វីរុស SARS-CoV-2 (Covid-19) នៅតែបន្តបំប្លែងខ្លួន ឬក្លាយពូជថ្មីជាហូរហែ។ អង្គការសុខភាពពិភពលោក (WHO) កំពុងតាមដានវីរុសបំប្លែងខ្លួនដែលបង្កគ្រោះថ្នាក់ខ្លាំងដល់សុខភាពមនុស្ស ក្នុងនោះ វីរុសCovid-19 បំប្លែងខ្លួនថ្មី ប្រភេទ B.1.617 ដែលត្រូវបានគេចាត់ទុកថាជាអ្នកនៅពីក្រោយមហាវិបត្តិសុខភាពនៅ ឥណ្ឌា កំពុងឆ្លងរាលដាលខ្លាំង បង្កឱ្យមានការព្រួយបារម្ភនៅទូទាំងពិភពលោក ក្នុងនោះមាន កម្ពុជា ផងដែរ។
កាលពីយប់ថ្ងៃទី5 ខែមិថុនា ឆ្នាំ2021 ក្រសួងសុខាភិបាល បានប្រកាសព័ត៌មានសំខាន់មួយ ស្តីពី ការរកឃើញវីរុសបំប្លែងខ្លួនថ្មី ប្រភេទ B.1.617 លើអ្នកជំងឺចំនួន 3រូប ដែលជាពលករ កម្ពុជា ត្រលប់មកពីប្រទេសថៃ។ ក្រសួងបានណែនាំឱ្យស្ថាប័នពាក់ព័ន្ធ យកចិត្តទុកដាក់បន្ថែម ទៅលើវិធានការទប់ស្កាត់នានា ឱ្យបានត្រឹមត្រូវ។
WHO បានចាត់វីរុសបំប្លែងខ្លួនប្រភេទ B.1.617 នេះ ទៅក្នុងក្រុម «បំប្លែងខ្លួន ដែលគួរយកចិត្តទុកដាក់» ព្រោះថា ពួកវាបង្កឱ្យមានការឆ្លងរាលដាលលឿន ឬបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ ដល់អ្នកដែលបានឆ្លងវីរុសប្រភេទនេះ។
Covid-19 បំប្លែងខ្លួនប្រភេទ B.1.617 ដែលត្រូវបានរកឃើញដំបូងនៅប្រទេស ឥណ្ឌា គឺជាវីរុសក្លាយពូជថ្មី ដែលបំប្លែងខ្លួនចេញពី Covid-19 ប្រភេទ B.1.1.7 របស់ អង់គ្លេស ជាមួយនឹងប្រភេទក្លាយពូជថ្មីរង ឬវ៉ារ្យ៉ង់រង (sub-variant) ចំនួន 3ទៀត រួមមាន B.1.617.1, B.1.617.2 និង B.1.617.3។
Covid-19 បំប្លែងខ្លួនថ្មី ប្រភេទ B.1.617 របស់ ឥណ្ឌា នេះ បានឆ្លងចូលដល់ប្រទេសជាង 50 ក្នុងពិភពលោក។
វីរុសCovid-19 ប្រភេទក្លាយពូជថ្មី B.1.617 មានប្រភេទបំប្លែងខ្លួនផ្សេងៗចំនួន 13ទៀត ក្នុងនោះមាន 2ប្រភេទដែលគួរយកចិត្តទុកដាក់ជាងគេ នោះគឺ L452R និង E484Q។
E484Q ស្រដៀងខ្លាំងទៅនឹងវីរុសបំប្លែងខ្លួនប្រភេទ E484K ដែលត្រូវបានរកឃើញនៅលើវីរុសCovid-19 ក្លាយពូជថ្មីមួយចំនួន នៅ អាហ្វ្រិកខាងត្បូង និងប្រេស៊ីល ដែលត្រូវគេហៅថា «វ៉ារ្យ៉ង់លាកខ្លួន» ព្រោះថា វាមានសមត្ថភាពគេចខ្លួនពីប្រព័ន្ធការពាររាងកាយរបស់អ្នកជំងឺ។ ដូច្នេះហើយ ទើបវាមានសញ្ញាបង្ហាញថា អ្នកដែលធ្លាប់បានឆ្លង Covid-19 នៅតែអាចឆ្លងម្ដងទៀត ចំពោះប្រភេទក្លាយពូជថ្មីនេះ ពិសេសគឺនៅពេលប្រព័ន្ធភាពស៊ាំរបស់រាងកាយមនុស្ស មានភាពទន់ខ្សោយ។
ចំណែកប្រភេទ L452R ជាប់ទាក់ទងនឹងការឆ្លងរាលដាលខ្លាំងនៅក្នុងរដ្ឋ California សហរដ្ឋអាមេរិក និងត្រូវបានគេចាត់ទុកថា ជាមូលហេតុដែលនាំឱ្យមានការឆ្លងរាលដាលលឿនជាង 20% បើធៀបនឹងរលកនៃការឆ្លងរាលដាលមុន។
ប្រការពិសេសផ្សេងទៀតដែលនាំឱ្យ B.1.617 ដែលទើបត្រូវបានរកឃើញនៅ កម្ពុជា ប្រែជាកាចសាហាវជាងគេ នោះគឺថា វាមិនត្រឹមតែអាចបង្កើតកូនចៅតាមរបៀប «ថត-ចម្លង» (copy-past) នៅក្នុងសួតនោះទេ ប៉ុន្តែ B.1.617 ថែមទាំងអាច «ស្នាក់នៅ» ក្នុងទីកន្លែងណាក៏បាន ដូចជានៅក្នុងបំពង់កជាដើម។ បញ្ហានេះហើយ ដែលធ្វើឱ្យល្បឿននៃការឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ លឿនជាងឆ្ងាយ បើធៀបនឹងបណ្ដាវ៉ារ្យ៉ាងដទៃ៕
ប្រភព៖ Newscientist, WHO, ក្រសួងសុខាភិបាល
ដកស្រង់ និងប្រែសម្រួល៖ បុត្រា