មានជំនឿជាច្រើន ពាក់ព័ន្ធនឹងរឿងអាហារការហូបចុក ក្នុងអំឡុងពេលមានគភ៌ថា ញ៉ាំអានេះទៅ វានឹងល្អ ឬញ៉ាំអានោះទៅ នឹងធ្វើឱ្យកូនខ្ពស់ កូនឆ្លាត កូនងាយកើត ឬស្រួលកើត ជាដើម-ល- តែជំនឿខ្លះ មិនមែនចេះតែត្រូវទាំងអស់នោះទេ ដូច្នេះថ្ងៃនេះ យើងនាំគ្នាមកពិនិត្យមើលថា តើរឿងដែលយើងជឿទាំងអស់នោះ វាជាការពិត ឬយ៉ាងណា?
ជំនឿថា ញ៉ាំហឹរពេក នឹងធ្វើឱ្យកូន មិនសូវមានសក់…
ការពិត៖ សក់របស់កូនតិច ឬច្រើននោះ វាស្ថិតនៅលើពូជ ឬហ្ស៊ែន របស់មនុស្សម្នាក់ៗ ចំណែកឯជំនឿ រឿងហាមញ៉ាំហឹរនេះ ប្រហែលជាមកពីខ្លាចស្ត្រីមានគភ៌ឈឺពោះ ពិបាកបន្ទោបង់ ឬមិនទេ ក៏ខ្លាចរាករូស ដែលនាំឱ្យមានផលប៉ះពាល់ដល់សុខភាពរបស់ស្ត្រីមានគភ៌ទៅវិញទេ ព្រោះនៅក្នុងអំឡុងពេលមានគភ៌ ប្រព័ន្ធរំលាយអាហារ នឹងខុសពីពេលមុនមានគភ៌ ដោយសារតែអ័រម៉ូនប្រែប្រួល ដែលអាចនឹងធ្វើឱ្យមានបញ្ហាក្នុងការបន្ទោបង់ ឬអាចធ្វើឱ្យកើតអាការឆ្អល់ពោះ និងរាករូសបានហ្នឹងឯង។
ជំនឿថា ញ៉ាំទឹកដូងច្រើន នឹងជួយឱ្យកូនមានសាច់ស្អាត និងលាងជម្រះជាតិខ្លាញ់តាមដងខ្លួន…
ការពិត៖ ការពិតទៅ ការដែលមានខ្លាញ់ជាប់នៅតាមដងខ្លួនទារកនោះ នឹងធ្វើឱ្យងាយស្រួលប្រសូត ព្រោះវាប្រៀបដូចជា ជាតិខ្លាញ់រំអិលស្រោបពីលើខ្លួនទារក ខណៈពេលប្រសូតចេញមកដូច្នោះដែរ។ ជាតិខ្លាញ់មួយនេះ ផលិតឡើងដោយកោសិកាស្បែករបស់ទារក និងក្រពេញជាតិខ្លាញ់នៅខាងក្រោមស្បែក ពេលអាយុគភ៌ រឹតតែច្រើនឡើង ជាតិខ្លាញ់នោះក៏នឹងកើតឡើងច្រើនតាមនោះដែរ។ ក្រៅពីនេះ ក្រោយពេលប្រសូតហើយថ្មីៗ ជាតិខ្លាញ់ដែលស្រោបខ្លួនប្រាណទារកនោះ នឹងជួយគ្រប់គ្រងសីតុណ្ហភាពរបស់កូនតូច មិនឱ្យធ្លាក់ចុះទាបជ្រុលពេកបានទៀតផង។ ដូច្នេះហើយទើបគ្រូពេទ្យបណ្តោយឱ្យជាតិខ្លាញ់ទាំងនោះ នៅជាប់នឹងខ្លួនទារកមួយរយៈសិន មុននឹងលាងចេញ នៅពេលប្រាកដក្នុងចិត្តហើយថា ទារកចាប់ផ្តើមគ្រប់គ្រងសីតុណ្ហភាពដោយខ្លួនឯងបានហើយ។ ការប្រញាប់លាងជាតិខ្លាញ់នោះចេញពេក អាចនឹងធ្វើឱ្យខ្លួនប្រាណកូនតូច ត្រជាក់ខុសធម្មតា និងអាចបង្កឱ្យមានបញ្ហាបាន។
