មន្ត្រីជាន់ខ្ពស់មួយរូបរបស់ប្រទេសចិន ប្រហែលជាបានបង្ហើបឱ្យដឹងអំពីឈ្មោះ អាសយដ្ឋាន និងព័ត៌មានលម្អិត ទាក់ទងនឹងមនុស្សម្នាក់ ក្នុងចំណោមមនុស្សដំបូងៗ ដែលបានឆ្លងវីរុសCovid-19 នៅទីក្រុង Wuhan រយៈពេល 3ខែ មុនពេលអាជ្ញាធរប្រទេសនេះ ប្រកាសអំពីករណីឆ្លងវីរុសCovid-19 ដំបូងគេបង្អស់។
យោងតាមសារព័ត៌មាន Daily Mail (អង់គ្លេស) កំហុសឆ្គងដ៏គួរឱ្យភ្ញាក់ផ្អើលនេះ បានបង្ហើបឱ្យដឹងនៅក្នុងរូបភាពថតអេក្រង់ ដែលត្រូវបានផ្ញើទៅកាន់ទស្សនាវដ្ដីវេជ្ជសាស្ត្រចិន។ រូបភាពនេះ បានបង្ហាញអំពីស្ត្រីម្នាក់ មានវ័យ 61ឆ្នាំ ដែលត្រូវបានគេហៅថា «អ្នកជំងឺ Su» មានទីលំនៅដែលមានចម្ងាយប្រមាណ ប្រមាណ 1.6គីឡូម៉ែត្រ ពីទីតាំងស្រាវជ្រាវវីរុសសំខាន់មួយរបស់ទីក្រុង Wuhan។
ស្ត្រីនេះក៏រស់នៅក្បែរចំណតរថភ្លើង តាមបណ្ដោយផ្លូវដែកល្បឿនលឿន ដែលជាផ្លូវដ៏មានឥទ្ធិពលក្នុងការចម្លងវីរុសដល់ទីក្រុងដែលមានប្រជាជនជាង 11លាននាក់នេះផងដែរ។
ការរកឃើញថ្មីបំផុតនេះ ត្រូវបានបង្ហើបឱ្យដឹង តាមរយៈកិច្ចសម្ភាសមួយរបស់ទស្សនាវដ្ដីវេជ្ជសាស្ត្រ ជាមួយនឹងអ្នកវិទ្យាសាស្ត្រដែលទទួលខុសត្រូវក្នុងការប្រមូលទិន្នន័យផ្លូវការរបស់ប្រទេសចិន ទាក់ទងនឹងអ្នកជំងឺ។
នៅក្នុងកិច្ចសម្ភាសជាមួយនឹង Health Times លោក Yu Chuanhua សាស្ត្រាចារ្យផ្នែកស្ថិតិជីវសាស្ត្រប្រចាំសាកលវិទ្យាល័យ Wuhan ឱ្យដឹងថា មាន 47,000ករណី នៅក្នុងទិន្នន័យជាតិ ត្រូវបានបញ្ជាក់ និងសង្ស័យថា បានឆ្លង Covid-19 គិតត្រឹមចុងខែកុម្ភៈ ឆ្នាំ2020។ ក្នុងចំណោមនោះ មានករណីស្លាប់ 1នាក់ កាលពីចុងខែកញ្ញា ឆ្នាំ2019។
លោក Yu Chuanhua និយាយថា៖ «មានទិន្នន័យស្ដីពីអ្នកជំងឺម្នាក់ ដែលបានឈឺកាលពីថ្ងៃទី29 ខែកញ្ញា (2019)។ ទិន្នន័យបង្ហាញថា អ្នកជំងឺនេះមិនត្រូវបានគេធ្វើតេស្ត nucleic និងធ្វើរោគវិនិច្ឆ័យ។ នេះ ទំនងជាករណីឆ្លង Covid-19។ អ្នកជំងឺនេះ បានបាត់បង់ជីវិត។ ទិន្នន័យនេះក៏មិនទាន់ត្រូវបានផ្ទៀងផ្ទាត់នៅឡើយ»។
ទិន្នន័យក៏បង្ហាញអំពីករណីសង្ស័យឆ្លង Covid-19 ចំនួន 2នាក់ ផ្សេងទៀត ដែលត្រូវបានរាយការណ៍ដល់ក្រុមវេជ្ជបណ្ឌិត នៅ Wuhan កាលពីថ្ងៃទី14 និង 21 ខែវិច្ឆិកា ឆ្នាំ2019 រួមជាមួយនឹងករណីមួយចំនួនទៀត មុនថ្ងៃទី8 ខែធ្នូ 2019 ជាពេលដែលចិន រាយការណ៍ទៅកាន់អង្គការសុខភាពពិភពលោក អំពីពីករណីឆ្លងជំងឺCovid-19 ដំបូង។
