(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានបើកផ្លូវឱ្យក្រុមហ៊ុនរកស៊ីផ្នែកឱសថ អាចនាំចូលវ៉ាក់សាំងបង្ការវីរុស COVID-19 ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក (WHO) មកចែកចាយនៅ កម្ពុជា។
ក្នុងលិខិតជម្រាបទៅម្ចាស់គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ នាថ្ងៃទី 27 ខែកក្កដា ឆ្នាំ 2021 លោកសាស្ត្រចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបញ្ជាក់ថា គ្រឹះស្ថាន អាហរ័ណ នីហរ័ណឱសថ ដែលទទួលបានការអនុញ្ញាតពីក្រសួងសុខាភិបាល អាចធ្វើការស្នើសុំនាំចូលវ៉ាក់សាំង COVID-19 ទាំងឡាយណា ដែលត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក ដើម្បីចែកចាយ និងចាក់តាមទីតាំងផ្តល់សេវាសុខាភិបាលឯកជន ស្របច្បាប់ ក្នុងក្របខណ្ឌទូទាំងប្រទេស។
ក្នុងលិខិតនេះ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា គ្រឹះស្ថាន អាហរ័ណ នីហរ័ណឱសថ ត្រូវប្រតិបត្តិឱ្យបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេសក្នុងការដឹកជញ្ជូន ការថែរក្សា និងការស្តុកវ៉ាក់សាំង នៅក្នុងឃ្លាំង ដើម្បីធានាឱ្យបានសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់៕