អភិបាលក្រុង មូស្គូ លោក Sergei Sobyanin កាលពីថ្ងៃទី13 ខែមិថុនា បានប្រកាសថា ពលរដ្ឋនៃរដ្ឋធានី ដែលបានចាក់វ៉ាក់សាំងបង្ការវីរុស Covid-19 ម្ជុលទីមួយ នឹងមានឱកាសត្រូវឆ្នោតដែលមានរង្វាន់ធំៗជាច្រើន ក្នុងនោះក៏មានរថយន្តច្រើនគ្រឿងផងដែរ។
សារព័ត៌មានបារាំង AFP បានចេញផ្សាយថា ប្រកាសខាងលើត្រូវបានលើកឡើងក្នុងគ្រាដែលអាជ្ញាធរ មានបំណងបង្កើនល្បឿននៃយុទ្ធនាការចាក់វ៉ាក់សាំង Covid-19 ខណៈដែលករណីឆ្លងវីរុសនៅរដ្ឋធានីមូស្គូ និងទូទាំងប្រទេស កំពុងកើនឡើង។
«ចាប់ពីថ្ងៃទី14 ខែមិថុនា ដល់ថ្ងៃទី11 ខែកក្កដា ពលរដ្ឋដែលបានចាក់វ៉ាក់សាំងដូសទីមួយ នឹងបានចូលរួមកម្មវិធីចាប់ឆ្នោតឈ្នះរង្វាន់រថយន្ត» លោក Sergei Sobyanin ប្រកាសនៅលើគេហទំព័ររបស់ខ្លួនដូច្នេះ។
លោក Sergei Sobyanin បញ្ជាក់ថា អ្នកទាំងឡាយដែលបានទទួលការចាក់វ៉ាក់សាំង មានឱកាសឈ្នះរង្វាន់រថយន្ត រហូតដល់ 5គ្រឿង ជារៀងរាល់សប្ដាហ៍ ហើយក្នុង 1គ្រឿងៗ មានតម្លៃ 1លានរូបរុស្ស៊ី (ស្មើនឹង 13,884 ដុល្លារអាមេរិក)។
«ក៏ប៉ុន្តែ ពិតណាស់ ផលប្រយោជន៍ចម្បងដែលពលរដ្ឋទទួលបានពីការចាក់វ៉ាក់សាំង គឺមិនអាចប្រៀបប្រដូចជាមួយនឹងរថយន្តទាំងនេះបានឡើយ នោះគឺសុខភាព និងទំនុកចិត្តរបស់ពួកគេ» អភិបាលក្រុងមូស្គូ រៀបរាប់។
លោក Sobyanin ឱ្យដឹងថា លោកបានទទួលការចាក់វ៉ាក់សាំង Sputnik V របស់ រុស្ស៊ី កាលពីឆ្នាំទៅ និងបានចាក់រំលឹកឡើងវិញ កាលពី 2ថ្ងៃមុន។ លោក Sobyanin បន្ថែមថា លោកមានមានអារម្មណ៍ថា មានសុខភាពល្អណាស់។
កាលពីថ្ងៃទី13 ខែមិថុនា អាជ្ញាធរក្រុងមូស្គូ ក៏បានប្រកាសថា នឹងចាប់ឆ្នោតដែលមានរង្វាន់ជាផ្ទះ 1ខ្នង មានបន្ទប់គេងចំនួន3 សម្រាប់ក្រុមពលរដ្ឋដែលបានចាក់វ៉ាក់សាំងម្ជុលដំបូង ចាប់ពីថ្ងៃទី15 ខែមិថុនា ដល់ថ្ងៃទី25 ខែមិថុនា។
ប្រទេសរុស្ស៊ី មកដល់បច្ចុប្បន្ន ចាក់វ៉ាក់សាំងយ៉ាងតិច 1ដូស ជូនពលរដ្ឋបានប្រមាណ 12% នៃប្រជាជនសរុប ខណៈដែលការស្ទង់មតិនានា បានបង្ហាញថា ពលរដ្ឋភាគច្រើន មិនមានបំណងចាក់វ៉ាក់សាំង។
នៅទូទាំងប្រទេសរុស្ស៊ី គិតមកដល់ព្រឹកថ្ងៃទី14 ខែមិថុនា ឆ្នាំ2021 នេះ បានរកឃើញអ្នកឆ្លងវីរុស Covid-19 សរុបចំនួន 5,208,687នាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន 126,430នាក់, អ្នកជាចំនួន 4,801,335នាក់ និងអ្នកកំពុងព្យាបាលចំនួន 280,922នាក់៕
ប្រភព៖ Reuters
ប្រែសម្រួល៖ បុត្រា