ប្រទេសចិន បានប្រើប្រាស់វ៉ាក់សាំងបង្ការវីរុសCovid-19 ម្ជុលទី 1ពាន់លាន កាលពីថ្ងៃទី19 ខែមិថុនា ដែលនេះគឺជារបត់សំខាន់នៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងធំបំផុតក្នុងពិភពលោក។
ព័ត៌មានខាងលើនេះ ត្រូវបានគណៈកម្មការជាតិសុខាភិបាលរបស់ចិន (NHC) ប្រកាសឱ្យដឹងកាលពីថ្ងៃទី20 ខែមិថុនា ឆ្នាំ2021។ NHC ឱ្យដឹងថា វ៉ាក់សាំងជាង 20លានដូស ត្រូវបានចិន ចាក់ជូនពលរដ្ឋជារៀងរាល់ថ្ងៃ នៅក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ។ កាលពីថ្ងៃទី18 ខែមិថុនា ចិន ចាក់ជូនប្រជាជន បានជាង 23លានដូស នៅក្នុងមួយថ្ងៃ។
«នេះពិតជាទ្រង់ទ្រាយដ៏ធំមួយ ទាំងយុទ្ធនាការចែកចាយ និងការផលិតវ៉ាកសាំង» Zoltan Kis អ្នកជំនាញប្រចាំមជ្ឈមណ្ឌលផលិតវ៉ាក់សាំងអនាគត នៃសាកលវិទ្យាល័យ Imperial College London របស់ប្រទេសអង់គ្លេស បញ្ចេញមតិដូច្នេះ។
យោងតាម Bloomberg ក្នុងចំណោមវ៉ាក់សាំង Covid-19 ចំនួន 3ដូស ដែលពិភពលោកបានប្រើប្រាស់ គឺមានជាង 1ដូស ត្រូវបានចាក់នៅប្រទេសចិន។ NHC ឱ្យដឹងថា គិតមកដល់សប្ដាហ៍កន្លង វ៉ាក់សាំងសរុប ដែលពិភពលោកបានប្រើប្រាស់ បានកើនឡើងដល់ 2.5ពាន់លានដូស ជាមួយនឹងល្បឿនជាមធ្យម 37លានដូស/ថ្ងៃ ដោយគិតត្រឹមថ្ងៃទី18 ខែមិថុនា។
ប្រទេសចិន បានកំណត់គោលដៅ ចាក់វ៉ាក់សាំងរួចរាល់ជូនពលរដ្ឋចំនួន 40% នៅក្នុងចំណោមប្រជាជនសរុប 1.4ពាន់លាននាក់ ឱ្យបានមុនខែកក្កដា ឆ្នាំ2021 និងត្រូវចាក់ឱ្យបានយ៉ាងតិច 70% នៃក្រុមមនុស្សដែលត្រូវការចាក់វ៉ាក់សាំង នៅចុងឆ្នាំ2021។
សារព័ត៌មាន Xinhua កាលពីខែមេសា ឆ្នាំ2021 បានរាយការណ៍ថា ប្រទេសចិន គ្រោងនឹងផលិតវ៉ាក់សាំងបង្ការ Covid-19 ឱ្យបានជាង 3ពាន់លានដូស នៅក្នុងឆ្នាំនេះ៕
ប្រភព៖ SCMP, AFP
ប្រែសម្រួល៖ បុត្រា