ទិន្នន័យថ្មីបានបង្ហាញថា ដូស (ម្ជុល) ទីបី នៃ វ៉ាក់សាំង Pfizer អាចបង្កើនបរិមាណនៃអង្គបដិប្រាណប្រឆាំងវីរុស COVID-19 ប្រភេទ Delta ចាប់ពី 5-11 ដង បើធៀបនឹងការចាក់ម្ជុលទីពីរ។
ទិន្នន័យដែលត្រូវក្រុមហ៊ុន Pfizer បង្ហោះនៅលើអ៊ីនធើណិត កាលពីថ្ងៃទី 28 កក្កដា បង្ហាញថា បរិមាណនៃអង្គបដិប្រាណប្រឆាំងនឹង វីរុស COVID-19 ប្រភេទ Delta នៅលើមនុស្សដែលមានវ័យចាប់ពី 18-55 ឆ្នាំ កើនឡើង 5 ដង ក្រោយពីបានចាក់ដូសទីបី។ ចំណែកនៅលើអ្នកដែលមានវ័យចាប់ពី 65-85 ឆ្នាំ កំណើននៃអង្គបដិប្រាណនេះ ស្មើនឹង 11 ដង។
ក្រុមអ្នកស្រាវជ្រាវរបស់ Pfizer/BioNTech អះអាងថា ការចាក់វ៉ាក់សាំង Pfizer ដូសទីបី ជួយបង្កើនភាពរឹងមាំនៃរបងការពារមនុស្សពី Delta ដែលជាវ៉ារ្យ៉ង់ (វីរូសបំប្លែងខ្លួនថ្មី) របស់ COVID-19 ដែលកំពុងរាតត្បាតតំបន់ជាច្រើនក្នុងពិភពលោក។ ក្រុមស្រាវជ្រាវបន្ថែមថា វ៉ាក់សាំង Pfizer ចំនួន 3 ដូស អាចជួយ «បង្កើនលទ្ធភាពនៃការបង្ក្រាបលើ វ៉ារ្យ៉ង់ Delta បានរហូតដល់ 100 ដង» ធៀបនឹងកាលមិនទាន់បានចាក់វ៉ាក់សាំង។
ក្រៅពីនេះ ទិន្នន័យនៃការពិសោធស្រាវជ្រាវខាងលើ ក៏បានបញ្ជាក់ថា អ្នកដែលបានចាក់វ៉ាក់សាំង Pfizer ចំនួន 3 ដូស មានប្រសិទ្ធភាពក្នុងការទប់ស្កាត់វីរុសប្រភេទដំបូងរបស់ COVID-19 និង វ៉ារ្យ៉ង់ Beta ដែលបង្ហាញខ្លួនដំបូងនៅប្រទេស អាហ្វ្រិកខាងត្បូង ខ្ពស់ជាងច្រើន បើធៀបនឹងអ្នកដែលបានចាក់ពីរដូស។ បច្ចុប្បន្ន ទិន្នន័យនៃការពិសោធនេះ មិនទាន់ត្រូវបានផ្ទៀងផ្ទាត់ជាផ្លូវការនៅឡើយ។
នៅក្នុងបញ្ជីស្ដីពីវ៉ាក់សាំងប្រឆាំង COVID-19 ដែលត្រូវបាន WHO អនុម័ត គេឃើញថា វ៉ាក់សាំងដែលប្រើប្រាស់បច្ចេកវិទ្យា mRNA មានប្រសិទ្ធភាពខ្ពស់ជាងគេ នៅក្នុងការពិសោធលើមនុស្ស ក្នុងនោះ វ៉ាក់សាំង Moderna មានប្រសិទ្ធភាព 94% និង Pfizer 95%។ បើទោះជាមានការលំបាកក្នុងការរក្សាទុក និងការដឹកជញ្ជូន ប៉ុន្តែ វ៉ាក់សាំងទាំង 2 ប្រភេទនេះ ហាក់មានប្រសិទ្ធភាពក្នុងការប្រើប្រាស់ជាក់ស្ដែង ប្រហាក់ប្រហែលនឹងលទ្ធផលនៃការពិសោធ។ ការស្រាវជ្រាវមួយរបស់រដ្ឋាភិបាលអង់គ្លេស កាលពីខែមុន បានបង្ហាញដែរថា វ៉ាក់សាំង Pfizer ចំនួន 2 ដូស អាចកាត់បន្ថយហានិភ័យនៃការចូលពេទ្យរបស់អ្នកវិជ្ជមាននឹង វ៉ារ្យ៉ង់ Delta បានរហូតដល់ 96% ឯណោះ៕
ប្រភព៖ CNN
ប្រែសម្រួល៖ បុត្រា