រដ្ឋមន្ត្រីក្រសួងសុខាភិបាលអង់គ្លេស បានព្រមានថា គួរតែចាក់វ៉ាក់សាំង Covid-19 ឱ្យបានពីរម្ជុល ព្រោះថា វីរុសបំប្លែងខ្លួនថ្មីដែលត្រូវបានរកឃើញនៅ ឥណ្ឌា (B.1.617) មានលទ្ធភាពឆ្លងរាលដាលខ្ពស់ជាងវីរុសបំប្លែងខ្លួនដែលត្រូវបានរកឃើញនៅប្រទេស អង់គ្លេស។
«តួលេខ 40% ស្ដីពីលទ្ធភាពនៃការឆ្លងរាលដាល គឺជា ការព្រមានផ្នែកវិទ្យាសាស្ត្រថ្មីបំផុត ដែលខ្ញុំបានទទួល» រដ្ឋមន្ត្រីក្រសួងសុខាភិបាល អង់គ្លេស Matt Hancock ប្រកាសកាលពីថ្ងៃទី6 ខែមិថុនា។ នេះគឺជាទិន្នន័យរបស់ SAGE ដែលជាក្រុមប្រឹក្សាវិទ្យាសាស្ត្ររបស់រដ្ឋាភិបាលអង់គ្លេស។
វីរុសCovid-19 បំប្លែងខ្លួនថ្មីឈ្មោះ Dalta ដែលហៅថា វីរុសក្លាយពូជឥណ្ឌា ឬ B.1.617 (B.1.617 ជាវីរុសក្លាយពូជថ្មី ដែលបំប្លែងខ្លួនចេញពី Covid-19 ប្រភេទ B.1.1.7 របស់ អង់គ្លេស។ B.1.617 ត្រូវបានចែកជា 3ប្រភេទទៀត (sub-variant) រួមមាន B.1.617.1, B.1.617.2 និង B.1.617.3) បច្ចុប្បន្នគឺជាប្រភេទ Covid-19 ដែលឆ្លងរាលដាលខ្លាំងនៅប្រទេសអង់គ្លេស។ មុននោះ វីរុស Alpha ឬហៅថា វីរុសបំប្លែងខ្លួនអង់គ្លេស ត្រូវបានរកឃើញនៅតំបន់ Kent ធ្លាប់បានធ្វើឱ្យអង់គ្លេស ត្រូវដាក់បម្រាមគោចរកាលពីខែមករា។
លោក Hancock ទទួលស្គាល់ថា វីរុស Covid-19 ប្រភេទ Delta «កំពុងធ្វើឱ្យការគណនា ត្រូវជួបឧបសគ្គច្រើន» ទាក់ទងនឹងការដកបទបញ្ជារឹតបន្តឹងការធ្វើដំណើររបស់រដ្ឋាភិបាល ដែលតាមគម្រោងនឹងត្រូវធ្វើឡើងនៅថ្ងៃទី21 ខែមិថុនាខាងមុខ។
រដ្ឋមន្ត្រីខាងលើ និយាយថា៖ «យើងនឹងពិនិត្យលើទិន្នន័យ ថែមមួយសប្ដាហ៍ទៀត ទើបធ្វើការសម្រេចចិត្តជាក្រោយ»។
«ការណែនាំផ្នែកវិទ្យាសាស្ត្រល្អបំផុត ដែលខ្ញុំទទួលបានក្នុងគ្រានេះ នោះគឺការចាក់វ៉ាក់សាំងមួយម្ជុល នឹងមិនអាចមានប្រសិទ្ធភាពក្នុងការការពារសុវត្ថិភាពនៅចំពោះមុខវីរុសបំប្លែងខ្លួន Dalta លើកលែងតែចាក់គ្រប់ពីរម្ជុល» លោក Hancock បញ្ជាក់ដូច្នេះ។
អង់គ្លេស បានចាក់វ៉ាក់សាំងបង្ការ Covid-19 គ្រប់ពីរម្ជុល ដល់ពលរដ្ឋពេញវ័យជាង 50% ស្មើនឹង 27លាននាក់ ខណៈជាង 40លាននាក់ បានចាក់ម្ជុលទីមួយ។ ប្រទេសនេះគឺជាសម្បុកវីរុសCovid-19 ធំជាងគេលំដាប់ទី7 ក្នុងពិភពលោក ដោយមានអ្នកវិជ្ជមានជាង 4.5លាននាក់ និងស្លាប់ជាង 472,000នាក់៕
ប្រភព៖ ABC
ប្រែសម្រួល៖ បុត្រា