វៀតណាម បានកំណត់គោលដៅ ទិញវ៉ាក់សាំង COVID-19 ចំនួន 150 លានដូស ដើម្បីចាក់ជូនពលរដ្ឋឱ្យមាន 70% ហើយមកដល់បច្ចុប្បន្ន វ៉ាក់សាំងប្រមាណ 105 លានដូស ត្រូវបានចុះកិច្ចសន្យារួចរាល់។
ក្នុងចំណោមវ៉ាក់សាំងបង្ការវីរុស COVID-19 ចំនួន 105 លានដូស ដែល វៀតណាម បានធានាថានឹងទទួលបាន មាន 38.9 លានដូសស្ថិតក្នុងកម្មវិធី ជំនួយ COVAX របស់អង្គការសុខភាពពិភពលោក, 30 លានដូសជា AstraZeneca ផ្គត់ផ្គង់ដោយក្រុមហ៊ុនវៀតណាម VNVC, 31 លានដូស ជា វ៉ាក់សាំង Pfizer ដែលចុះហត្ថលេខាជាមួយរដ្ឋាភិបាល និង 5 លានដូស Moderna ប្រគល់សិទ្ធិឱ្យក្រុមហ៊ុន Zuellig Pharma Viet Nam ជាអ្នកចាត់ចែង។ នេះបើតាមប្រកាសរបស់ក្រសួងការបរទេស វៀតណាម។
ទន្ទឹមនឹងនេះ វៀតណាម ក៏កំពុងចរចាទិញវ៉ាក់សាំងបន្ថែមចំនួន 55 លានដូសទៀត រួមមាន 40 លានដូស ជាវ៉ាក់សាំង Sputnik V របស់ រុស្ស៊ី និង 15 លានដូសជាវ៉ាក់សាំង Covaxin របស់ ឥណ្ឌា។
គិមត្រឹមថ្ងៃទី 12 ខែកក្កដា វៀតណាម បានទទួលវ៉ាក់សាំងបង្ការ COVID-19 ប្រមាណ 8 លានដូសរួចហើយ។ នាពេលខាងមុខ ពោលគឺក្នុងអំឡុងចាប់ពីខែកក្កដា ដល់ខែកញ្ញា វៀតណាម នឹងបានទទួលវ៉ាក់សាំង Pfizer-BioNTech ចំនួនជាង 1 លានដូសទៀត ពីកម្មវិធី COVAX បន្ថែមពីលើប្រហែល 4.5 លានដូស ដែលកម្មវិធីនេះបានប្រគល់ឱ្យ វៀតណាម កាលពីមុននេះ។ កន្លងមក សហរដ្ឋអាមេរិក ក៏បានសម្រេចផ្ដល់ជំនួយជាវ៉ាក់សាំង Moderna ចំនួន 2 លានដូស ទៅឱ្យ វៀតណាម តាមរយៈកម្មវិធី COVAX។
បន្ទាប់ពីបានផ្ដល់ជំនួយជាវ៉ាក់សាំង AstraZeneca ចំនួន 2 លានដូស ដល់វៀតណាម ប្រទេស ជប៉ុន ក៏សន្យាថានឹងផ្ដល់ជំនួនបន្ថែម 1 លានដូសទៀតនៅថ្ងៃទី 16 ខែកក្កដា។
ជាងនេះ នៅក្នុងបញ្ជីឈ្មោះវ៉ាក់សាំង ដែល វៀតណាម បានទទួល ក៏នៅមានវ៉ាក់សាំង Vero Cell របស់ក្រុមហ៊ុន ចិន Sinopharm ចំនួន 500,000 ដូស និង Sputnik V របស់ រុស្ស៊ី ចំនួន 1,000 ដូសផងដែរ។
អូស្ត្រាលី បានសន្យាផ្ដល់ជំនួយជាវ៉ាក់សាំង AstraZeneca ចំនួន 1.5 លានដូស ចាប់ពីពេលនេះ រហូតដល់ចុងឆ្នាំ និងជំនួយជាប្រាក់ចំនួន 13.5 លានដុល្លារអូស្ត្រាលី (ជាង 10 លានដុល្លារអាមេរិក) ដល់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ដើម្បីទិញវ៉ាក់សាំង COVID-19 តាមរយៈមូលនិធិកុមារនៃអង្គការសហប្រជាជាតិ (UNICEF)។
ចំណែកប្រទេស អង់គ្លេស វិញ ក៏បានសន្យាផ្ដល់ជំនួយជាវ៉ាក់សាំងបង្ការ COVID-19 មួយចំនួនដល់ វៀតណាម ផងដែរ តាមរយៈកម្មវិធី COVAX និងទ្វេភាគី៕
ប្រភព៖ VNexpress
ប្រែសម្រួល៖ បុត្រា