មន្ត្រីស៊ើបការណ៍សម្ងាត់របស់ សហរដ្ឋអាមេរិក បានរាយការណ៍ប្រាប់ សេតវិមាន ថា ពួកគេមានភ័ស្ដុតាងជាច្រើនដែលមិនទាន់ត្រូវបានត្រួតពិនិត្យ ទាក់ទិននឹងប្រភពរបស់វីរុសCovid-19 ហើយថា នឹងវិភាគឱ្យបានច្បាស់លាស់។
សារព័ត៌មាន New York Times កាលពីថ្ងៃទី27 ខែឧសភា បានរាយការណ៍ថា ភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក គ្រោងនឹងធ្វើការវិភាគលើកុំព្យូទ័រ ដើម្បីស្វែងយល់ឱ្យដឹងថា តើវីរុសCovid-19 ពិតជាត្រូវបានគេធ្វើឱ្យលេចធ្លាយចេញពីបន្ទប់ពិសោធន៍នៅ Wuhan ដោយអចេតនា ឬយ៉ាងណា និងដើម្បីតាមដានសកម្មភាពរបស់ក្រុមអ្នកវិទ្យាសាស្ត្រនៅមន្ទីរពិសោធន៍ រួមនឹងការពិនិត្យលើរបៀបដែលវីរុសនេះ ផ្ទុះឆ្លងរាលដាល។ យ៉ាងនេះក្ដី ក្រុមភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក មិនបានបញ្ជាក់សម្អិតពីភ័ស្ដុតាង ឬប្រភេទនៃការវិភាគលើកុំព្យូទ័រដែលពួកគេនឹងប្រើប្រាស់។
មន្ត្រីជាន់ខ្ពស់ម្នាក់ បាននិយាយថា រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងពិនិត្យលើបន្ទប់ពិសោធន៍នានានៅថ្នាក់ជាតិ និងប្រភពធនធានវិទ្យាសាស្ត្រដែលមុននេះមិនទាន់បានចូលរួមស្វែងរកប្រភពរបស់វីរុសCovid-19។
សេតវិមាន និងការិយាល័យប្រធានស្ថាប័នស៊ើបការណ៍ជាតិ (ODNI) មិនទាន់មានអធិប្បាយអ្វីទាក់ទិននឹងព័ត៌មានខាងលើនៅឡើយ។
ODNI កាលពីថ្ងៃទី27 ខែឧសភា បានឱ្យដឹងថា ក្រុមភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ សហរដ្ឋអាមេរិក បាននិយាយថា មានសម្មតិកម្មចំនួនពីរ ស្ដីពីប្រភពរបស់វីរុសCovid-19 រួមមាន ទីមួយទាក់ទិននឹងការប៉ះពាល់រវាងមនុស្សនិងសត្វដែលមានផ្ទុកវីរុស និងទីពីរគឺ គ្រោះថ្នាក់នៅក្នុងបន្ទប់ពិសោធន៍។
ប៉ុន្តែ ODNI បានបញ្ជាក់ថា «ក្រុមភ្នាក់ងារសម្ងាត់អាមេរិក មិនបានដឹងច្បាស់ថា ទីណា ពេលណា ឬតាមរបៀបណា ទើបវីរុសCovid-19 ចាប់ផ្ដើមឆ្លងរាលដាលនោះទេ ប៉ុន្តែ ពួកគេបានប្រមូលផ្ដុំជាសេណារីយោចំនួនពីរ ដែលអាចកើតឡើង»។
សេណារីយោ «វីរុសរួចចេញពីបន្ទប់ពិសោធន៍» បានធ្វើឱ្យមានចំណាប់អារម្មណ៍ឡើងវិញ ក្រោយពីសារព័ត៌មាន Wall Street Journal កាលពីថ្ងៃទី23 ខែឧសភា បានដកស្រង់របាយការណ៍មិនទាន់ត្រូវបានប្រកាស របស់ភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក និយាយថា «អ្នកជំនាញចំនួន 3រូប នៃមន្ទីរពិសោធន៍វីរុសសាស្ត្រ Wuhan បានចូលទទួលការព្យាបាលនៅមន្ទីរពេទ្យ កាលពីខែវិច្ឆិកា ឆ្នាំ2019 ដោយមានជំងឺដែលមានរោគសញ្ញាដូច Covid-19 និងជំងឺផ្ដាសាយតាមរដូវ នៅមុនពេល Covid-19 ផ្ទុះឆ្លងរាលដាលនៅទីក្រុង Wuhan។ ក៏ប៉ុន្តែ រដ្ឋាភិបាលចិន បានច្រានចោលព័ត៌មាននេះ ដោយអះអាងថា «ពុំមានអ្នកជំនាញណាម្នាក់ ត្រូវចូលពេទ្យសោះឡើយ»៕
ប្រភព៖ NY Times
ប្រែសម្រួល៖ បុត្រា