ការគេងសម្រាកឱ្យលង់លក់ ក្រៅពីជាការសម្រាកដ៏ល្អបំផុតមួយហើយ ឥរិយាបថដំណេក ដែលស័ក្តិសម នៅអាចបំបាត់អាការឈឺថ្កាត់របស់យើងបានទៀតផង។
ឥរិយាបថគេងផ្ងារ
គឺជាឥរិយាបថដំណេកដ៏ត្រឹមត្រូវ តែនឹងមិនស័ក្តិសមជាមួយនឹងអ្នក ដែលមានជំងឺបេះដូង និងសួតឡើយ ព្រោះថានៅពេលដែលយើងគេងផ្ងារ សាច់ដុំក្បាំងខ្យល់ ដែលឃាំងរវាងប្រអប់ទ្រូង និងប្រហោងពោះ នឹងសង្កត់លើសួត ធ្វើឱ្យពិបាកដកដង្ហើម។
ចំណែកបេះដូងវិញ ក៏មិនអាចបឺត-បាញ់ឈាម ចេញពីបេះដូងបានស្រួលដែរ ធ្វើឱ្យដង្ហក់ និងដកដង្ហើមរាងស្ទះៗ តែបើសិនជានៅតែចង់ ឬចាំបាច់ត្រូវតែគេងក្នុងឥរិយាបថនេះ ចូរគេងក្នុងឥរិយាបថ ស្ទើរគេង ស្ទើរអង្គុយ ដោយឱ្យផ្នែកខាងលើនៃរាងកាយ(ត្រឹមចង្កេះឡើង) ខ្ពស់ឡើងបន្តិច។
ឥរិយាបថគេងផ្អៀង
ក្រៅពីជួយកាត់បន្ថយសំឡេងស្រមុកហើយ ឥរិយាបថនេះ នៅស័ក្តិសម សម្រាប់អ្នកដែលមានអាការឈឺខ្នងទៀតផង ព្រោះបើអ្នកដែលឈឺខ្នង គេងផ្ងារវិញនោះ ច្បាស់ជាបានឈឺឥតឈប់ឈរ ពេញមួយយប់មិនខាន។
តែបើចូលចិត្តគេងផ្អៀងខាងឆ្វេងវិញ គួរឱបខ្នើយឱប និងយកជើងគងពីលើផង នឹងរឹតតែប្រសើរ ព្រោះចំណុចមិនល្អរបស់ឥរិយាបថនេះ គឺធ្វើឱ្យបេះដូង ដែលស្ថិតនៅក្នុងប្រអប់ទ្រូងប៉ែកខាងឆ្វេង ពិបាកធ្វើការ ហើយអាហារ ដែលនៅមិនទាន់រំលាយអស់ នឹងសេសសល់នៅក្នុងក្រពះ ធ្វើឱ្យកើតអាការចុកឆ្អល់ឡើងមកចុងដង្ហើមបាន ។ ចំណែកអ្នកដែលចូលចិត្តគេងផ្អៀងខាងស្តាំវិញអាចនិយាយបានថា សំណាងល្អណាស់ ព្រោះជាឥរិយាបថដំណេកដែលល្អបំផុត ព្រោះបេះដូងនឹងធ្វើការបានស្រួល ហើយអាហារក្នុងក្រពះ ក៏នឹងត្រូវច្របាច់ចុះទៅក្នុងពោះវៀនតូច បានយ៉ាងល្អដែរ និងថែមទាំងជាឥរិយាបថ ដែលជួយកាត់បន្ថយអាការឈឺខ្នងបានទៀតផង។
ឥរិយាបថគេងផ្កាប់
មនុស្សភាគច្រើនៗប្រើឥរិយាបថនេះ ពេលគេងអានសៀវភៅ។ ចំណុចមិនល្អរបស់ឥរិយាបថនេះគឺ នឹងធ្វើឱ្យឈឺគល់ក តែបើចាំបាច់ ត្រូវតែគេងក្នុងឥរិយាបថនេះមែនទែននោះ សូមណែនាំឱ្យរកខ្នើយមកទ្រាប់ក្រោមដើមទ្រូង ដើម្បីកុំឱ្យចុករួយ និងដកដង្ហើមបានស្រួលផង៕