ហានិភ័យនៃបញ្ហាកកឈាមបន្ទាប់ពីត្រូវបានចាក់វ៉ាក់សាំង AstraZeneca ដូសទីពីរ មានការថយចុះច្រើន បើធៀបនឹងក្រោយការចាក់ដូសទីមួយ។
លទ្ធផលនៃការសិក្សាស្រាវជ្រាវ ដែលត្រូវបានចុះផ្សាយនៅលើទស្សនាវដ្ដីវេជ្ជសាស្ត្រ Lancet កាលពីថ្ងៃទី 28 កក្កដា ក្រោមការដឹកនាំ និងឧបត្ថម្ភដោយ AstraZeneca បានបង្ហាញថា អត្រានៃការកកើតដុំឈាមកក ដោយបរិមាណប្លាកែតថយចុះ (TTS/ Thrombosis with Thrombocytopenia Syndrome) ក្រោយពីបានចាក់ម្ជុលទីមួយ ស្មើនឹង 8.1 នាក់/1 លាននាក់។
ការស្រាវជ្រាវ ផ្អែកទៅលើទិន្នន័យសុវត្ថិភាពសកលរបស់ AstraZeneca ដែលបានវាយតម្លៃលើករណីត្រូវបានរាយការណ៍គិតត្រឹមថ្ងៃទី 30 មេសា ក៏បង្ហាញថា បញ្ហាកកឈាម កើតឡើងក្នុងរង្វង់ 14 ថ្ងៃ បន្ទាប់ពីបានចាក់ម្ជូលទីមួយ ឬម្ជុលទីពីរ។
ជាក់ស្ដែង មានបញ្ហា TTS ចំនួន 13 ករណីត្រូវបានរាយការណ៍នៅទូទាំងពិភពលោក បន្ទាប់ពីបានចាក់ដូសទីពីរ នៅលើមនុស្សចាប់ពីវ័យ 45-85 ឆ្នាំ ខណៈ 399 ករណី ត្រូវបានរកឃើញ ក្រោយពីបានចាក់ម្ជុលដំបូង។
ស្ថាប័នគ្រប់គ្រងឱសថរបស់សហភាពអឺរ៉ុប (EU) បានពិនិត្យទៅលើករណី TTS ចាប់តាំងពីខែមីនា និងបានរកឃើញទំនាក់ទំនងរវាងបញ្ហាកកឈាមនេះ ជាមួយនឹងវ៉ាក់សាំង AstraZeneca និង Johnson & Johnson។ ក៏ប៉ុន្តែ ពួកគេសង្កត់ធ្ងន់ថា ផលប្រយោជន៍ជារួមរបស់វ៉ាក់សាំងទាំង 2 ប្រភេទនេះ នៅតែធំធេងជាងហានិភ័យណាៗទាំងអស់៕
ប្រភព៖ Reuters
ប្រែសម្រួល៖ បុត្រា