(ភ្នំពេញ)៖ Johnson & Johnson ដែលជាវ៉ាក់សាំងបង្ការវីរុស COVID-19 ជាជំនួយរបស់ សហរដ្ឋអាមេរិក តាមរយៈយន្តការ COVAX បានដឹកមកដល់ កម្ពុជា ហើយ នៅព្រឹកថ្ងៃទី 30 កក្កដា ឆ្នាំ 2021។
វ៉ាក់សាំង Johnson & Johnson ចំនួនជិត 500,000 ដូស ដែលបានដឹកជញ្ជូនមកដល់ កម្ពុជា ព្រឹកនេះ គឺស្ថិតក្នុងចំណោមវ៉ាក់សាំងចំនួន ប្រមាណជាង 1 លានដូស ដែល សហរដ្ឋអាមេរិក បានប្រកាសផ្ដល់ជំនួយដល់ កម្ពុជា។ ចំណែកជាង 500,000 ដូស ផ្សេងទៀត នឹងត្រូវបានដឹកមកដល់ កម្ពុជា នៅថ្ងៃទី 02 សីហាខាងមុខ។
នៅក្នុងពិធីប្រគល់ និងទទួលវ៉ាក់សាំង Johnson & Johnson នាព្រឹកនេះ ក៏មានវត្តមានរបស់ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល របស់ កម្ពុជា រួមនឹង ភារធារីស្ថានទូតអាមេរិក លោក Ben wohlauer តំណាងអង្គការសុខភាពពិភពលោក និងអង្គការ UNICEF ។
សូមបញ្ជាក់ថា វ៉ាក់សាំង Johnson & Johnson ដែលផលិតនៅ សហរដ្ឋអាមេរិក នេះ គឺជាវ៉ាក់សាំងដែលចាក់តែ 1 ដូស គត់ គឺគ្រប់គ្រាន់។
គិតមកដល់បច្ចុប្បន្ន កម្ពុជា ទទួលបានជំនួយពី សហរដ្ឋអាមេរិក ប្រមាណ 11 លានដុល្លារ រាប់ចាប់ពី COVID-19 បានបង្ហាញខ្លួន។
ប្រភព៖ RGSUCAMBODIA
ដកស្រង់៖ បុត្រា