កាលពីថ្ងៃទី21 ខែមិថុនា សេតវិមាន បានប្រកាសគម្រោងផ្ដល់វ៉ាក់សាំងបង្ការវីរុសCovid-19 ចំនួន 55លានដូស នៅក្នុងចំណោម 80លានដូស ដែលសហរដ្ឋអាមេរិក សន្យាផ្ដល់ឱ្យដល់បណ្ដាប្រទេសនៅលើពិភពលោក។
សេចក្ដីប្រកាសរបស់ សេតវិមាន ឱ្យដឹងថា វ៉ាក់សាំងប្រហែល 41លានដូស ក្នុងចំណោម 55លានដូសខាងលើ (75%) នឹងត្រូវបានផ្ដល់ឱ្យបណ្ដាប្រទេសនៅតំបន់អាមេរិកឡាទីន និងតំបន់ ការីប៊ីន អាស៊ី និង អាហ្វ្រិក តាមរយៈកម្មវិធី COVAX ខណៈដែល 14លានដូសទៀត (25%) នឹងត្រូវបានចែកឱ្យ «តំបន់អាទិភាព» រួមមាន កូឡុំប៊ី អាហ្សង់ទីន អ៊ីរ៉ាក់ អ៊ុយក្រែន វែសបែង និង ហ្គាហ្សា។
តាមគម្រោង បណ្ដាប្រទេសនៅ អាស៊ី ដែលនឹងទទួលបានវ៉ាក់សាំងចំនួន 16លានដូស ក្នុងចំណោម 55លានដូសខាងលើ ពីសហរដ្ឋអាមេរិក រួមមាន ប្រទេស ឥណ្ឌា នេប៉ាល បង់ក្លាដែស ប៉ាគីស្ថាន ស្រីលង្កា អាហ្វហ្គានីស្ថាន ម៉ាឌីវ ប៊ូតាន ហ្វីលីពីន វៀតណាម ឥណ្ឌូនេស៊ី ថៃ ម៉ាឡេស៊ី ឡាវ ប៉ាពួញូហ្គីណេ តៃវ៉ាន់ កម្ពុជា និង ប្រជុំកោះនៅមហាសមុទ្រប៉ាស៊ីហ្វិក។
សេចក្ដីប្រកាសខាងលើ គឺជាការអនុវត្តទៅតាមអ្វីដែលប្រធានាធីបតីអាមេរិក លោក Joe Biden បានសន្យានាពេលកន្លង ។ វ៉ាក់សាំង 60លានដូស ក្នុងចំណោម 80លានដូស ដែល អាមេរិក ផ្ដល់ឱ្យបណ្ដាប្រទេសខាងលើ រួមមាន វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer Inc., ក្រុមហ៊ុន Moderna Inc. ឬ Johnson & Johnson (កន្លងមក Johnson & Johnson ទទួលបានការអនុញ្ញាតឱ្យធ្វើចរាចរណ៍ក្នុងស្រុកប៉ុណ្ណោះ) និង 60លានដូសទៀតគឺជាវ៉ាក់សាំង របស់ AstraZeneca។
កាលពីដើមខែនេះ សហរដ្ឋអាមេរិក បានប្រកាសគម្រោងចែករំលែកវ៉ាក់សាំង Covid-19 ចំនួន 25លានដូសដំបូង ក្នុងចំណោម 80លានដូស ដែលសហរដ្ឋអាមេរិក សន្យាផ្ដល់ឱ្យបណ្ដាប្រទេសក្នុងពិភពលោក ក្នុងនោះមាន 19លានដូស ត្រូវបានចែករំលែកទៅតាមកម្មវិធី COVAX ដែលសហការដឹកនាំដោយអង្គការសុខភាពពិភពលោក៕
ប្រភព៖ CNBC
ប្រែសម្រួល៖ បុត្រា