អន្ទាក់ប្រភេទនេះ ត្រូវបានបញ្ចូលទៅក្នុងរាងកាយ ដើម្បី «ចាប់» វីរុសបង្កជំងឺរលាកថ្លើមប្រភេទ B និងបណ្ដាវីរុសបង្កជំងឺផ្លូវដង្ហើម ឬ ត្រូវបានប្រើប្រាស់ជាមធ្យោបាយដឹកជញ្ជូនថ្នាំ ចូលទៅកាន់រាងកាយ។
ក្រុមអ្នកស្រាវជ្រាវនៃមហាវិទ្យាល័យបច្ចេកទេស Munich នៃប្រទេស អាល្លឺម៉ង់ ចាប់តាំងពីឆ្នាំ 2019 បាន និងកំពុងអភិវឌ្ឍអន្ទាក់មួយប្រភេទដែលមានទំហំលំដាប់ nano ដែលមានរូបរាងដូចទៅនឹងរន្ធមហាសែនតូច ត្រូវបានបង្កើតឡើងដោយប្រើវិធីសាស្ត្រ DNA orgami (បត់កំណាត់ DNA ទៅជារាង 2D, 3D ផ្សេងគ្នា)។
យោងតាមក្រុមអ្នកស្រាវជ្រាវ ការជ្រើសរើសទីតាំងបត់ត្រឹមត្រូវ និងស្វែងរកទំហំអន្ទាក់ដែលអាចចាប់បានវីរុសដ៏តូច គឺជាកត្តាសំខាន់។ នេះបើតាម Hendrik Dietz ប្រធានក្រុមស្រាវជ្រាវខាងលើ។
អន្ទាក់នេះ ត្រូវបានរចនាទៅតាមរូបរាង icosahedron ដែលបង្កើតឡើងពីផ្ទៃនៃរាងត្រីកោណចំនួន 20 ហើយនៅខាងក្នុង គឺជាប្រហោង ដែលអាចទាក់ទាញវីរុស។ Hendrik Dietz បានឱ្យដឹងថា តាមរយៈវិធីនេះ ក្រុមអ្នកស្រាវជ្រាវ អាចផ្លាស់ប្ដូរផ្ទៃនៃរាងត្រីកោណនីម័យៗ ដើម្បីសម្របខ្លួនទៅតាមប្រភេទវីរុស។ វីរុសដែលមានទំហំអតិបរមា ត្រឹម 180 អនុឯកតានៃប្រូតេអ៊ី (protein subunit) គឺងាយនឹងជាប់អន្ទាក់នាក់។
ដើម្បីទប់ស្កាត់ មិនឱ្យអន្ទាក់នេះ ត្រូវរលាយនៅក្នុងរាងកាយ ក្រុមអ្នកស្រាវជ្រាវបានធ្វើការពិសោធ ដោយប្រើប្រាស់កាំរស្មី UV ជះទៅលើម៉ូលេគុលប្រូតេអ៊ីននៅខាងក្នុង និងប្រើ polyethylene glycol និង oligolysine ដើម្បីដោះស្រាយបញ្ហាពីខាងក្រៅ។ លទ្ធផលបង្ហាញថា អន្ទាក់ nano នេះ នៅពេលត្រូវបានដាក់ចូលក្នុងសរសៃឈាមរបស់សត្វកណ្ដុរ វាអាចស្ថិតនៅក្នុងស្ថិរភាពល្អរយៈពេល 24 ម៉ោង។
ក្រុមអ្នកវិទ្យាសាស្ត្របានបញ្ជាក់ថា វ៉ាក់សាំងនាពេលបច្ចុប្បន្ន ត្រូវបានពេលច្រើនដើម្បីអភិវឌ្ឍ ខណៈដែលល្បឿននៃការឆ្លងរាលដាលរបស់វីរុស លឿនជាងឆ្ងាយ។
បច្ចុប្បន្ន ក្រុមអ្នកស្រាវជ្រាវ កំពុងបន្តពិសោធលើសត្វកណ្ដុរ ដើម្បីវាយតម្លៃលើលទ្ធភាពនៃការទទួលយករបស់វាងកាយ។ ក្រៅពីប្រើសម្រាប់កម្ចាត់វីរុសចម្លងរោគ អន្ទាក់នេះក៏អាចត្រូវបានប្រើប្រាស់ជាមធ្យោបាយដឹកជញ្ជូនអង់ទីហ្សែន (antigens) និងថ្នាំ ចូលទៅក្នុងរាងកាយផងដែរ៕
ប្រភព៖ Science Daily
ប្រែសម្រួល៖ បុត្រា