អត្ថបទរបស់ Health Times ដែលបានបង្ហាញអំពីរូបភាពថតអេក្រង់ព័ត៌មានរបស់អ្នកជំងឺ Covid-19 2ករណីដំបូង នៅក្នុងខែវិច្ឆិកា ឆ្នាំ2019 ដែលបានមកពីមូលដ្ឋានទិន្នន័យរបស់សាស្ត្រាចារ្យ Yu Chuanhua បើទោះត្រូវបានធ្វើឱ្យស្រអាប់ ប៉ុន្តែ នៅតែមើលឃើញព័ត៌មានខ្លះៗ រួមទាំងឈ្មោះមន្ទីរពេទ្យ និងអាសយដ្ឋានរបស់អ្នកជំងឺផងដែរ។
ព័ត៌មានបង្ហាញថា អ្នកជំងឺ Su បានទទួលការព្យាបាលនៅមន្ទីរពេទ្យ Rongjun នាទីក្រុង Wuhan។ ចំណែកអាសយដ្ឋានទីលំនៅ និងមន្ទីរពេទ្យរបស់អ្នកជំងឺនេះគឺ សុទ្ធតែស្ថិតក្នុងខណ្ឌ Hongshan នៃទីក្រុង Wuhan ជាកន្លែងដែលមានបន្ទប់ពិសោធន៍ជាច្រើន ដែលស្រាវជ្រាវអំពីវីរុស SARS-CoV-2 ទាក់ទងនឹងសត្វប្រចៀវ។
តំបន់ដែលអ្នកជំងឺ Su រស់នៅ និងព្យាបាល មានចម្ងាយជាង 20គីឡូម៉ែត្រ ពីផ្សារបោះដុំគ្រឿងសមុទ្រ Huanan (Huanan Seafood Wholesale Market) ជាកន្លែងដែលទីក្រុងប៉េកាំងចាត់ទុកថាជា ប្រភពចម្លង Covid-19 ដំបូងគេ។ អ្នកជំងឺទីពីរ ដែលត្រូវបានរកឃើញឆ្លងវីរុសក្នុងខែវិច្ឆិកា ឆ្នាំ2019 គឺជាបុរសវ័យ 62ឆ្នាំ ឈ្មោះ Wang ទទួលការព្យាបាលនៅមន្ទីរពេទ្យ Hanyang។
យ៉ាងនេះក្ដី សាស្ត្រាចារ្យ Yu Chuanhua បានស្នើឱ្យដកអត្ថបទដែលបានចុះផ្សាយនៅលើទំព័រទស្សនាវដ្ដី ដោយបញ្ជាក់ថា ពេលវេលាដែលបានសរសេរក្នុងអត្ថបទ មានកំហុសឆ្គង ហើយករណីសង្ស័យផ្សេងទៀត នៅមុនថ្ងៃទី8 ខែធ្នូ ឆ្នាំ2019 ត្រូវការផ្ទៀងផ្ទាត់បន្ថែម។
សេចក្ដីលម្អិត ត្រូវបានរកឃើញដោយ Gilles Demaneuf សមាជិកម្នាក់របស់ក្រុមសកម្មជនឌីជីថល Drastic ដែលបានរកឃើញការពិតជាច្រើនដែលត្រូវបានចាត់ទុកថា ផ្ទុយទៅនឹងសម្មតិកម្មរបស់រដ្ឋាភិបាលចិន ដែលថា Covid-19 ជាជំងឺឆ្លងពីសត្វ។
ក៏ប៉ុន្តែ ចិន បានទាត់ចោលព័ត៌មានខាងលើទាំងស្រុង ដោយអះអាងទៅតាមក្រុមស្រាវជ្រាវរបស់ WHO ដែលបានសន្និដ្ឋានថា លទ្ធភាពដែលវីរុស លេចធ្លាយចេញពីបន្ទប់ពិសោធន៍ គឺពិតជា «ពិបាកកើតឡើង»៕
ប្រភព៖ Daily Mail
ប្រែសម្រួល៖ បុត្រា