។
ការចាក់ដូសទី 3 នេះ គឺផ្ដល់អាទិភាពសម្រាប់បណ្ដាខេត្តជាប់ព្រំដែន ដោយសារពួកគេកំពុងប្រឈមនឹងហានិភ័យខ្ពស់ក្នុងការឆ្លង COVID-19 ប្រភេទ Delta ដែលជាវ៉ារ្យ៉ង់មួយត្រូវបានរកឃើញដំបូងនៅប្រទេស ឥណ្ឌា។ នេះបើតាម ប្រមុខរដ្ឋាភិបាល។
ប្រភពព័ត៌មានពីមន្ទីរពេទ្យហ្លួងម៉ែ ដែលគ្រប់គ្រងដោយកងទ័ព បានឱ្យដឹងថា ការចាក់វ៉ាក់សាំងដូសទី 3 នេះ ក៏នឹងផ្ដល់អាទិភាពចំពោះបុគ្គលិកសុខាភិបាល និងក្រុមមន្ត្រីប្រយុទ្ធប្រឆាំងនឹង COVID-19 នៅជួរមុខផង ដែរ៕