ជូនស្ត្រីជាម្ដាយគ្រប់រូបលើពិភពលោកនេះ…
«នាងខ្ញុំមានអាជីពជាម្ដាយគេ និងក៏មិនខុសប្លែកពីស្ត្រីជាម្ដាយដទៃទៀតដែរ យើងព្យាយាមក្នុងការសម្របសម្រួលជីវិតការធ្វើការងាររបស់យើង ជាមួយនឹងការធ្វើជាម្ដាយរបស់គេ។ យើងត្រូវបានធ្វើឱ្យភ័យខ្លាច និងមិនសូវមានទំនុកចិត្តលើខ្លួនឯងជាប់ជានិច្ចថា តើយើងបានធ្វើខ្លួនជាម្ដាយ ដែលល្អគ្រប់គ្រាន់ហើយឬនៅ?។
កំណត់ត្រាទាំងឡាយ រឹតតែធ្វើឱ្យយើងញាប់ញ័រថែមទៀត មិនថាតែ “ជាងពាក់កណ្ដាលនៃកុមារៗយើង សព្វថ្ងៃមានសៀវភៅអានមិនដល់ 3ក្បាលឡើយ”…”ឪពុកៗ ជិតពាក់កណ្ដាល គ្មានពេលវេលាលេងជាមួយកូន”…”40ភាគរយនៃក្មេងតូចៗ ខកខានឱកាសល្អៗក្នុងការអភិវឌ្ឍខ្លួន” និង “កុមារយើងបច្ចុប្បន្ន មាន IQ ទាបជាងកម្រិតស្តង់ដា”។ល។
ព័ត៌មានទាំងអស់នេះ ធ្វើឱ្យយើងត្រូវត្រៀមខ្លួនជាស្រេច ក្នុងការតស៊ូ ដើម្បីក្លាយជាម្ដាយដ៏ល្អ តែ ពេលខ្លះក៏ចង់លើកទង់ជ័យស សុំចុះចាញ់ម្ដងម្កាលដែរ ព្រោះមិនមានជំនួយ…ឬមួយក៏ដល់ពេលត្រូវទទួលស្គាល់ការពិតហើយថា ការចិញ្ចឹមកូនក្នុងសង្គមបែបនេះ ពិតជាលំបាកមែនទែន…។
ខ្ញុំបានដឹងពីលោកគ្រូពេទ្យជំនាញម្នាក់ ដែលតែងតែបញ្ជាក់ប្រាប់ដដែលៗថា ការចិញ្ចឹមក្មេង សំខាន់បំផុតក្នុងអំឡុងពេល 3ឆ្នាំដំបូង។ ក្មេងនឹងសាងខ្លួនឯង និងជឿទុកចិត្តពិភពលោកមួយនេះ តាមរយៈការទទួលបានសេចក្ដីស្រឡាញ់ និងការយកចិត្តទុកដាក់យ៉ាងគ្រប់គ្រាន់…ត្រូវហើយ! ខ្ញុំដឹង! អ្នកក៏ដឹង! តែបញ្ហាសេដ្ឋកិច្ចគ្រួសារ បានរឹតរួតយើង ឱ្យនៅជាប់នឹងកៅអីធ្វើការ ហើយយើងត្រូវជួលមនុស្សម្នាក់ មកចិញ្ចឹមមើលថែទាំតំណក់ឈាមរបស់ខ្លួនឯង…ពិភពលោក គឺដូច្នេះឯង ហើយតួនាទីរបស់យើង គឺត្រូវតែទទួលយកបែបហ្នឹង។
ព័ត៌មានដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៀត គឺអង្គប្រកបផ្សេងៗរបស់ស្ថានភាពជុំវិញខ្លួន មានភាពសំខាន់បំផុត គឺបើឱ្យកុមារធំធាត់ឡើងដោយខ្លួនឯង សក្ដានុពលរបស់គេនឹងថយចុះ 30ភាគរយ…តួលេខនេះ គឺជាភាពធ្ងន់ធ្ងរមួយ ដែលអ្នកម្ដាយគ្រប់រូប ត្រូវទទួលបន្ទុកនេះ។
ក្នុងឋានៈជាម្ដាយ ខ្ញុំដឹងច្បាស់ណាស់ថា ម្ដាយគ្រប់រូបចង់ឱ្យកូន “ពូកែ ល្អ ឆ្លាត” ពាក្យ 3ម៉ាត់នេះ គឺការសាកល្បងសមត្ថភាពយើង។ ទោះជាហត់នឿយប៉ុនណា បើមិនបានអានរឿងនិទានមុនពេលគេង ឱ្យកូនស្ដាប់ យើងនឹងក្លាយជាម្ដាយ ដែលមិនបានការភ្លាមតែម្ដង ព្រោះថា លុយកាក់ មិនមានន័យស្មើនឹងពេលវេលា និងការយកចិត្តទុកដាក់ចំពោះកូនៗឡើយ។ ការចាប់ផ្ដើមធ្វើដោយដៃទាំង2 របស់ម្ដាយ គឺជារឿងតូចមួយ ដែលជួយជំរុញវិវឌ្ឍនាការរបស់កូន បានល្អបំផុត។ យើងគ្រប់គ្នា គួរតែបានដឹងពីវិធីការសាងវិវឌ្ឍនាការដល់កូន។
