រឿងដែលនឹកស្មានមិនដល់ តែងតែកើតឡើងគ្រប់ពេលវេលា…ដូច្នេះស្ត្រីមានគភ៌ គួរតែមានការប្រុងប្រយ័ត្នជាប់ជានិច្ច ព្រោះធ្លាប់បានឃើញឧទាហរណ៍ជាច្រើនរួចមកហើយ ដូចជា មានមិត្តភក្តិជិតដិតម្នាក់ នាងមានផ្ទៃពោះ 5ខែទៅហើយ តែក៏នៅតែចូលចិត្តធ្វើការងារប្រចាំថ្ងៃ ដូចមនុស្សទូទៅធម្មតាអ៊ីចឹង រហូតមកដល់ថ្ងៃមួយ ទើបដឹងថា…រឿងដែលនឹកស្មានមិនដល់ និងធ្លាប់តែធ្វើជាប្រចាំនោះ បានហុចផលមិនល្អដល់ខ្លួន ហើយថែមទាំងមានផលអាក្រក់ទៅដល់កូននៅក្នុងផ្ទៃទៀតផង រឿងទាំងនោះគឺ៖
គ្រាន់តែការទំពាអាហារសោះ…
ដឹងទេថា រឿងដ៏តូចតាចមួយនេះ បើស្ត្រីមានគភ៌យើងមើលរំលង រឿងនេះអាចនាំមកនូវផលអាក្រក់ជាច្រើនដល់ខ្លួនអ្នកម្តាយ និងកូនតូចបាន។ ស្ត្រីមានគភ៌ ដែលទទួលទានអាហារបែបប្រញាប់ៗ ទំពាអាហារតែមួយភ្លែត ហើយលេបនោះ ផលអាក្រក់ដែលតាមមកគឺ អាហារដែលយើងលេបចូលទៅក្នុងក្រពះនោះ នឹងមិនរំលាយ ធ្វើឱ្យមានអាការណែនឆ្អល់ក្នុងពោះ អាចបណ្តាលឱ្យការទទួលទានអាហារលើកក្រោយថយចុះ កូនតូចនៅក្នុងផ្ទៃក៏ទទួលរងផលប៉ះពាល់នេះតាមដែរ។ ដូច្នេះក្នុងការទទួលទានអាហារ ទោះជាពេលណាក៏ដោយ សូមស្ត្រីមានគភ៌យើង នឹកក្នុងចិត្តជាប់ជានិច្ចថា ត្រូវទទួលទានឱ្យបានទៀងទាត់ពេលវេលា ហើយត្រូវទំពាអាហារឱ្យបានល្អិត ព្រោះនេះ គឺជារឿងល្អមួយ ដើម្បីឱ្យកូនតូចរបស់អ្នក បានទទួលសារធាតុអាហារបានពេញលេញតាមនោះដែរ។
រហ័សទាន់ចិត្ត ភ្លែតៗ ដល់ណាដល់ហ្នឹងដែរ…
ស្ត្រីមានគភ៌ខ្លះ ច្រើនតែភ្លេចថា ខ្លួនឯងកំពុងពពោះ ធ្វើឱ្យការដើរ ក្រោក អង្គុយ រត់ រួមទាំងការធ្វើចលនាផ្សេងៗ ប្រព្រឹត្តទៅតាមធម្មតា។ ចំពោះរឿងនេះ សូមជម្រាបថា បើស្ត្រីដែលមានអាយុគភ៌នៅតិច អាចគ្មានគ្រោះថ្នាក់អ្វីធ្ងន់ធ្ងរទេ តែបើជាស្ត្រីដែលអាយុគភ៌ ស្ថិតក្នុងអំឡុងខែចុងក្រោយៗ ហើយមានការធ្វើចលនា ដូចជា ក្រោក ដើរ រត់ បែបរហ័សៗនោះ ប្រាកដណាស់ ពិតជាមានផលប៉ះពាល់ដល់កូនតូច ដែលនៅក្នុងផ្ទៃមិនខាន។ អាចដល់ថ្នាក់ មានកាបុកប៉ះនឹងសាច់ជញ្ជាំងស្បូនក្នុងពោះ ទៅជំរុញឱ្យស្បូនបង្រួញខ្លួន ធ្វើឱ្យអ្នកម្តាយមានអារម្មណ៍ឈឺពោះ និងបើសិនជាស្បូនកើតការបង្រួញខ្លួនខ្លាំងៗផងនោះ កូនអាចនឹងប្រសូតចេញមក មុនពេលកំណត់បាន។ ដូច្នេះស្ត្រីមានគភ៌ ត្រូវធ្វើចលនាឱ្យយឺតៗ ដើម្បីឱ្យកូនតូចក្នុងផ្ទៃមានសុវត្ថិភាព មិនដូច្នោះទេ បេះដូងនឹងធ្វើការខ្លាំង អុកស៊ីហ្ស៊ែន ដែលត្រូវបញ្ជូនទៅកូនតូច នឹងត្រូវថយចុះ តែផលអាក្រក់ ដែលខ្លាំងជាងហ្នឹងទៅទៀតនោះគឺ កូនតូចនៅក្នុងគភ៌អាចនឹងមិនសូវរឺងមាំ និងធំធាត់យឺត។
សត្វចិញ្ចឹមគួរឱ្យស្រឡាញ់…
