វ៉ាក់សាំងបង្ការវីរុស COVID-19 ចំនួនពាក់កណ្ដាល ក្នុងចំណោមជាង 1 លានដូស ដែលជាជំនួយរបស់ សហរដ្ឋអាមេរិក តាមរយៈយន្តការ COVAX នឹងមកដល់ កម្ពុជា នៅថ្ងៃស្អែក ខណៈជំនួយជា វ៉ាក់សាំង ចំនួន 415,000 របស់ ចក្រភពអង់គ្លេស ក៏នឹងមកដល់ កម្ពុជា ក្នុងសប្ដាហ៍នេះដែរ។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយរបស់ ស្ថានទូត សហរដ្ឋអាមេរិក ប្រចាំ កម្ពុជា ដែលបានចេញផ្សាយកាលពីថ្ងៃទី 28 កក្កដា បានបញ្ជាក់ថា វ៉ាក់សាំងដែលជាជំនួយរបស់ប្រទេសនេះ គឺប្រភេទ Johnson & Johnson។ វ៉ាក់សាំងទាំងនេះ នឹងមកដល់ កម្ពុជា នៅថ្ងៃទី 30 ខែកក្កដា ឆ្នាំ 2021 វេលាម៉ោង 07:15 នាទីព្រឹក នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ ស្ថានទូតក៏បានឱ្យដឹងថា វ៉ាក់សាំងដែលនៅសល់ពីនេះ នឹងមកដល់នៅថ្ងៃទី 02 ខែសីហា ឆ្នាំ 2021។
ដោយឡែក ស្ថានទូតអង់គ្លេស ប្រចាំ កម្ពុជា ក៏បានឱ្យដឹងថា វ៉ាក់សាំង AstraZeneca ចំនួន 415,000 ដូស ដែលប្រទេសនេះ បានសន្យាផ្ដល់ជាជំនួយដល់ កម្ពុជា ត្រូវបានរៀបចំរួចរាល់ ហើយនឹងមកដល់ កម្ពុជា ក្នុងសប្ដាហ៍នេះដែរ។
គិតត្រឹមព្រឹកថ្ងៃទី 29 ខែកក្កដា ឆ្នាំ 2021 កម្ពុជា មានអ្នកឆ្លង COVID-19 សរុប 75,917 នាក់ ក្នុងនោះមានអ្នកជាសះស្បើយជាង 68,380 នាក់ និង អ្នកស្លាប់ 1,350 នាក់៕
ដោយ៖ បុត្រា