កាលពីថ្ងៃទី3 ខែមិថុនា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានប្រកាសព័ត៌មានលម្អិតស្ដីពីគម្រោងចែករំលែកវ៉ាក់សាំងបង្ការ Covid-19 ចំនួន 25លានដូសដំបូង ក្នុងចំណោម 80លានដូស ដែលលោកធ្លាប់បានប្រកាសនាពេលកន្លងថា នឹងផ្ដល់ឱ្យបណ្ដាប្រទេស និងដែនដីក្នុងពិភពលោក។
ក្នុងប្រកាសមួយ លោក Biden បានលើកឡើងថា ក្នុងចំណោមវ៉ាក់សាំង 25លានដូស ដែល សហរដ្ឋអាមេរិក ចែករំលែកដំបូង មានជិត 19លានដូសនឹងផ្ដល់ឱ្យបណ្ដាប្រទសក្រីក្រ តាមរយៈយន្តការ COVAX របស់អង្គការសុខភាពពិភពលោក។ ក្នុងនោះ ប្រហែល 6លានដូស នឹងផ្ដល់ឱ្យបណ្ដាប្រទេសនៅតំបន់អាមេរិកឡាទីន និងតំបន់ការីប៊ីន, ប្រហែល 7លានដូសសម្រាប់តំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍, ចំណែកជិត 5លានដូសទៀត សម្រាប់ទ្វីបអាហ្វ្រិក។ ក្រៅពីនេះ វ៉ាក់សាំងជាង 6លានដូសទៀត ក្នុងចំណោម 25លានដូសខាងលើ នឹងត្រូវបានចែករំលែកផ្ទាល់ដល់កាណាដា, ម៉ិកស៊ិក, ឥណ្ឌា និងកូរ៉េខាងត្បូង។
សូមបញ្ជាក់ថា វ៉ាក់សាំងប្រហែល 7លានដូស ដែលគ្រោងនឹងផ្ដល់ឱ្យតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ រួមមាន៖ ឥណ្ឌា, នេប៉ាល់, បង់ក្លាដែស, ប៉ាគីស្ថាន, ស្រីលង្កា, អាហ្វហ្គានីស្ថាន, ម៉ាឌីវ, ម៉ាឡេស៊ី, ហ្វីលីពីន, វៀតណាម, ឥណ្ឌូនេស៊ី, ថៃ, ឡាវ, ប៉ាពួញូហ្គីណេ, តៃវ៉ាន់ និងបណ្ដាកោះនៅមហាសមុទ្រប៉ាស៊ីហ្វិក។ កម្ពុជា មិនមាននៅក្នុងបញ្ជីឈ្មោះនេះទេ។
យោងតាមប្រកាសរបស់ សេតវិមាន វ៉ាក់សាំង 75% ក្នុងចំណោម 80លានដូស ដែលសហរដ្ឋអាមេរិក គ្រោងនឹងចែករំលែក នឹងត្រូវបានផ្ដល់ឱ្យយន្តការ COVAX។ ចំណែកនៅសល់ 25% ទៀត ទីក្រុងវ៉ាស៊ីងតោន នឹងផ្ដល់ឱ្យបណ្ដាប្រទេសកំពុងត្រូវការបន្ទាន់ បណ្ដាប្រទេសក្បែរខាងអាមេរិក និងបណ្ដាប្រទេសដែលបានស្នើសុំ អាមេរិក ឱ្យជួយ៕
ប្រភព៖ Business Insider
ប្រែសម្រួល៖ បុត្រា