តើមានមិត្តៗយើងណា កំពុងចិញ្ចឹមមើលថែកូនដែរឬទេ? ហើយធ្លាប់សង្កេតមើលខ្លួនឯងដែរទេថា តាំងពីចាប់ផ្ដើមបំពេញតួនាទីចិញ្ចឹមមើលថែកូនតូចមក តើមិត្តៗ មានទង្វើ ឬលក្ខណនិស្ស័យអ្វី ប្រែប្រួលខុសពីមុនដែរទេ? បើសិនមាន មិនបាច់ភ្ញាក់ផ្អើលទេ ព្រោះមានស្ត្រីជនជាតិជប៉ុនមិនតិចទេ ដែលសង្កេតមើលខ្លួនឯងហើយ រកឃើញថា ក្រោយពីចាប់ផ្ដើមបំពេញតួនាទីជាម្ដាយរបស់គេយ៉ាងពេញលេញមក ពួកគាត់ក៏មានទង្វើ ឬចរិតនិស្ស័យមួយចំនួន ប្រែប្រួលខុសពីមុនដូចគ្នាដែរ ដូច្នេះថ្ងៃនេះ យើងនាំគ្នាសាកល្បងមកស្ដាប់បណ្ដាអ្នកម្ដាយជនជាតិជប៉ុនម្ដងមើល៍ថា តើពួកគាត់មានអ្វីប្រែប្រួលខុសពីមុនខ្លះ?
លក្ខណៈការនិយាយស្ដី ប្រែប្រួលខុសពីមុន (ក្លៀវក្លាជាងមុន!)
Iសាំង មានកូន អាយុ 1ខួប និង 5ខួប នាងរៀបរាប់ថា កាលសម័យនាងនៅក្មេង នាងមានចរិតអៀនច្រើន មិនសូវក្លាហាន និងមិនសូវហ៊ានជជែកនិយាយជាមួយនរណាប៉ុន្មានឡើយ។ ឧទាហរណ៍ដូចជា តឱ្យមានអារម្មណ៍ថា រឿងដែលកំពុងសន្ទនាគ្នានោះ វាមើលទៅរាងប្លែកៗ ឬវាដូចជាមិនគួរទៅជាអ៊ីចឹងក៏ដោយ ក៏នាងជ្រើសរើសក្នុងការនៅស្ងៀម មិនហ៊ានសម្ដែងពីភាពជំទាស់ទេ បានត្រឹមតែលាក់ទុកក្នុងចិត្តប៉ុណ្ណោះ តែក៏មិនមែនថា នឹងលាក់ទុកយកមកគិត រហូតដល់ស្ត្រេសដែរ។ សរុបងាយៗក៏គឺ ខ្លួនឯងជាមនុស្សកំសាក តែប៉ុនហ្នឹងឯង (=_=;)។
Iសាំង រៀបរាប់បន្តថា តែក្រោយពីកូនស្រីច្បងរបស់នាង អាយុបាន 2-3ខួប ពេលនិយាយជាមួយអ្នកម្ដាយឯទៀតៗ ក៏ចាប់ផ្ដើមមានអារម្មណ៍ថា ខ្លួនឯងហ៊ាននិយាយ ហ៊ានបញ្ចេញគំនិតយោបល់ច្រើនឡើង ដូចជា បើសិននាងមិនយល់ស្រប ជាមួយរឿងដែលកំពុងតែសន្ទនាគ្នានោះ នាងហ៊ានក្នុងការនិយាយចេញទៅត្រង់ៗតែម្ដងថា វាដូចជាមិនមែនអ៊ីចឹងទេណា៎! ជាដើម។ល។ ក្រៅពីនេះ ពេលទៅញ៉ាំបាយនៅក្នុងហាង ក៏ហ៊ានក្នុងការស្រែកហៅសេវាករ ដោយសំឡេងដ៏ក្លៀវក្លា និងមាំមួនខ្លាំងជាងមុន។ បើសម័យមុនវិញ បែបប្រហែលជាធ្វើបែបហ្នឹងមិនកើតទេ តែគិតចុះគិតឡើង មូលហេតុដែលទង្វើរបស់ខ្លួនឯងប្រែប្រួលបែបនេះ អាចមិនមែនកើតចេញពីការចិញ្ចឹមមើលថែកូនក៏អាចថាបានដែរ តែប្រហែលជាមកពីយើង ចាប់ផ្ដើមមានអាយុច្រើនឡើងហើយក៏មិនដឹង? (-_-;)។
ចាប់ផ្ដើមចូលសង្គមច្រើនឡើង
