អង្គការសុខភាពពិភពលោក (WHO) ប្រកាសដាក់ឈ្មោះឱ្យបណ្ដាវីរុស Covid-19 ក្លាយពូជថ្មី ទៅតាមអក្ខរក្រមភាសាក្រិក ជំនួសឱ្យការហៅឈ្មោះទៅតាមទីកន្លែងដែលពួកវាបង្ហាញវត្តមានជាលើកដំបូង។
ពិភពលោកទាំងមូល គិតមកដល់ថ្ងៃទី1 ខែមិថុនា ឆ្នាំ2021 បានរកឃើញអ្នកឆ្លងវីរុសCovid-19 សរុបចំនួន 171,464,349នាក់ ក្នុងនោះមានអ្នកស្លាប់ 3,564,976នាក់, អ្នកជាសះស្បើយចំនួន 153,743,106នាក់ និងអ្នកកំពុងសម្រាកព្យាបាលសរុបចំនួន 14,156,267នាក់។ នេះបើតាមទំព័រ័រ Worldometers។
អង្គការសុខភាពពិភពលោក កាលពីថ្ងៃទី31 ខែឧសភា បានប្រកាសអំពីវិធីដាក់ឈ្មោះថ្មី សម្រាប់បណ្ដាវីរុសCovid-19 ដែលបានបំប្លែងខ្លួន ដោយការប្រើប្រាស់អក្ខរក្រមរបស់ភាសាក្រិក ជំនួសឱ្យការហៅទៅតាមទីតាំងដែលពួកវាបានបង្ហាញវត្តមានដំបូង។ «មិនមានប្រទេសណាមួយ ដែលត្រូវរងការរើសអើង ដោយសារតែបានរកឃើញ និងរាយការណ៍អំពីវីរុសក្លាយពូជថ្មីនោះឡើយ» Maria Van Kerkhove ប្រធានក្រុមអ្នកបច្ចេកទេសរបស់ WHO ទទួលបន្ទុក Covid-19 បានបង្ហោះសារដូច្នេះនៅលើទំព័រ Twitters។
យោងតាមរបៀបដាក់ឈ្មោះថ្មី វីរុសក្លាយពូជថ្មី ឬបំប្លែងខ្លួន ដែលកើតមាននៅប្រទេសអង់គ្លេស (B.1.1.7) ត្រូវបានហៅថា «Alpha», Covid-19 បំប្លែងខ្លួនថ្មីនៅប្រទេសអាហ្វ្រិកខាងត្បូង (B.1.351) ត្រូវហៅថា «Beta», Covid-19 ក្លាយពូជថ្មីនៅ ប្រេស៊ីវីរុស (P1) ត្រូវហៅថា «Gamma»,
B.1.617.2 នៅ ឥណ្ឌា ហៅថា «Delta»។ ចំណែកបណ្ដាវីរុសCovid-19 ក្លាយពូជថ្មីដែលគួរឱ្យយកចិត្តទុកដាក់ផ្សេងទៀត នឹងត្រូវបានដាក់ឈ្មោះចាប់ពី «Epsilon» រហូតដល់ «Kappa»។
ក្រុមប្រឹក្សាជំនាញរបស់ WHO បានឱ្យដឹងថា វីធីសាស្ត្រដាក់ឈ្មោះតាមបែបថ្មីនេះ មានភាពងាយស្រួលក្នុងការហៅ និងជាក់ស្ដែងជាង សម្រាប់អ្នកដែលមិនធ្វើការនៅក្នុងវិស័យវិទ្យាសាស្ត្រ។ WHO បានបញ្ជាក់ថា វិធីដាក់ឈ្មោះបែបថ្មីនេះ ក៏មិនជំនួសឱ្យឈ្មោះដែលដាក់តាមបែបវិទ្យាសាស្ត្រនោះឡើយ និងបានឱ្យដឹងថា ឈ្មោះតាមបែបវិទ្យាសាស្ត្រ «នឹងនៅតែបន្តប្រើប្រាស់នៅក្នុងកិច្ចការសិក្សាស្រាវជ្រាវដដែល»។
នៅក្នុងពិធីបិទសន្និបាតនៃក្រុមប្រឹក្សាសុខភាពពិភពលោក លើកទី74 កាលពីថ្ងៃទី31 ខែឧសភា ប្រធាន WHO លោក Tedros Adhanom Ghebreyesus បានឱ្យដឹងថា មានកិច្ចការជាច្រើនដែលត្រូវធ្វើ ដើម្បីបញ្ចប់មហារោគរាតត្បាត Covid-19 ព្រមទាំងបានព្រមានឱ្យមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ។
«យើងមានអារម្មណ៍ថា ត្រូវបានលើកទឹកចិត្ត នៅពេលដែលករណីឆ្លង និងស្លាប់ថ្មី លើពិភពលោក បន្តថយចុះ ប៉ុន្តែ នឹងជារឿងខុសឆ្គងធំ បើសិនប្រទេសណាមួយ គិតថា គ្រោះអាសន្នបានកន្លងផុតទៅហើយ» លោក Tedros បានថ្លែងដូច្នេះ៕
ប្រភព៖ CNN, Worldometers
ប្រែសម្រួល៖ បុត្រា