យ៉ាងហោចណាស់ មានពលរដ្ឋចំនួន 800 នាក់ នៅប្រទេស អ៊ូហ្គង់ដា ត្រូវបានចាក់វ៉ាក់សាំង COVID-19 ក្លែងក្លាយ ក្នុងនោះមានអ្នកខ្លះត្រូវចាក់ទឹកទៀតផង។
មន្ត្រីរដ្ឋាភិបាល អ៊ូហ្គង់ដា កាលពីថ្ងៃទី 21 កក្កដា បានឱ្យដឹងថា នេះគឺជាល្បិចកលទាក់ទិននឹងក្រុមវេជ្ជបណ្ឌិត និងបុគ្គលិកសុខាភិបាល មួយក្ដាប់តូច ដែលមានចិត្តលោភលន់ និងអមនុស្សធម៌។
យោងតាមសារព័ត៌មាន SCMP ការចាក់វ៉ាក់សាំង COVID-19 ក្លែងក្លាយទាំងនេះ ត្រូវបានធ្វើឡើងនៅក្នុងខែឧសភា និងខែមិថុនា ក្នុងគ្រាដែល COVID-19 ឆ្លងរាលដាលខ្លាំងនៅ អ៊ូហ្គង់ដា ដោយមានពេលខ្លះ មានអ្នកវិជ្ជមានរហូតដល់ 1,700 ករណី/ថ្ងៃ។
ក្រុមជនខិលខួច បានបោកប្រាស់ពលរដ្ឋទាំងឡាយណាដែលចង់បង់ប្រាក់ដើម្បីបានចាក់វ៉ាក់សាំងមុនគេ នៅក្នុងអំឡុងពេលប្រទេស អ៊ូហ្គង់ដា កំពុងខ្វះខាតវ៉ាក់សាំង។
បណ្ឌិត Warren Naaamara ប្រធានអង្គភាពតាមដានសេវាសុខាភិបាល របស់ប្រធានាធិបតី បានទទួលស្គាល់ព័ត៌មានខាងលើ និងឱ្យដឹងបន្ថែមថា «យើងបានចាប់ខ្លួនបុគ្គលិកសុខាភិបាលចំនួន 2 នាក់ ទាក់ទងនឹងបញ្ហាបោកប្រាស់នេះ ចំណែកវេជ្ជបណ្ឌិតម្នាក់ទៀត កំពុងលាក់ខ្លួន»។
លោក Warren Naaamara បញ្ជាក់ថា អ្នកដែលត្រូវបានចាក់វ៉ាក់សាំងក្លែងក្លាយ មិនចាំបាច់ព្រួយបារម្ភឡើយ ព្រោះការពិសោធបង្ហាញថា វ៉ាក់សាំងក្លែងក្លាយនេះ មិនមានផ្ទុកសារធាតុដែលបង្កគ្រោះថ្នាក់ដល់សុខភាពឡើយ។
រដ្ឋាភិបាល អ៊ូហ្គង់ដា ចាក់វ៉ាក់សាំងជូនពលរដ្ឋដោយមិនគិតថ្លៃ ខណៈក្រុមឆបោក យកប្រាក់ចាប់ពី 25-120 ដុល្លារ ចំពោះពលរដ្ឋម្នាក់។
ប្រទេស អ៊ូហ្គង់ដា កាលពីថ្ងៃទី 21 កក្កដា បានរកឃើញអ្នកវិជ្ជមានថ្មីត្រឹមតែ 252 នាក់ប៉ុណ្ណោះ ក្រោយការឆ្លងដល់កម្រិតកំពូលកាលពីខែមិថុនា។ មកដល់បច្ចុប្បន្ន ប្រទេសនេះបានរកឃើញអ្នកវិជ្ជមាននឹង COVID-19 សរុបចំនួន 91,162 នាក់ ក្នុងនោះមាន 2,425 នាក់ បានបាត់បង់ជីវិត៕
ប្រភព៖ Bloomberg
ប្រែសម្រួល៖ បុត្រា