Yសាំង មានកូន អាយុ 5ខួប នាងរៀបរាប់ថា តាំងពីពេលនៅក្មេងៗ រហូតដល់ពេលមុនមានកូន នាងមានអារម្មណ៍ថា ការជួបជុំ និងការជជែកគ្នាជាមួយអ្នកដទៃ វាជារឿងដ៏គួរឱ្យរំខានខ្លាំងណាស់។ ពេលត្រឡប់មកពីសាលារៀន ឬត្រឡប់មកពីធ្វើការក្រុមហ៊ុន នាងច្រើនតែសម្ងំខ្លួន និងនៅតែក្នុងបន្ទប់ ស្ងាត់ៗតែម្នាក់ឯង ចង់និយាយថា រាងដូចជាចង់កើតជំងឺ ហ៊ិឃិខូម៉ូរិ តិចៗហើយក៏មិនដឹង? ម្យ៉ាងទៀត ប៉ា និងម៉ាក់ ក៏មិនសូវជារអ៊ូ អំពីរឿងហ្នឹងទៀតផង ទើបត្រូវរស់នៅបែបហ្នឹងរហូតមក។
បន្ទាប់ពីមានកូន ក៏ចាប់ផ្ដើមមានមិត្តភក្តិ ដែលជាអ្នកម្ដាយដូចគ្នាកាន់តែច្រើនឡើង តែក៏មានអារម្មណ៍ថា ក្រុមអ្នកម្ដាយទាំងឡាយនោះ គួរឱ្យរំខានខ្លាំងណាស់ ទើបព្យាយាមមិនសូវចង់ចូលរួម វង់សន្ទនាប៉ុន្មានទេ តែបើសិនជារឿងដែលពាក់ព័ន្ធនឹងកូនវិញ ក៏នឹងស្ទុះភ្លែតចូលទៅរួមវង់សន្ទនាភ្លាមតែម្ដង! ធ្វើឱ្យចាប់ផ្ដើមមានអារម្មណ៍ថា អេ៎? យើងក៏មាននិស្ស័យចូលចិត្តចូលសង្គមនឹងគេដែរតើ?! រហូតមកដល់ពេលនេះ ចាប់ផ្ដើមមានអារម្មណ៍ថា សប្បាយនឹងការជជែកពិភាក្សា ជាមួយមនុស្សទាំងឡាយច្រើនឡើងហើយ…។ បើសិនមិនមានកូនវិញ ថ្មើរណេះ ប្រហែលជាកើតជំងឺហ៊ិឃិខូម៉ុរិ បាត់ទៅហើយក៏មិនដឹង? (- _ -*)។
កំណត់សម្គាល់៖ ជំងឺហ៊ិឃិខូម៉ូរិ គឺជំងឺ ដែលអ្នកជំងឺមានទង្វើ បដិសេធការចូលសង្គម (មិនចង់ជួបអ្នកដទៃ) និងច្រើនតែសម្ងំរស់នៅតែក្នុងបន្ទប់ តែម្នាក់ឯងជានិច្ច។
ចេះគ្រប់គ្រង ចាត់ចែងពេលវេលា បានល្អជាងមុន
Sសាំង មានកូន អាយុ ៦ខួប នាងរៀបរាប់ថា ពីមុននាងមានអាជីពជាអ្នកនិពន្ធឯករាជ្យ មុនពេលមានកូន នាងមាននិស្ស័យខ្ជិលច្រអូសខ្លាំងណាស់ ទើបធ្វើការបែបតាមដំណើរ ត្រេតត្រត ពី ១ថ្ងៃទៅ ១ថ្ងៃ និងតែងតែចុះចាញ់អ្វីៗ ដែលធ្វើញាប់ញ័រអារម្មណ៍ ដែលនៅជុំវិញខ្លួនជានិច្ច។ ឧទាហរណ៍ដូចជា បន្ទាប់ពីអង្គុយធ្វើការ បានមិនយូរប៉ុន្មាន ពេលនាងដឹងខ្លួនឡើង ទើបដឹងថា ខ្លួនឯងមកអង្គុយលេងអ៊ីនធើណិត ឬអង្គុយមើលទូរទស្សន៍បាត់ទៅហើយ ហើយការងារផ្ទះ ក៏ត្រូវត្រាំៗទុកចោលសិន ទុកស្អែកចាំធ្វើ ជារឿយៗទៅ។
តែក្រោយពីមានកូន រៀងរាល់ថ្ងៃ ត្រូវមកអង្គុយរៀបផែនការថា ថ្ងៃនេះនឹងទៅទទួលកូន ពីសាលាមកវិញនៅម៉ោងប៉ុន្មាន? ពេលនេះត្រូវជម្រះការងារឱ្យស្អាតរួចរាល់ឱ្យអស់ណា៎ ពេលនេះត្រូវតែចាប់ផ្ដើមធ្វើការងារផ្ទះហើយណា៎ ពេលនេះអាចសម្រាកបានហើយជាដើម…ដែលការងារទាំងអស់នេះ ពីដំបូងៗ ក៏ធ្វើបែបតាមដំណើរពី១ថ្ងៃទៅ១ថ្ងៃ ហើយក៏មានអារម្មណ៍ដឹងខ្លួនថាខុសពី១ថ្ងៃទៅ១ថ្ងៃដូចគ្នាដែរ តែពេលនេះ មានអារម្មណ៍ថា ខ្លួនឯងអាចចាត់ចែងពេលវេលាធ្វើកិច្ចការងារផ្សេងៗ បានយ៉ាងពេញទំហឹងហើយ…(‘-o-’)។
ល្អិតល្អន់ និងហ្មត់ចត់ជាងមុន
