ថ្ងៃទី 21 កក្កដា នេះ សារព័ត៌មានរដ្ឋ រុស្ស៊ី ដកស្រង់សេចក្ដីប្រកាសមួយរបស់មូលនិធិវិនិយោគផ្ទាល់របស់ រុស្ស៊ី (Russian Direct Investment Fund / RDIF) ឱ្យដឹងថា វៀតណាម បានផលិតវ៉ាក់សាំងប្រឆាំង COVID-19 ប្រភេទ Sputnik-V គំរូសម្រាប់ពិសោធន៍ដំបូង ដែលអភិវឌ្ឍដោយ រុស្ស៊ី។ ក្រុមហ៊ុនជាដៃគូ VABIOTECH របស់ភាគី វៀតណាម ក៏បានទទួលស្គាល់ព័ត៌មាននេះ។
ស្ថានីយវិទ្យុ Sputnik និងទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា គំរូរបស់វ៉ាក់សាំងពិសោធន៍នេះ នឹងត្រូវបានដឹកជញ្ជូនទៅកាន់មជ្ឈមណ្ឌល Gamaleya នៅប្រទេស រុស្ស៊ី ដើម្បីធ្វើការវាយតម្លៃគុណភាព។
នាយកមូលនិធិ RDIF លោក Kirill Dmitriev បាននិយាយថា «RDIF និង VABIOTECH កំពុងសហការគ្នាក្នុងការផ្ទេរបច្ចេកវិទ្យា។ RDIF កំពុងបង្កើនកម្លាំងផលិតវ៉ាក់សាំង Sputnik V ដើម្បីបង្កើនល្បឿនក្នុងការចាក់វ៉ាក់សាំង ដែលល្អបំផុតមួយក្នុងពិភពលោក»។
ប្រធានក្រុមហ៊ុន VABIOTECH នៃប្រទេស វៀតណាម លោក Do Tuan Dat ត្រូវបានដកស្រង់សំដីដែលថ្លែងនៅលើស្ថានីយវិទ្យុ Sputnik ឱ្យដឹងដែរថា «យើងសង្ឃឹមថា កិច្ចសហការរវាង RDIF និង VABIOTECH នឹងជួយផ្គត់ផ្គង់វ៉ាក់សាំងប្រឆាំង COVID-19 ប្រកបដោយគុណភាព និងតម្លៃសមរម្យ ដល់ ប្រទេស វៀតណាម និងបណ្ដាប្រទេស នៅតំបន់អាស៊ីអាគ្នេយ៍ទាំងមូល»។
Sputnik-V គឺជាវ៉ាក់សាំងបង្ការវីរុស COVID-19 ដែលត្រូវបានអនុម័តឱ្យប្រើប្រាស់ដំបូងគេក្នុងពិភពលោក។ យោងតាម RDIF មកដល់បច្ចុប្បន្ន ប្រទេស និងដែនដីជាង 60 ដែលមានប្រជាជនសរុប ជាង 3.7 ពាន់លាននាក់ បានចុះឈ្មោះប្រើប្រាស់វ៉ាក់សាំង Sputnik-V ។
តារាងវាយតម្លៃរបស់ក្រុមអ្នកវិទ្យាសាស្ត្ររុស្ស៊ី ដែលជាអ្នកបានអភិវឌ្ឍវ៉ាក់សាំង Sputnik-V បញ្ជាក់ថា វ៉ាក់សាំងនេះមានប្រសិទ្ធភាព 97.6% ក្នុងការទប់ស្កាត់ COVID-19។ វិទ្យាស្ថាន Gamaleya កាលពីថ្ងៃទី 29 មិថុនា បានឱ្យដឹងថា វ៉ាក់សាំងរបស់ រុស្ស៊ី នេះ ក៏មានប្រសិទ្ធភាពប្រហែល 90% ក្នុងការទប់ស្កាត់ COVID-19 ប្រភេទ Delta ផងដែរ។
បច្ចុប្បន្ន ឥណ្ឌា គឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលផលិតវ៉ាក់សាំង Sputnik-V ច្រើនជាងគេក្នុងពិភពលោក ដោយផលិត 300 លានដូសជារៀងរាល់ឆ្នាំ ទៅតាមកិច្ចព្រមព្រៀង។ RDIF ក៏បានបន្ថែមថា ឈុតវ៉ាក់សាំង Sputnik-V ដំបូងដែលផលិតនៅ ឥណ្ឌា តាមគម្រោងនឹងត្រូវរួចរាល់នៅក្នុងខែកញ្ញា ឆ្នាំ 2021៕
ប្រភព៖ Reuters
ប្រែសម្រួល៖ បុត្រា