ចំណែកឯទឹកដូងវិញ មានជាតិស្ករ និងសារធាតុអាស៊ីតខ្លាញ់កកច្រើន ពេលស្ត្រីមានគភ៌ញ៉ាំច្រើន អាចធ្វើឱ្យកូនមានមាឌធំ តែមិនសូវរឹងមាំ ហើយអ្នកម្តាយខ្លួនឯង ក៏កាន់តែមានភាពប្រឈមនឹងការកើតមានខ្លាញ់ញ៉ុកណែនក្នុងសរសៃឈាមខ្លាំងដែរ ដូច្នេះបើទម្ងន់ខ្លួន កើនឡើងច្រើនហើយ គួរតែផ្អាកញ៉ាំទឹកដូងមួយរយៈ។
ជំនឿថា ហាមញ៉ាំបន្លែពពួកវល្លិ៍ៗ ឬបន្លែឡើងទ្រើង ព្រោះនឹងធ្វើឱ្យពិបាកប្រសូត…
ការពិតវិញ៖ វាជាជំនឿកាលពីបុរាណ ដែលថា បន្លែទាំងនោះមានលក្ខណៈជាខ្សែសរសៃ រឹតចងតោង ធ្វើឱ្យទារកពិបាកកើតចេញមក។ តែការពិតទៅ ស្ត្រីមានគភ៌ អាចទទួលទានបានទាំងអស់ មិនកំណត់ប្រភេទបន្លែឡើយ ជាពិសេសពពួកបន្លែស្លឹកបៃតងផ្សេងៗ ដូចជាត្រកួន ស្លឹកបាស សណ្តែកកួរ ល្ពៅ ប៉េងប៉ោះ ខាត់ណា ជាដើម។ បើបានទទួលទានបន្លែទាំងអស់នោះហើយ នឹងមានប្រយោជន៍ខ្លាំងណាស់ ព្រោះនឹងធ្វើឱ្យស្ត្រីមានគភ៌ខ្លួនឯង ទទួលបានវិតាមីនដែលចាំបាច់ និងសំខាន់ដល់ការរីកធំធាត់របស់ភ្នាសស្តើងៗ នៃកែវភ្នែក និងក្រពេញការធ្វើការងាររបស់គ្រាប់ភ្នែក។
ជំនឿដែលថា ហាមញ៉ាំទឹកតែ កាហ្វេ ព្រោះអាចធ្វើឱ្យរលូតបុត្រ…
តែការពិតវិញ…មានការសិក្សាវិភាគពីការញ៉ាំកាហ្វេ ឬភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនរបស់ស្ត្រីមានគភ៌ ចំនួន 1,063នាក់ បានរកឃើញថា ស្ត្រីមានផ្ទៃពោះ ដែលទទួលទានបរិមាណកាហ្វេអ៊ីន លើសពី 200មីល្លីក្រាមក្នុង 1ថ្ងៃ (ប្រមាណ 2ពែង ក្នុង 1ថ្ងៃ) អាចនឹងបណ្ដាលឱ្យកើតការរលូតបុត្របានដល់ទៅ 25ភាគរយ តែក៏មិនមែនមានន័យថា ហាមមិនឱ្យញ៉ាំនោះដែរ គ្រាន់តែត្រូវកំណត់ មិនឱ្យលើសពី 1កែវ ក្នុងរយៈពេល 