Oសាំង មានកូន អាយុ 3ខួប និង 9ខួប នាងរៀបរាប់ថា កាលសម័យនៅជាសិស្ស នាងមាននិស្ស័យភ្លេចនេះ ភ្លេចនោះជាប់ជានិច្ច ដូចជា “អេ៎? យើងដូចជាភ្លេចផ្ញើកិច្ចការផ្ទះឱ្យលោកគ្រូទេដឹង?” ដល់ពេលចាប់ផ្ដើមចូលធ្វើការ ក៏ច្រើនតែភ្លេចជាញឹកញាប់ រឿងកំណត់ពេលផ្ញើកិច្ចការងារដែលមេប្រគល់ឱ្យ ទើបត្រូវហាមាត់សុំពន្យារពេលជាញឹកញាប់ដូចគ្នា។
ប៉ុន្តែ រាល់ថ្ងៃនេះ ត្រូវនៅចាំត្រួតពិនិត្យមើល និងរៀបចំត្រៀមតម្រាមេរៀន ឯកសារការរៀនសូត្ររបស់កូន ឱ្យហើយរួចរាល់ជាប់ជានិច្ច និងថែមទាំងនៅចាំសរសេរកាលបរិច្ឆេទ ផ្ញើកិច្ចការផ្ទះតាមមុខវិជ្ជាផ្សេងៗនៅលើប្រតិទិនដោយប៊ិចពណ៌ក្រហមធំៗ ដើម្បីការពារការភ្លេចភ្លាំងទៀតផង។ ក្រៅពីនេះ នៅបានចាត់ចែងរៀបចំទុកដាក់សៀវភៅឯកសារមេរៀនរបស់កូនៗទាំង2 យ៉ាងមានរបៀបរៀបរយទៀតផង។ រហូតមកដល់ពេលនេះ មានអារម្មណ៍រាងភ្ញាក់ផ្អើលនឹងខ្លួនឯងដូចគ្នាដែរថា ហេតុអីបានរឿងរបស់ខ្លួនឯង មិនព្រមល្អិតល្អន់ហ្មត់ចត់បែបហ្នឹង? តែបើរឿងរបស់កូនៗវិញ បែរជាធ្វើបានយ៉ាងល្អជានិច្ចតែម្ដង (* _ *)។
ចាប់ផ្ដើមគិតថា ការពិតទៅ ក្មេងៗក៏គួរឱ្យស្រឡាញ់ដែរតើ!
Hសាំង មានកូន អាយុ 3ខួប នាងរៀបរាប់ថា ការពិតទៅ កាលពីពេលមិនទាន់មានកូន នាងមានអារម្មណ៍ថា មិនចូលចិត្តក្មេងៗសោះតែម្ដង ព្រោះនាងគិតថា ពួកក្មេងៗ ចូលចិត្តតែបើកក្រពះស្រែកយំឮៗ អាត្មានិយមយ៉ាងចេះស្ដាប់អ្នកណា ស្មានពីអារម្មណ៍មិនត្រូវ សូម្បីតែកូនរបស់បងស្រីខ្លួនឯង ដែលជាក្មួយបង្កើត ក៏នាងមានអារម្មណ៍មិនចូលចិត្តដែរ។
តែដល់ពេលខ្លួនឯងមានកូនហើយ បែរជាមានអារម្មណ៍ចុះចាញ់កូនដោយឯងៗតែម្ដង…អាចដោយសារតែបានក្លាយជាម្ដាយរបស់គេ ឬមិនទេ ក៏អ័រម៉ូនក្នុងខ្លួន វាផ្លាស់ប្ដូរក៏មិនដឹង តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលបំផុតនោះគឺ រាល់ថ្ងៃនេះ ពេលឃើញក្មេងៗ ដែលរត់លេងនៅតាមសួនច្បារសាធារណៈពេលណា ស្រាប់តែរបូតមាត់និយាយចេញមកថា “អា៎! ក្មេងៗគួរឱ្យស្រឡាញ់អ្វីម្ល៉េះហ្ន៎?” រហូតដល់ខ្លួនឯងមានអារម្មណ៍ភ្ញាក់ផ្អើលថា ចុំ?! ម៉េចបានយើងរបូតមាត់ និយាយចេញមកបែបហ្នឹងកើតហ្ន៎? (=_=,)។
Hសាំង និយាយបញ្ចប់ថា ទោះជាពេលនេះ នាងមានអារម្មណ៍ថា ស្រឡាញ់ក្មេងៗខ្លាំងក៏ដោយ តែក៏ត្រូវប្រយ័ត្នគំនិតខ្លួនឯងជាប់ជានិច្ចដែរ ក្រែងលោថា ថ្ងៃណាមួយ ពេលកូនរបស់នាងធំឡើង ហើយមកនិយាយមិនពីរោះពិសាដាក់នាងនោះ ច្បាស់ជាបានវិលទៅមើលឃើញក្មេងៗក្នុងន័យអវិជ្ជមានដូចពីមុនវិញមិនខាន៕
រៀបរៀងដោយអ្នកគ្រូ ឆវី