ដោយសារតែបាត់បង់តុល្យភាពក្នុងការបែងចែកវ៉ាក់សាំង យុទ្ធនាការទប់ទល់នឹង Covid-19 ជាសកល បាន និងកំពុងជួបឧបសគ្គ ដូច្នេះ គំនិតផ្ដួចផ្ដើមដែលមានឈ្មោះថា COVAX ដែលជាកម្មវិធីចែករំលែកវ៉ាក់សាំងដែលគាំទ្រដោយអង្គការសហប្រជាជាតិ បានកំណត់គោលដៅ ផ្ដល់វ៉ាក់សាំងចំនួន 2ពាន់លានដុល្លារ ដល់បណ្ដាប្រទេសក្រីក្រ នៅក្នុងឆ្នាំ2021នេះ។ ក្នុងនោះ មេដឹកនាំបណ្ដាប្រទេសឧស្សាហកម្មជឿនលឿនទាំង 7 (G7) ថ្មីៗនេះ ក៏បានសន្យាផ្ដល់វ៉ាក់សាំងបង្ការ Covid-19 រាប់រយលានដូស ដល់បណ្ដាប្រទេសក្រីក្រ។
មុនពេល សហរដ្ឋអាមេរិក និងអង់គ្លេស ប្រកាសឱ្យដឹងអំពីកញ្ចប់ជំនួយជាវ៉ាក់សាំងថ្មីបំផុតរបស់ខ្លួន កម្មវិធី COVAX ទើបតែទទួលបានជំនួយជាវ៉ាក់សាំងពីបណ្ដាប្រទេស ប្រហែល 150លានដូសប៉ុណ្ណោះ ដែលនេះ ទាបជាងឆ្ងាយបើធៀបនឹងតម្រូវការ 250លានដូស នៅចុងខែកញ្ញា។ ខាងក្រោមនេះគឺជាការសន្យារបស់បណ្ដាប្រទេសក្នុងសម្ព័ន្ធ G7។
សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី Joe Biden កាលពីថ្ងៃទី10 ខែមិថុនា បានប្រកាសអំពីគម្រោងទិញវ៉ាក់សាំង Pfizer ចំនួន 500លានដូស ដើម្បីផ្ដល់ឱ្យប្រទេសចំនួន 92 ដែលមានចំណូលទាប និងសហភាពអាហ្វ្រិក (African Union)។ យន្តការផ្ដល់ជំនួយនេះ នឹងត្រូវធ្វើឡើងតាមកម្មវិធី COVAX ដោយ 200លានដូសសម្រាប់ឆ្នាំ2021 និង 300លានដូសសម្រាប់ឆ្នាំ2022។
អង់គ្លេស ៖ នាយករដ្ឋមន្ត្រី Boris Johnson អះអាងថា G7 សន្យាផ្ដល់វ៉ាក់សាំងប្រហែល 1ពាន់លានដូសដល់ពិភពលោក នៅចុងឆ្នាំ2022។ អង់គ្លេសក៏សន្យាថា នឹងរួមចំណែកយ៉ាងតិច 100លានដូស ដោយចាប់ផ្ដើមពីពេលនេះ ដល់ឆ្នាំ2022។
សហភាពអឺរ៉ុប (EU) ៖ ប្រធានគណៈកម្មករអឺរ៉ុប Ursula von der Leyen បានប្រកាសថា EU រួមចំណែក ផ្ដល់វ៉ាក់សាំងយ៉ាងតិច 100លានដូស ដល់បណ្ដាប្រទេសដែលមានចំណូលមធ្យម និងទាប គិតត្រឹមចុងឆ្នាំនេះ។ ក្នុងនោះ បារាំង នឹងផ្ដល់ 30លានដូស, អាល្លឺម៉ង់ 30លានដូស និង អ៊ីតាលី 15លានដូស។ បារាំង មុននេះ បានផ្ដល់វ៉ាក់សាំង AstraZeneca ចំនួន 184,000ដូស ដល់ប្រទស សេណេហ្គាល តាមរយៈ COVAX។
ជប៉ុន ៖ រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី Yoshihide Suga អះអាងថា នឹងរួមចំណែក ផ្ដល់វ៉ាក់សាំង ដល់កម្មវិធី COVAX ចំនួន 30លានដូស។ កាលពីសប្ដាហ៍មុន ជប៉ុន បានប្រគល់វ៉ាក់សាំង AstraZeneca ចំនួន 1.24លានដូស ដល់កោះតៃវ៉ាន់។
កាណាដា ៖ កាណាដា កំពុងពិភាក្សាជាមួយនឹងដៃគូសហការ ដើម្បីចែករំលែកវ៉ាក់សាំងដែលនៅសល់របស់ខ្លួន ដល់បណ្ដាប្រទេស តាមរយៈកម្មវិធី COVAX។ ប៉ុន្តែ កាណាដា មិនទាន់ប្រកាសអំពីគម្រោងផ្ដល់ជំនួយជាវ៉ាក់សាំងណាមួយនៅឡើយ៕
ប្រភព៖ Al Jazeera
ប្រែសម្រួល៖ បុត្រា