ក្រុមអ្នកវិទ្យាសាស្ត្រ អភិវឌ្ឍម៉ាស៊ីនបង្កើតចង្វាក់បេះដូងមួយប្រភេទ សម្រាប់ប្រើប្រាស់ក្នុងរយៈពេលខ្លី ដោយវាអាចរំលាយខ្លួនឯង ក្រោយរយៈពេលចាប់ពី 5 ដល់ 7 សប្ដាហ៍។
ម៉ាស៊ីនខាងលើនេះ ត្រូវបានអភិវឌ្ឍដោយក្រុមអ្នកឯកទេស ប្រចាំសាកលវិទ្យាល័យ Northwestern និង សាកលវិទ្យាល័យ George Washington នៃ សហរដ្ឋអាមេរិក។
ការសិក្សាស្រាវជ្រាវថ្មីនេះ ត្រូវបានចុះផ្សាយនៅលើទស្សនាវដ្ដី Nature Biotechnology កាលពីថ្ងៃទី 28 ខែមិថុនា ឆ្នាំ 2021។
ក្រុមអ្នកស្រាវជ្រាវ ឱ្យដឹងថា នេះគឺជាម៉ាស៊ីនបង្កើតចង្វាក់បេះដូងប្រើប្រាស់បណ្ដោះអាសន្នរយៈពេលខ្លី និងរលាយដោយឯកឯងដំបូងគេក្នុងពិភពលោក។ ម៉ាស៊ីននេះ ប្រើសម្រាប់អ្នកជំងឺដែលត្រូវការចង្វាក់បេះដូងសិប្បនិម្មិត ក្នុងរយៈពេលខ្លី។
ឧបករណ៍នេះ មានរូបរាងស្ដើងខ្លាំង ស្រាលខ្លាំង និងមិនមានខ្សែតភ្ជាប់ ឬថ្ម។ គ្រឿងម៉ាស៊ីនរបស់វា អាចរលាយដោយឯកឯង ក្នុងរយៈពេលពី 5-7 សប្ដាហ៍។
ម៉ាស៊ីននេះ ដំណើរការដោយថាមពលដែលបញ្ជូនពីអង់តែនមួយដែលនៅឆ្ងាយ និងប្រើបច្ចេកវិទ្យាដូចទៅនឹងការទូទាត់ប្រាក់ តាមរយៈទូរស័ព្ទឆ្លាតវៃ។ ប្រការនេះមានន័យថា ម៉ាស៊ីននេះមិនត្រូវការថ្ម និងផ្នែករឹង ដូចជាខ្សែកាប ឬសំណជាដើម។ ដូច្នេះ វាមិនបង្កហានិភ័យដល់រាងកាយ ឬសុខភាពរបស់អ្នកជំងឺ៕
ប្រភព៖ Mashable
ប្រែសម្រួល៖ បុត្រា