ឥណ្ឌា៖ សាសនិកហិណ្ឌូជាច្រើន បាននាំគ្នាមកបួងសួងជារៀងរាល់ថ្ងៃ នៅវិហារមួយដែលស្ថិតក្នុងរដ្ឋ Tamil Nadu ជាកន្លែងដែលមានរូបសំណាកអាទិទេពថ្មីមួយទៀតរបស់ពួកគេ នោះគឺ Corona។
ទីភ្នាក់ងារសារព័ត៌មានបារាំង AFP បានឱ្យដឹងថា រូបសំណាកអាទិទេព Corona មួយអង្គ បានបង្ហាញខ្លួននៅក្នុងទីក្រុង Coimbatore ក្នុងគ្រាប្រទេសឥណ្ឌាជួបបញ្ហាលំបាកខ្លាំង ដោយសារតែរលកនៃការវាយប្រហារលើកទីពីររបស់វីរុសCovid-19។
វិហារ Kamatchipuri Adhinam ត្រូវបានបិទទ្វារក្នុងពេល Covid-19 ឆ្លងរាលដាលខ្លាំងនៅទីក្រុង Coimbatore ប៉ុន្តែ អ្នកកាន់សាសនាហិណ្ឌូជាច្រើន នៅតែមកកាន់ទីនេះដើម្បីបួងសួងនៅចំពោះមុខរូបសំណាកអាទិទេព Corona។ នៅខាងមុខរូបសំណាកអាទិទេព Corona ក៏មានរូបសំណាកវីរុសCorona ចំនួនពីរផងដែរ ក្នុងនោះមាន មួយធ្វើអំពីថ្ម និងមួយទៀតធ្វើអំពីឈើក្រអូប។
មូលហេតុដែលនាំឱ្យសាសនិកហិណ្ឌូ គោរពអាទិទេព Corona នេះ ត្រូវបានគេជឿថា ដើម្បីបួងសួងសុំបញ្ចប់មហារោគរាតត្បាត Covid-19 ឱ្យបានឆាប់រហ័ស។
គិតមកដល់ព្រឹកថ្ងៃទី29 ខែឧសភា ឥណ្ឌា បានរកឃើញអ្នកឆ្លងវីរូសCovid-19 សរុបចំនួន 27,719,431នាក់ ក្នុងនោះមាន 322,384នាក់បានស្លាប់, 25,170,952នាក់ បានជា និង 2,226,095នាក់ កំពុងទទួលការព្យាបាល៕
ប្រភព៖ AFP,
ប្រែសម្រួល៖ បុត្រា