ក្រៅពី Pfizer និង Moderna ដែលមនុស្សភាគច្រើន ផ្ដល់ការចាប់អារម្មណ៍ហើយនោះ នៅមានវ៉ាក់សាំង 1ប្រភេទទៀតគឺ Novavax ឬណូវ៉ាវ៉េកស៍ ដែលមានប្រសិទ្ធភាពល្អ មិនចាញ់គ្នាប៉ុន្មានឡើយ ទោះជាកំពុងស្ថិតក្នុងការសាកល្បង និងប្រមូលទិន្នន័យ និងមិនទាន់ទទួលបានការធានារ៉ាប់រងពី WHO ក៏ដោយ តែដោយតិចណូឡូជីក្នុងការផលិតបែប Protein-based ដែលហាក់ដូចជាវិធីបែបបុរាណនោះ ទើបធ្វើឱ្យ ក្លាយជាវ៉ាក់សាំងដែលមានសុវត្ថិភាព មានផលប៉ះពាល់តិចតួច និងមានតម្លៃមិនថ្លៃ។
អីលូវយើងនាំគ្នាមកស្គាល់ “ណូវ៉ាវ៉េកស៍” (Novavax) ដូចតទៅ៖
ឈ្មោះផ្លូវការ៖ វ៉ាក់សាំង NVX-CoV2373
ផលិតដោយ៖ ក្រុមហ៊ុន Novavax រដ្ឋ Maryland ប្រទេសសហរដ្ឋអាមេរិក
ប្រភេទរបស់វ៉ាក់សាំង៖ Protein-based ផលិតដោយបង្កើតប្រូតេអ៊ីនរបស់មេរោគវីរុស ដោយប្រព័ន្ធ cell culture, yeast, baculovirus ជាដើម ហើយនាំយកមកផ្សំជាមួយសារធាតុជំរុញប្រព័ន្ធភាពស៊ាំ។ នៅពេលចាក់ចូលទៅក្នុងរាងកាយមនុស្ស នឹងជំរុញឱ្យរាងកាយបង្កើតអង់ទីគ័រ ប្រឆាំងប្រូតេអ៊ីនស្ប៉ៃខ៍ របស់វីរុសជំងឺកូវីដ-19 ដោយតិចណូឡូជីនេះ ត្រូវបានប្រើប្រាស់ក្នុងការផលិតវ៉ាក់សាំងជាច្រើនប្រភេទ ដូចជា វ៉ាក់សាំងការពារជំងឺគ្រុនផ្ដាសាយធំ វ៉ាក់សាំងការពារវីរុសរលាកថ្លើម ប្រភេទB ជាដើម។
អាយុដែលអាចចាក់បាន៖ ចាប់ពី 18ឆ្នាំឡើងទៅ តែកំពុងសាកល្បងជាមួយអាយុ 14-17ឆ្នាំ។
ចំនួនដែលត្រូវចាក់៖ 2ម្ជុល ដោយឆ្ងាយពីគ្នាប្រមាណ 3សប្ដាហ៍។
ផលប៉ះពាល់ដែលជួបប្រទះ៖ មិនទាន់រកឃើញអាការបន្ទាប់បន្សំដែលធ្ងន់ធ្ងរនៅឡើយ ជួបតែអាការបន្ទាប់បន្សំដូចវ៉ាក់សាំងទូទៅដែរ ដូចជា ឈឺ និងហើមកន្លែងចាក់ គ្រុនក្ដៅខ្លួន អស់កម្លាំង ឈឺក្បាល ជាដើម។
ប្រសិទ្ធភាពក្នុងការការពារការឆ្លងមេរោគវីរុស៖ ការពារកូវីដ-19 ប្រភេទចាស់ បាន 96.4%, ប្រភេទអាល់ហ្វា 86% និងប្រភេទបេតា ការពារបាន 55% និងដោយសារតែអាចការពារកូវីដ-19 បានច្រើនប្រភេទនេះហើយ ទើបក្លាយជាវ៉ាក់សាំងមួយ ដែលមនុស្សទូទាំងពិភពលោកកំពុងចាប់អារម្មណ៍។
ប្រសិទ្ធភាពក្នុងការកាត់បន្ថយអាការធ្ងន់ធ្ងរដល់ជីវិត៖ 100%
ប្រសិទ្ធភាពក្នុងការកាត់បន្ថយការចម្លងមេរោគ៖ មិនមានទិន្នន័យ
ប្រទេសដែលចាក់៖ មិនទាន់បានទទួលការអនុញ្ញាតឱ្យប្រើជាផ្លូវការ នៅក្នុងប្រទេសណាមួយនៅឡើយ ដោយសារតែកំពុងស្ថិតក្នុងដំណាក់កាលសាកល្បង តែមានការសាកល្បងប្រើជាមួយអ្នកជំងឺនៅក្នុងប្រទេសជាច្រើនរួចមកហើយ ដូចជា សហរដ្ឋអាមេរិក អូស្ត្រាលី ឥណ្ឌា ចក្រភពអង់គ្លេស អាហ្វ្រិកខាងត្បូង មិកស៊ិក និងពើតូរីកូ ជាដើម។
ឋានៈការធានារ៉ាប់រងដោយ WHO៖ មិនទាន់បានទទួលការចុះបញ្ជី ឱ្យក្លាយជាវ៉ាក់សាំង ដែលប្រើបានក្នុងករណីអាសន្នដោយ WHO នៅឡើយ។
ចំណុចល្អ៖ ដោយសារតិចណូឡូជីក្នុងការផលិត បែប Protein-based ជា តិចណូឡូជី ដែលអ្នកស្រាវជ្រាវ និងគ្រូពេទ្យធ្លាប់ស្គាល់ស្រាប់មកហើយនោះ ទើបហាក់ដូចជាមានសុវត្ថិភាព មានប៉ះពាល់តិចតួច ហើយលទ្ធផលសាកល្បង ដែលចេញមក រហូតដល់បច្ចុប្បន្ន(ថ្ងៃ13 កក្កដា 2021) នៅតែស្ថិតក្នុងកម្រិតគួរឱ្យពេញចិត្ត ព្រោះជាប្រូតេអ៊ីនបន្លា ដែលចាក់ចូលទៅក្នុងរាងកាយដោយផ្ទាល់ មិនចាំបាច់ឆ្លងកាត់តួផ្សំកណ្ដាល ឬកម្មវិធីបង្កើតប្រព័ន្ធភាពស៊ាំរបស់រាងកាយឡើយ។ ក្រៅពីនេះ តម្លៃថែមទាំងធូរថ្លៃទៀតផង ដោយ 2ដូស(ឬ 2ម្ជុល) តម្លៃត្រឹមតែ 16ដុល្លារអាមេរិក ឬប្រមាណតែជាង 60,000រៀលប៉ុណ្ណោះ។
ចំណុចគួរប្រយ័ត្ន៖ នៅត្រូវរង់ចាំលទ្ធផលសរុប នៃការសាកល្បងក្នុងដំណាក់កាលចុងក្រោយសិន រួមទាំងរង់ចាំការទទួលស្គាល់ និងចុះបញ្ជី ជាវ៉ាក់សាំង ដែលប្រើក្នុងករណីអាសន្នបាន ពី WHO ម្ដងទៀត៕
ប្រែសម្រួលដោយអ្នកគ្រូ ឆវី