ឥណ្ឌូនេស៊ី រកឃើញករណីវិជ្ជមាននឹង COVID-19 ប្រចាំថ្ងៃ លើសពី 40,000 នាក់ រយៈពេល 2 ថ្ងៃជាប់ៗគ្នា ដែលតួលេខនេះ ខ្ពស់ជាង ឥណ្ឌា ទៅទៀត នាំឱ្យ ឥណ្ឌូនេស៊ី ក្លាយជាសម្បុក COVID-19 ថ្មី នៅក្នុងទ្វីបអាស៊ី។
សម្បុកវីរុស COVID-19 ធំជាងគេនៅក្នុងតំបន់ អាស៊ីអាគ្នេយ៍ (ឥណ្ឌូនេស៊ី) កាលពីម្សិលមិញ បានរាយការណ៍ថា បានរកឃើញករណីវិជ្ជមាននឹង COVID-19 ថ្មី ចំនួន 47,899 នាក់ ខ្ពស់ជាងឆ្ងាយបើធៀបនឹង 40,427 នាក់ក្នុងមួយថ្ងៃ កាលពីមួយថ្ងៃមុននោះ។ ចំណែក តួលេខនៃអ្នកជំងឺថ្មីនៅប្រទេស ឥណ្ឌា វិញ គឺមាន 32,906 នាក់ (កាលពីថ្ងៃទី 13 កក្កដា) ថយចុះបន្តិចធៀបនឹង 37,154 នាក់ កាលពីថ្ងៃទី 12 កក្កដា។
ប្រការដែលគួរឱ្យប្រកាសអាសន្ន នោះគឺ តួលេខអ្នកជំងឺថ្មីប្រចាំថ្ងៃនៅ ឥណ្ឌូនេស៊ី ខ្ពស់ជាង ឥណ្ឌា បើទោះជាចំនួនប្រជាជនសរុបរបស់ប្រទេសនេះ ស្មើនឹង 1/5 ប៉ុណ្ណោះ ធៀបនឹងចំនួនប្រជាជនសរុបរបស់ ឥណ្ឌា។ យោងតាមទំព័រ Our World in Data ឥណ្ឌូនេស៊ី បច្ចុប្បន្ន រកឃើញប្រហែល 132 ករណីក្នុងចំណោមពលរដ្ឋ 1 លាននាក់ ខណៈដែលអត្រានេះនៅ ឥណ្ឌា មានត្រឹមតែ 26 ករណីប៉ុណ្ណោះ គិតត្រឹមថ្ងៃទី 11 ខែកក្កដា។
អត្រានៃការស្លាប់ដោយសារ COVID-19 ជាមធ្យមនៅ ឥណ្ឌូនេស៊ី គឺចំនួន 3 នាក់ ក្នុងចំណោមពលរដ្ឋ 1 លាននាក់ ស្របពេលដែល ឥណ្ឌា មានមិនដល់ 1 នាក់/លាននាក់។
ជាសរុប ឥណ្ឌា នៅតែជាសម្បុកវីរុសធំជាងគេនៅក្នុងទ្វីបអាស៊ី ដោយមានអ្នកឆ្លងសរុប ជាង 30.9 លាននាក់ ក្នុងនោះមានអ្នកស្លាប់ 410,784 នាក់។ ឥណ្ឌូនេស៊ី ឈរលំដាប់លេខ 2 ដោយមានអ្នកឆ្លងសរុប ជាង 2.6 លាននាក់ ក្នុងនោះមាន 68,219 នាក់បានស្លាប់៕
ប្រភព៖ Nikkei
ប្រែសម្រួល៖ បុត្រា