ជាពិសេសឆ្កែ និងឆ្មា ស្ត្រីមានគភ៌ខ្លះ កើតរោគប្រតិកម្មចាញ់ជាមួយរោមសត្វ ល្អងធូលី កេសរផ្កា តែក៏នៅតែចូលចិត្តចិញ្ចឹមសត្វ នៅក្នុងផ្ទះ និងចូលចិត្តលេងជាមួយពួកវា ដោយមិនបានគិតដល់សត្វចៃ ដែលនឹងនាំមេរោគចូលមករកទាំងខ្លួនឯង និងកូនក្នុងផ្ទៃ ដោយមិនបានដឹងខ្លួនឡើយ។ ដូច្នេះស្ត្រីមានគភ៌ គួរមើលថែទាំ សម្អាតសត្វចិញ្ចឹម ដែលក្នុងផ្ទះឱ្យបានកាន់តែខ្លាំងឡើង ដើម្បីសុខភាព និងអនាម័យដ៏ល្អរបស់អ្នក និងកូនក្នុងផ្ទៃ។
ធ្មេញពុក…
ស្ត្រីមានគភ៌មួយចំនួន អាចគិតថាជារឿងតូចតាច រហូតបណ្តោយឱ្យកើតអាការអញ្ចាញធ្មេញឡើងហើម មានខ្ទុះ ឬមិនព្រមព្យាបាល ព្រោះគិតថា អនាម័យ និងភាពស្អាតក្នុងប្រអប់មាត់ មិនចាំបាច់យកចិត្តទុកដាក់ខ្លាំងពេកទេ រហូតធ្វើឱ្យកើតមានមេរោគបាក់តេរី កើនឡើងច្រើន រាលដាលទៅដល់ឫសធ្មេញ ធ្វើឱ្យអញ្ចាញក្លាយជាដំបៅឡើងខ្ទុះជាដើម។ ពេលនោះ រឿងតូចតាច ក៏ក្លាយជារឿងធំឡើង ផលប៉ះពាល់ដែលតាមមក គឺមេរោគឆ្លងចូលទៅក្នុងក្រសែឈាម ហើយឆ្ពោះទៅរកកូនតូច រហូតដល់ថ្នាក់អាចធ្វើឱ្យបាត់បង់ជីវិតបានទៀតផង។ ដូច្នេះស្ត្រីមានគភ៌ ត្រូវតែថែរក្សាអនាម័យ និងភាពស្អាតក្នុងប្រអប់មាត់ឱ្យបានល្អជាប់ជានិច្ច ព្រោះនេះ គឺជារឿងតូចតាច ដែលអាចធ្វើឱ្យកើតទៅជារឿងធំបាន។
យួរ ឬលើករបស់ធ្ងន់…
ស្ត្រីមានគភ៌ ត្រូវប្រុងប្រយ័ត្នជាប់ជានិច្ចថា ខ្លួនអ្នកកំពុងតែមានផ្ទៃពោះ!! ចូរកុំលើករបស់ធ្ងន់ៗជាដាច់ខាត តែមានពេលខ្លះ ស្ត្រីមួយចំនួនអាចភ្លេចខ្លួនពេលទៅដើរទិញឥវ៉ាន់ ដែលត្រូវយួររបស់របរឡើងជ្រែកដៃ ពេលនោះសាច់ដុំខ្នង សាច់ដុំជើង និងសន្លាក់ផ្សេងៗ ត្រូវធ្វើការធ្ងន់ទាំងអស់ រហូតជំរុញឱ្យកើតរោគផ្សេងៗឡើង ដូចជាសម្ពាធលោហិតឡើងខ្ពស់ ដោយសារតែបេះដូងខំធ្វើការខ្លាំងពេក ឈឺខ្នង ឈឺស្មា និងសន្លាក់ជាដើម។
បើកសំឡេងបទភ្លេងឮខ្លាំងៗពេក…
ក្នុងចំណុចនេះចង់បានន័យថា ស្ត្រីមានគភ៌រូបណា ដែលចូលចិត្តបើកបទចម្រៀង ឮៗខ្លាំងជាងប្រក្រតី ព្រោះតែយល់ច្រឡំថា កូនតូចនៅក្នុងផ្ទៃ នឹងបានឮច្បាស់នោះ ការពិតទៅ នេះជាគ្រោះថ្នាក់សម្រាប់កូនតូចទៅវិញទេ ព្រោះជាការរុកកួនរំខានកូនតូចនៅក្នុងផ្ទៃដោយផ្ទាល់តែម្តង ដោយសារតែសរសៃប្រសាទត្រចៀករបស់កូន មិនទាន់វិវឌ្ឍបានពេញទំហឹងនៅឡើយទេ។ អាចធ្វើឱ្យកូនតូច កើតក្តីធុញថប់មួម៉ៅ មានផលប៉ះពាល់ធ្វើឱ្យការវិវឌ្ឍរបស់កូនថមថយចុះបាន។ ការបើកបទចម្រៀង ដើម្បីជួយជំរុញវិវឌ្ឍនាការរបស់កូនតូចនៅក្នុងផ្ទៃនោះ គ្រាន់តែចាក់បទភ្លេង ដែលមានចង្វាក់ស្រាលៗ ពីរោះៗ ដូចជាបទភ្លេងក្លាស៊ីក ឬក៏បទចម្រៀងធម្មតាទូទៅណា ដែលមានចង្វាក់ និងទំនុកភ្លេងងាយស្រួលស្តាប់ មានទំនុកច្រៀង និងអត្ថន័យល្អៗ តែប៉ុណ្ណឹងក៏គ្រប់គ្រាន់ណាស់ទៅហើយ៕