2-3ថ្ងៃឡើយ អាចគ្រាន់តែក្រេបចឹបៗ ឱ្យបាត់ចង់ទៅបានហើយ។ ការញ៉ាំទឹកតែ ឬកាហ្វេ ច្រើនជ្រុលពេក នឹងធ្វើឱ្យគេងមិនលក់ សម្រាកមិនបានគ្រប់គ្រាន់ ឬអ្នកខ្លះអាចធ្វើឱ្យឆ្អល់ពោះ ដែលនឹងមានផលប៉ះពាល់ដល់សុខភាពរបស់ស្ត្រីមានគភ៌ខ្លួនឯង និងប៉ះពាល់ដល់ការរីកចម្រើនធំធាត់ និងការវិវឌ្ឍរបស់ទារកនៅក្នុងផ្ទៃបានទៀតផង។
ជំនឿថា ញ៉ាំថ្នាំខ្លាញ់ត្រី ប្រភេទគ្រាប់ នឹងធ្វើឱ្យឈាមបង្កកខ្លួនយឺត…
ការពិតវិញ៖ ខ្លាញ់ត្រី ឬ Fish Oil នេះ មិនដូចខ្លាញ់ថ្លើមត្រីទេ តែជាខ្លាញ់របស់ត្រី ដែលមានអាស៊ីតជាតិខ្លាញ់មិនកកដែលចាំបាច់ចំពោះរាងកាយ គឺអាស៊ីតខ្លាញ់នៅក្នុងក្រុមអូមេហ្កា3 ដែលជាចំណែកសំខាន់មួយរបស់កោសិកា ឬសាច់ភ្នាសរបស់រាងកាយ រួមទាំងខួរក្បាល គ្រាប់ឈាមប្រភេទផ្សេងៗ និងការបង្កើតភាពស៊ាំ ប្រឆាំងនឹងជំងឺរបស់រាងកាយ និងថែមទាំងជួយកាត់បន្ថយអាការរលាករបស់សន្លាក់ឆ្អឹង ដែលស្ត្រីមានគភ៌ច្រើនតែជួបប្រទះទៀតផង តែស្ត្រីមានផ្ទៃពោះ ក៏មិនគួរទទួលទានថ្នាំខ្លាញ់ត្រីប្រភេទគ្រាប់នេះច្រើនពេកដែរ តែគួរទទួលទានខ្លាញ់ត្រី ដែលមាននៅក្នុងសាច់ត្រីផ្សេងៗ ដូចជា សាច់ត្រីសាល់ម៉ុន ត្រីធូណា ត្រីឆ្ពុងក្រហម ជាដើមជំនួសវិញ ទើបជាការល្អ។
ក្រៅពីនេះ ស្ត្រីមានគភ៌គួរឈប់ទទួលទានអាហារបំប៉ន ប្រភេទថ្នាំខ្លាញ់ត្រីបែបគ្រាប់ ពេលមានផ្ទៃពោះបាន 6-7ខែ ព្រោះទោះជាវាជួយមិនឱ្យកើតមានភាពញ៉ុកណែនក្នុងសរសៃឈាមមែន តែវាអាចធ្វើឱ្យឈាម ក្របង្កកខ្លួននៅពេលកើតមានរបួសស្នាម ឬពេលវះកាត់ជាដើម។
បន្ទាប់ពីបានដឹងការពិតរបស់ជំនឿក្នុងរឿងអាហារការហូបចុក ដែលយើងបាននាំយកមកជម្រាបជូនហើយនោះ ស្ត្រីមានគភ៌ទាំងឡាយប្រហែលជាបានយល់ និងអាចជ្រើសរើសទទួលទានអាហារ បានយ៉ាងសប្បាយចិត្ត ដើម្បីសុវត្ថិភាពទាំងខ្លួនអ្នក និងកូននៅក្នុងផ្ទៃជាមិនខាន៕
រៀបរៀងដោយអ្នកគ្រូ ឆវី