ព្រះសង្ឃពុទ្ធសាសនាជាច្រើនអង្គ កំពុងគ្រងឈុតការពារវីរុស ដើម្បីចូលរួមធ្វើសកម្មភាពប្រយុទ្ធប្រឆាំងនឹង COVID-19 ដែលកំពុងរាតត្បាតយ៉ាងខ្លាំងក្លានៅប្រទេសថៃ។
ប្រទេសថៃ កំពុងរងការវាយប្រហារពីវីរុស COVID-19 ប្រភេទ Delta។ តួលេខអ្នកឆ្លងវីរុស COVID-19 កំពុងកើនឡើងយ៉ាងឆាប់រហ័ស នាំឱ្យប្រព័ន្ធសុខាភិបាលប្រឈមនឹងបញ្ហាលើសចំណុះ និងបង្កការខាតបង់បន្ថែមទៀតដល់សេដ្ឋកិច្ចជាតិ។
ក្នុងស្ថានការណ៍នេះ ព្រះសង្ឃពុទ្ធសាសនាជាច្រើនអង្គនៅប្រទេសថៃ បានសម្រេចដោះឈុតចីពរទុកមួយឡែក ហើយគ្រងឈុតការពារវីរុសវិញម្ដង ដើម្បីចូលរួមធ្វើយុទ្ធនាការប្រយុទ្ធប្រឆាំងនឹង COVID-19 ក្នុងនោះមានអង្គខ្លះជួយដឹកជញ្ជូនធុងអុកស៊ីសែន អង្គខ្លះធ្វើជាជំនួយការយកសំណាក ហើយអង្គខ្លះទៀតក៏ស្ម័គ្រចិត្តធ្វើជាជំនួយការរបស់ក្រុមដឹកសាកសពអ្នកជំងឺ COVID-19 យកទៅកាន់ឡបូជាទៀតផង។
«នៅមានប្រជាជនថៃជាច្រើនទៀតដែលមិនអាចប្រើប្រាស់ប្រព័ន្ធសុខាភិបាលសាធារណៈ។ ពួកអាត្មាថែទាំគ្រប់គ្នាដែលត្រូវការជំនួយ» ព្រះអង្គ Mahapromphong ព្រះជន្ម 33 វស្សា ជាគ្រូសូត្រស្ដាំរបស់វត្ត Suthi Wararam នៅទីក្រុងបាងកក បានមានសង្ឃដីកាដូច្នេះ។
ចាប់តាំងពីថ្ងៃទី 21 កក្កដា ព្រះអង្គ Mahapromphong បាននិមន្តទៅកាន់ទីប្រជុំជនក្រីក្របំផុតនៃទីក្រុងបាងកក នាំយកធុងអុកស៊ីសែន អាហារ និងសម្ភារវេជ្ជសាស្រ ប្រគល់ដល់ដៃប្រជាជន ក៏ដូចជាយកសំណាកទៅធ្វើតេស្ត។
ព្រះអង្គ Mahapromphong រៀនយកសំណាក COVID-19 ពីក្រុមវេជ្ជបណ្ឌិត និងបុគ្គលិកសុខាភិបាលដែលធ្វើការក្នុងវត្ត Suthi Wararam ជាកន្លែងដែលត្រូវបានយកមកធ្វើជាមជ្ឈមណ្ឌលចត្តាឡីស័ក សម្រាក់អ្នកជំងឺ COVID-19។
ចៅអធិការរងវត្ត Suthi Wararam នេះ មានសង្ឃដីកាថា៖ «ព្រះសង្ឃអាចរស់បានក៏ដោយសារការដាក់បាត្រពីប្រជាជន។ ដូច្នេះ ដល់ពេលដែលពួកអាត្មាត្រូវសងគុណពួកគាត់វិញហើយ។ យ៉ាងហោចណាស់ក៏ពួកអាត្មាអាចលើកទឹកចិត្តឱ្យពួកគាត់បន្តការប្រយុទ្ធទៅទៀត»។
ចំណែកឯ ព្រះសង្ឃមួយអង្គផ្សេងទៀតដែលមានព្រះនាមថា Supornchaithammo កំពុងគង់នៅវត្ត Chin Wararam Worawiharn ក៏បានចូលជាកម្លាំងក្នុងការដឹកជញ្ជូនសាកសពអ្នកជំងឺ COVID-19 ទៅកាន់ឡបូជា។ ព្រះអង្គមានសង្ឃដីកាថា៖ «អាត្មាស្ម័គ្រចិត្តប្រឈមនឹងហានិភ័យ។ បើអាត្មាឆ្លងវីរុស អាត្មាត្រៀមខ្លួនជានិច្ចក្នុងការប្រឈមមុខនឹងវា ដោយមិនមានការស្ដាយក្រោយអ្វីឡើយ»។
ប្រទេសថៃ គិតមកដល់បច្ចុប្បន្ន បានរកឃើញអ្នកផ្ទុកវីរុស COVID-19 សរុបចំនួន 633,284 នាក់ ក្នុងនោះមានអ្នកស្លាប់ 5,168 នាក់ និងជាសះស្បើយចំនួនជាង 419,000 នាក់៕