ប្រភពព័ត៌មានពីរដ្ឋធានី សេអ៊ូល បានឱ្យដឹងថា Celltrion Inc. ដែលជាក្រុមហ៊ុនផលិតឱសថធំមួយរបស់ កូរ៉េខាងត្បូង នាថ្ងៃទី14 ខែមិថុនានេះ បានប្រកាសលទ្ធផលនៃការពិសោធលើមនុស្ស ដំណាក់កាលទីបីនៅទូទាំងពិភពលោក ចំពោះ Rekirona ដែលជាថ្នាំព្យាបាលជំងឺ COVID-19 ដោយប្រើប្រាស់អង្គបដិប្រាណ ដែលអភិវឌ្ឍដោយក្រុមហ៊ុននេះផ្ទាល់។
ការពិសោធនេះ គឺជា ផ្នែកដ៏សំខាន់មួយ នៅក្នុងការស្រាវជ្រាវដើម្បីបញ្ជាក់អំពីសុវត្ថិភាព និងប្រសិទ្ធភាពទាំងស្រុងរបស់ថ្នាំ Rekirona។ លទ្ធផលនៃការពិសោធ បានបង្ហាញថា ថ្នាំ Rekirona នេះ បានកាត់បន្ថយពេលវេលានៃការព្យាបាល និងហានិភ័យនៃការធ្លាក់ខ្លួនឈឺធ្ងន់ របស់អ្នកជំងឺ Covid-19។
ជាក់ស្ដែង ថ្នាំ Rekirona កាត់បន្ថយហានិភ័យនៃការធ្លាក់ខ្លួនឈឺធ្ងន់រហូតដល់ 54% បើធៀបអ្នកជំងឺដែលមិនបានប្រើថ្នាំនេះ។ ចំណែករយៈពេលនៃការព្យាបាលជាសះស្បើយ ក៏ត្រូវបានកាត់បន្ថយជាមធ្យម 4.9ថ្ងៃ ចំពោះអ្នកជំងឺ Covid-19 ទាំងអស់ និង 4.7 ចំពោះអ្នកជំងឺ Covid-19 ធ្ងន់ធ្ងរ។
ថ្នាំ Rekirona ត្រូវបាននាយកដ្ឋានគ្រប់គ្រងឱសថរបស់ កូរ៉េខាងត្បូង ផ្ដល់ការអនុញ្ញាតឱ្យធ្វើចរាចរណ៍ កាលពីខែកុម្ភៈ ឆ្នាំ2021។ ប្រការនេះ នាំឱ្យ Rekirona ក្លាយជាថ្នាំព្យាបាលជំងឺ Covid-19 ដំបូង ដែលត្រូវបានផលិតនៅប្រទេស កូរ៉េខាងត្បូង។
Rekirona គឺជាអង្គបដិប្រាណម៉ូណូក្លូន (monoclonal antibodies) ដែលមានសារធាតុប្រឆាំងនឹងវីរុស Covid-19។ អង្គបដិប្រាណម៉ូណូក្លូន គឺជា ប្រូតេអ៊ីន មួយប្រភេទ ដែលត្រូវបានរាងកាយផលិតឡើង ដើម្បីជ្រៀតចូលកោសិកាដែលបានឆ្លងវីរុស។ ថ្នាំនេះ កន្លងមក ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់បន្ទាន់រួចហើយ នៅក្នុងប្រទេសជាច្រើនក្នុងពិភពលោក។
ក្រុមហ៊ុន Celltrion មានគម្រោងដាក់ពាក្យសុំច្បាប់ធ្វើចរាចរណ៍ថ្នាំនេះ ទៅកាន់ស្ថាប័នគ្រប់គ្រងអាហារ និងឱសថ សហរដ្ឋអាមេរិក (FDA) និងស្ថាប័នគ្រប់គ្រងឱសថ អឺរ៉ុប (EMA) នៅក្នុងឆ្នាំនេះ៕
ប្រភព៖ Reuters
ប្រែសម្រួល៖ បុត្រា