ចេះគិត ចេះធ្វើការ ចេះរៀនសូត្រ ចេះដោះស្រាយបញ្ហា ចេះរស់នៅជាមួយអ្នកដទៃ និងអ្វីដែលសំខាន់បំផុតគឺ “ចេះមានសេចក្តីសុខ” ពាក្យចុងក្រោយគេនេះ ជាពាក្យដែលសំខាន់ខ្លាំងណាស់សម្រាប់នាងខ្ញុំ ព្រោះនាងខ្ញុំខ្លាចខ្លាំងណាស់ ខ្លាចកូនមិនដឹងពីវិធីមានសេចក្ដីសុខ ក្នុងពិភពលោក ដែលកាន់តែពិបាករស់នៅទៅ ពិបាករស់នៅទៅ ដូចសព្វថ្ងៃ។
មួយទៀត ការបន្ថែមជំនាញផ្នែកភាសា ក៏ជារឿងមួយ ដែលមិនគួរមើលរំលងដែរ ដូច្នេះអ្វីដែលសំខាន់គឺ “ការអានសៀវភៅ”។
លោកគ្រូពេទ្យខាងលើបន្ថែមថា “រឿងចាំបាច់ចំពោះការជំរុញវិវឌ្ឍនាការរបស់កុមារ គឺសេចក្ដីស្រឡាញ់ ការយកចិត្តទុកដាក់ ស្ថានភាពជុំវិញខ្លួនដែលល្អ អានសៀវភៅ និងកន្លែងក្មេងលេង” គាត់បន្តថា របស់លេងនៅក្នុងកន្លែងក្មេងលេង ក៏សំខាន់ស្មើនឹងសៀវភៅដែរ។ ខួរក្បាលរបស់កុមារ ជាមួយនឹងការអាន ក្នុងអំឡុង 3ដំណាក់កាល នឹងអភិវឌ្ឍសន្សឹមៗតាមលំដាប់។ ចាប់ផ្ដើមពីការរៀនអាន ដើម្បីូការរៀនយល់ដឹង រៀនយល់ដឹងពីជំនាញការអាន រហូតទៅដល់អានបានដោយខ្លួនឯង ដើម្បីការរៀនយល់ដឹងបន្ត។
ការជ្រើសរើសសៀវភៅ ដែលមានពាក្យចុងជួន មិនចាំបាច់មានអត្ថន័យខ្លឹមសារឱ្យគិតច្រើន មានសំឡេងឡើងចុះ នឹងធ្វើឱ្យខួរក្បាលរបស់កុមារ បើកទទួលយកកាន់ងាយស្រួលឡើង…អ៊ីចឹងតើ! បានជាកូនតូចរបស់ខ្ញុំ សើចក្អាកក្អាយគ្រប់ពេល ដែលម្ដាយធ្វើសំឡេងឡើងចុះ ឬអានរឿងនិទាន(ដែលមើលទៅដូចជាគ្មានន័យអ្វីទាំងអស់)ឱ្យគេស្ដាប់។
ការអភិវឌ្ឍខួរក្បាល ជារឿងសំខាន់ក៏ពិតមែន តែការសម្រាកខួរក្បាល ក៏សំខាន់មិនចាញ់គ្នាប៉ុន្មានដែរ ហើយការណ៍នេះអាចជាលេសមួយ ដែលអាចឱ្យម្ដាយៗដូចរូបយើង រកពេលសម្រាក និងបានធ្វើការងាររបស់ខ្លួនឯងខ្លះ ព្រោះវាប្រហែលជាដូចដែលគេនិយាយមែនហើយថា ម្ដាយដែលមានសេចក្ដីសុខ នឹងសាងកូនឱ្យមានសេចក្ដីសុខ បានដូចគ្នា។
សូមជួយជាកម្លាំងចិត្ត ដល់អ្នកម្ដាយគ្រប់រូបយ៉ាងមុតមាំ ហើយយើងនឹងឆ្លងកាត់សមរភូមិ នៃការចិញ្ចឹមមើលថែកូនទៅជាមួយគ្នា…»
ពីនាងខ្ញុំ ស្ត្រីជាម្ដាយម្នាក់
រៀបរៀងដោយ អ្នកគ្រូ ឆវី